ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ា​នី នី​ឡា បាន​ត្រឹមតែ​ពោល​ពាក្យ​ជូនពរ​ ខណៈ​អតីត​គូ​ដណ្តឹង​ភ្ជាប់ពាក្យ​ជាមួយ​នារី​ថ្មី

ភ្នំពេញ​ ៖​ តារា​កំប្លែង​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា នា​ឱកាស​ដែល​អតីត​គូ​ដណ្តឹង​ លោក ផន រង្សី រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​នារី​គូស្នេហ៍​ថ្មី​ ដែល​មាន​ស្រុកកំណើត​ជាមួយគ្នា​នោះ ​ភ្លាមៗ​គេ​សង្កេតឃើញ​តារា​កំប្លែង​ស្រី​រូប​នេះ​ បាន​ត្រឹមតែ​ពោល​ពាក្យ​ជូនពរ​ចំពោះ​ចំណងស្នេហា​របស់​អ្នក​ទាំងពីរ​។

អតីត​គូ​ដណ្តឹង​របស់​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា គឺ​លោក​ផន រង្សី ត្រូវជា​កូន​ថៅកែ​ល្ខោនបាសាក់​ប្រចាំ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​ បាន​ប្រកាស​ដោយ​បើកចំហ​នូវ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​អត​នា​គត​ភរិយា​វ័យក្មេង​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​បុគ្គល​ម្នាក់​រស់នៅ​ភូមិ​ស្រុក​ជាមួយគ្នា​។

ពិធី​ភ្ជាប់ពាក្យ​របស់​លោក ផន រង្សី គឺ​មាន​ការចូលរួម​អបអរ​និង​ដឹងឮ​ពី​សំណាក់​ឪពុក ម្តាយ សាច់ញាតិ និង​ចាស់ទុំ​ទាំងសងខាង​ផង​ដែរ​។​ ចំណែក​គូស្នេហ៍​ថ្មី​របស់​អតីត​គូស្នេហ៍​កញ្ញា វ៉ាន់ នី​ឡា រូបនោះ​មានឈ្មោះ ហ៊ុន អា​ប៉ូ ខណៈ​នារី​រូបនេះ​ក៏​ត្រូវ​បាន​ប្រភព​បង្ហើប​ថា ​ក៏​ជា​កូនស្រី​អ្នកមាន​ទ្រព្យធន​គ្រាន់បើ​ប្រចាំ​ស្រុក​នោះ​ទៀតផង។

ដោយឡែក​ងាក​មក​ចាប់អារម្មណ៍​លើ​អតីត​គូស្នេហ៍​របស់​លោក ផន រង្សី គឺ​កញ្ញា វ៉ាន់ នី​ឡា ឯណោះ​វិញ​ ស្រប​ពេល​ដែលមាន​ការទម្លាយ​ព័ត៌មាន​ជា​សាធារណៈ​អំពី​ពិធី​ភ្ជាប់ពាក្យ​របស់​គូស្នេហ៍​ចាស់​នោះ​គឺ​គេ​ពុំបាន​សង្កេតឃើញ​នាង​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​ឬ​ខូចចិត្ត​នោះឡើយ​។ ផ្ទុយ​មកវិញ​តារា​កំប្លែង​ស្រី​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា បាន​បញ្ចេញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​តាមរយៈ​ការផ្ញើ​សារ​ជូន​ពរ​ដោយ​ខ្លី​ថា​ ជូនពរ​អ្នក​ទាំងពីរ​ឲ្យ​មាន​សុភមង្គល។

ជាមួយគ្នា​នៃ​ការ​បញ្ចេញ​សារ​របស់​តារា​កំប្លែង​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​និង​លើកឡើងថា​ ពិតជា​សារ​ជូនពរ​ដ៏​មានន័យ​ខ្លាំង​ណាស់ ដែល​នាង​បង្វែរ​ពី​ការ​ខូចចិត្ត​មក​ជា​ការ​រាប់អាន​ឬ​មិត្តភាព​បែបនេះ​៕