ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង ​ដាក់គុក​អតីត​មេដឹកនាំ​ចារកម្ម​ពី​បទ​សូកប៉ាន់​អតីត​ប្រធានាធិបតី

អតីត​ប្រមុខ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងត្បូង ៣ នាក់​ ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នា​ថ្ងៃ​សុក្រ​ពីបទ​សូកប៉ាន់​អតីត​ប្រធានាធិបតី​លោកស្រី Park Geun-hye ជាមួយនឹង​ទឹកប្រាក់​រាប់លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស។

អ្នក​ទាំង ៣ នាក់​នេះ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ផ្តល់ប្រាក់​សរុប ៣,៥ ពាន់​លាន​វ៉ុ​ន (៣,២ លាន​ដុល្លារ​) ទៅ​ឲ្យ​លោកស្រី Park ខណៈដែល​ពួកគេ​ម្នាក់ៗ​បម្រើការ​ជា​ប្រមុខ​នៃ​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ (NIS) ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៦។​

តុលាការ​ទីក្រុង​សេអ៊ូល​​ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មូលនិធិ​សកម្មភាព​ពិសេស​របស់ NIS គួរតែ​ត្រូវ​បាន​ចំណាយ​ទៅលើ​ការ​ប្រមូល​ព័ត៌មាន​សម្ងាត់។ ក្នុងចំណោម​អតីត​ប្រធាន NIS បីនាក់​លោក Lee Byung-kee និង​លោក Lee Byung-ho ត្រូវបាន​ដាក់ទោស​រយៈ​ពេល ៣ ឆ្នាំកន្លះ។​
​បុរស​ទី​បី​គឺ​ឈ្មោះ Nam Jae-Joon ត្រូវបាន​គេ​កាត់ទោស​ឲ្យ​ជាប់គុក​បី​ឆ្នាំ។ លោក Nam ត្រូវបាន​ជាប់គុក​រួច​ទៅហើយ​រយៈពេល ៤២ ខែ​នៅក្នុង​ខែឧសភា​សម្រាប់​ការរារាំង​ព្រះរាជអាជ្ញា​ស៊ើបអង្កេត​ការ​ជ្រៀតជ្រែក​ដោយ NIS នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២។

ព្រះរាជអាជ្ញា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ក៏បាន​ទាមទារ​ឲ្យ​មានការ​ជាប់គុក ១២ ឆ្នាំ​បន្ថែម​ទៀត​សម្រាប់​លោកស្រី Park ពី​បទ​ទទួលយក​មូលនិធិ NIS ជា​ការ​សូកប៉ាន់។

បច្ចុប្បន្ន​លោកស្រី​កំពុង​ជាប់គុក​រយៈពេល ២៤ ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ពិន័យ​ជា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​ការស៊ីសំណូក និង​ការ​រំលោភបំពាន​អំណាច​នៅ​ក្នុង​ករណី​ពុករលួយ​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​លោកស្រី​ធ្លាក់​ពី​តំណែង៕ REUTERS