ព័ត៍មានទាន់​ហេតុការណ៏
Search

Messi​ធ្វើ​ឲ្យ​មានការ​ទាក់ទាញ​ខ្លាំង​នៅ​ទីក្រុង Bronnitsy ជាទី​ដែល​ក្រុម​ជម្រើសជាតិ​បោះជំរំ

ការមកដល់​របស់​កីឡាករ Lionel Messi នៅ​ទីក្រុង Bronnitsy ដែលជា​ទីក្រុង​ដ៏​ស្ងាត់ជ្រងំ​មួយ​មាន​ពលរដ្ឋ​រស់នៅ​ត្រឹម​២​ម៉ឺន​នាក់ ចម្ងាយ​ប្រហែល​៥០​គ​.​ម​ភាគ​និរតី​ទីក្រុង​មូ​ស្កូ បានធ្វើ​ឲ្យ​មានការ​ទាក់ទាញ​មកកាន់​ទីកន្លែង​ដែល​ល្បីល្បាញ​បំផុត​សម្រាប់​ព្រះវិហារ Archangel Michael ។

ទង់​មាន​រូប​កីឡាករ Messi​ត្រូវបាន​គេ​ចង​ព្យួរ​តាម​របង ខណៈដែល​រូប​ប៉ាណូ​ដ៏​ធំ​មួយទៀត​របស់​តារាបាល់ទាត់​ក្លិប Barcelona​ម្នាក់នេះ​ត្រូវបាន​គេ​ពាក់​នៅជាប់​នឹង​ប៉ម​អគារ​ពីលើ​ប្រជាពលរដ្ឋ​ក្រុង Bronnitsy។

ក្រុម​អ្នកគាំទ្រ​ប្រមាណ​ជា​៤០០​នាក់ បាន​ជួបជុំគ្នា​នៅ​ជុំវិញ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ទស្សនាការ​ហ្វឹកហាត់​លើកដំបូង​របស់​ក្រុម ដែល​ម្នាក់ៗ​សុទ្ធតែ​បាន​ផ្តោត​សំខាន់​មកលើ​កីឡាករ Messi​។​

គ្មាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ស្រែក​ឈ្មោះ “Aguero”, “Mascherano” ឬក៏​”Higuain នោះទេ។ ពួកគេ​ទាំងអស់​រង់ចាំតែ​កីឡាករ Messi​ម្នាក់​គត់ ហើយ​ពួកគេ​ចាប់ផ្តើម​ស្រែក​ឈ្មោះ​របស់គាត់ ពេលដែល​គាត់​ចេញមក​ហ្វឹកហាត់​។​

ពួកគេ​បាន​ស្រែកថា​”Messi! Messi!” និង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ពី​ម្ចាស់​ពានរង្វាន់​បាល់​មាស Ballon d’Or ៥​ជំនាន់​ម្នាក់នេះ​ទៀតផង​៕