ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​២០០​នាក់​ដោយ​ឥតគិតថ្លៃ​នៅ​សង្កាត់​ក្រាំងធ្នង់

ភ្នំពេញ ​៖​ លោក​​​វេជ្ជសាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​នៃ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខណ្ឌ​សែន​សុខ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០១៨ ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​មកពី​តាម​បណ្តា​ភូមិ​នានា​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

លោក សាស្ត្រាចារ្យ លូ​លី​ឃាង​ ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ក្រាំងធ្នង់​និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​មានប្រសាសន៍ថា ​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​រាជរដ្ឋាភិបាល​ ដែល​មាន​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​ជា​ប្រធាន​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ ជាច្រើន​មុខ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​ដោយ​ឥតគិតថ្លៃ​ប្រមាណ​ជា​២០០​នាក់​ក្នុង​នោះ​រួមមាន​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ បំពង់ក​និង​ជំងឺ​ទូទៅ មួយចំនួនទៀត។​

លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ គោលបំណង​ក្នុង​ការ​ចុះ​មក​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ ហើយក៏​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការ​លំបាក​ និង​ការ​ចំណាយ​របស់​ពួកគាត់​ផងដែរ​ ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ វ័យ​ចាស់​ជរា ស្ត្រី​មេម៉ាយ​ជាដើម។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ​ក្នុង​ករណី​អ្នកជំងឺ ​ដែល​ត្រូវ​វះកាត់​នឹង​​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ព្រោះថា​ការព្យាបាល​នេះ​គឺ​មើល​ទៅលើ​ជំងឺ​ស្រាលៗ​ប៉ុណ្ណោះ​។​

មានប្រសាសន៍​សំណេះសំណាល នា​ឱកាស​នោះ​លោក​វេជ្ជសាស្ត្រាចារ្យ​​​ម៉ម ប៊ុនហេង​ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​លោកតា​លោកយាយ​មាមីង​ពូ​និង​ក្មួយៗ​ដែល​បាន​អញ្ជើញ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅទីនេះ​ ព្រោះថា​សម្តេច​តែងតែមាន​ក្តីកង្វល់​ខ្លាំងណាស់​ចំពោះ​សុខទុក្ខ​និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង។

លោក​វេជ្ជសាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង​ បាន​បន្ត​ថា « ការចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​យើង ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល ដល់​ប្រជាជន​កាន់តែច្រើន ក្នុងការ​ការពារ​សុខ​ភាព ឲ្យ​បាន​កាន់តែ​ប្រសើរ ដូច្នេះ​សូម​មក​ទទួលយក​នូវ​សេវា​កម្ម​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ពិសេស​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​បម្រើ​សេវាកម្ម ជូន​ដល់​ប្រជាពលរដ្ឋ យើង​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត ពេលដែល​យើង​មក​ពិនិត្យ​ព្យាបាល​នៅក្រោយ​ទៀត​» ។​

លោក រដ្ឋមន្ដ្រី​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម នៅក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ដោយ​ត្រូវធ្វើ​អនាម័យ​នៅតាម​លំនៅដ្ឋាន​ឲ្យ​បាន​ស្អាត​លុបបំបាត់​របស់​ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កង់ឡាន ដូង កង់​ជាដើម​ព្រោះ​វត្ថុ​ទាំងនេះ​ជា​ប្រភព​កកើត​នៃ​ដង្កូវទឹក​ទៅជា​មូស​ខ្លា​ដែ ល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​។​

ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​មន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មិនត្រូវ​បរិភោគ​ចំណីអាហារ​ណា​ដែលមាន​ជាតិ​ប្រៃ ជាតិ​ខ្លាញ់​និង​ផ្អែម​ពេក​នោះទេ​ ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺតម្កាត់​ផ្សេងៗ​ដូចជា​ជំងឺ​ធាត់ លើសឈាម​ឬ ជំងឺ​បេះដូង​និង​ទឹកនោមផ្អែម​។​

ជា​ចុងក្រោយ​លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​ខាងមុខ​នេះ ហើយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិតនៅ​លេខ​រៀង​ទី​២០​ដើម្បី​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ​​ប្រទេស​ជា​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114