ព័ត៍មានទាន់​ហេតុការណ៏
Search

វណ្ណ វ​ល័​ក្ខ ចាយ​លុយ​ជិត​ ១០​​ម៉ឺន​ដុល្លារ ​ប្ដូរ​យក​រថយន្ត​ស៊េរី​ថ្មី​

ភ្នំពេញ ​៖​ កញ្ញា វណ្ណ វ​ល័​ក្ខ គឺជា​តារា​សម្ដែង​ស្រី​មួយ​ដួង​ ​ដែល​មាន​ការ​គាំទ្រ​ច្រើន ​ពី​សំណាក់​ទស្សនិកជន​ ពិសេស​ពី​សំណាក់​ស្រទាប់​មិត្ត​ៗ​យុវវ័យ​ ហើយ​នាង​ក៏​ជា​តារា​ស្រី​ ដែល​ធ្លាប់​ទទួលរង​នូវ​ព្យុះភ្លៀង នូវ​ព័ត៌មាន​អាស្រូវ​ច្រើន​គួរសម​ផង​ដែរ​​ ទៅ​លើ​ការ​ស្លៀកពាក់​ ​​បញ្ចេញ​ភាព​សិច​ស៊ី​​ ​និង​រឿងរ៉ាវ​ស្នេហា​ក្រៅ​ឆាក។

ថ្វីត្បិតតែ​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ តែង​ជួបប្រទះ ​និង​ទទួលរង​នូវ​រឿងរ៉ាវ​អាស្រូវ ​ជាច្រើន​​​បែបនេះ​ក៏​ពិតមែន តែ​ការ​គាំទ្រ​ និង​ប្រជាប្រិយភាព​លេច​ធ្លោ​លើ​ទីផ្សារ​របស់​នាង​ ហាក់​ពុំបាន​បាក់​ស្រុត​ចុះ​អន់​ថត​នោះ​ឡើយ។ ផ្ទុយទៅវិញ​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ កញ្ញា វណ្ណ វ​ល័​ក្ខ បែរជា​មាន​យីអ៊ុន​ឡើង​ខ្ពស់​ស្រឺ​តៗ​ដូចជា​កាំជណ្ដើរ​ទៅវិញ​ ស្រប​ពេល​ទីផ្សារ​​​សម្ដែង​របស់​នាង​បច្ចុប្បន្ន​ ក៏​កំពុង​មាន​ភាព​លេច​ធ្លោ​ជាង​មុន​ ​​ចំណែក​ឯ​ជីវិត​រស់នៅ​ឯកជន​ផ្ទាល់ខ្លួន​ខាងក្រៅ​ ក៏​កាន់តែ​មាន​ភាព​ហ៊ឺហា​ខ្លាំង​ផង​ដែរ​នោះ។

ជាក់ស្ដែង​តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ខាង​​បញ្ចេញ​ដើមទ្រូង​គួរ​ឲ្យ​ក្នាញ់​កញ្ញា វណ្ណ វ​ល័​ក្ខ ​​ថ្មីៗ​នេះ ​នាង​ទើប​ប្តូរ​មក​ជិះ​រថយន្ត​ស៊េរី​ថ្មី​ម៉ា​Lang Cruiser តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ​មួយ​គ្រឿង។ ប៉ុន្តែ​គេ​សង្ស័យ​ថា​អាចជា​កាដូ​ផ្គាប់ចិត្ត​ពី​សំណាក់​បុរស​កំណាន់ចិត្ត​ណា​ម្នាក់។

ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​តារា​សម្ដែង​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយថា ​នាង​ពិតជា​បាន​ប្តូរ​រថយន្ត​ចាស់​ចោល ​និង​ទិញ​បាន​រថយន្ត​ស៊េរី​ថ្មី​ម៉ាក ​Lang Cruiser ពណ៌​ស​តម្លៃ​៧​ម៉ឺន​ដុល្លារ​មែន។ ប៉ុន្តែ​សម្រាប់​លុយ​ ដែល​នាង​ចំណាយ​លើ​ការទិញ​រថយន្ត​ថ្មី​នេះ​ គឺ​ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​កាដូ​ ​ឬ​ការ​ជួយឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់​នោះ​ឡើយ ​វា​ជា​លុយ​ផ្ទាល់ខ្លួន ​ដែល​សន្សំ​បាន​ពី​ការងារ​សិល្បៈ​តែប៉ុណ្ណោះ៕