ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម នឹង​កាត់ទោស​ជនជាតិ​អាមេរិកាំង ដើមកំណើត​វៀតណាម ពីបទ​បង្ក​ចលាចល​ប៉ះពាល់ សណ្ដាប់ធ្នាប់​សាធារណៈ

ហាន់​ណូយ ​៖​ នគរបាល​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សុក្រ បាន​ចេញ​ដីកា​កាត់ទោស បុរស​ជនជាតិ​អាមេរិក ដើមកំណើត​វៀតណាម​ម្នាក់ ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង នឹង​ផែនការ​របស់​រដ្ឋាភិបាល បង្កើត​តំបន់​សេដ្ឋកិច្ច ក្រោម​កិច្ចសន្យា​ជួល​ដី ៩៩​ឆ្នាំ ឲ្យ​អ្នក​វិនិយោគិន​ចិន កាលពី​សប្ដាហ៍​មុន​។​

លោក វីលៀម អេ​ញ​ង្វៀន (William Anh Nguyen) កើត​នៅ​ឆ្នាំ ១៩៨៥ គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់ ដែល​បាន​តវ៉ា​កាលពី​ថ្ងៃអាទិត្យ ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់ ដើម្បី​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច ក្រោម​កិច្ចសន្យាជួល​ដី​រហូតដល់ ៩៩ ឆ្នាំ ឲ្យ​ទៅ​វិនិយោគិន​។​

ក្រុមអ្នកតវ៉ា មានការ​ព្រួយបារម្ភ​ថា ការជួល​នេះ អាច​ត្រូវ​លេប​ត្របាក់ ដោយ​ក្រុម​អ្នកវិនិយោគ មកពី​ប្រទេសជិតខាង​ដ៏​មាន​ឥទ្ធិពល គឺ​ប្រទេស​ចិន ដែល​វៀតណាម​ធ្លាប់មាន​ប្រវត្តិ​ពីមុនមក​។​

ភ្នាក់ងារ​ព័ត៌មាន​វៀតណាម បាន​រាយការណ៍​ថា លោក ង្វៀន បាន​ប្រមូលផ្តុំ និង​បង្កបញ្ហា​នៅ​ទីក្រុង​ហូជីមិញ ហើយ​ត្រូវបាន​គេ​ថត​បាន​ដោយ​កាមេរ៉ា ដែល​ជំរុញ​អ្នក​ដទៃទៀត ឱ្យ​ឡើងលើ​របាំង​ប៉ូលិស។

មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ម្នាក់ បាន​និយាយថា ក្រសួងការបរទេស​បាន​លើកឡើង​នូវ​កង្វល់ និង​ការពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​វៀតណាម​លើ​បញ្ហា​នេះ ហើយ​ថា​រដ្ឋាភិបាល​វៀតណាម​បានអនុញ្ញាត​ឱ្យ​កុងស៊ុល ជួប​លោក Nguyen កាលពី​ថ្ងៃ​សុក្រ​។​

មន្ត្រី​រូបនេះ​បាន​និយាយថា ពួកគេ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​របាយការណ៍​ដែលថា លោក​ង្វៀន បាន​រងរបួស​កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​លោក​ត្រូវបាន​ឃុំខ្លួន ដោយ​អាជ្ញាធរ​វៀតណាម ហើយ​ថា​ពួកគេ​នឹង​បន្ត​ជួប​លោក Nguyen ឲ្យ​បាន​ទៀងទាត់​។​

ខ្សែអាត់​វីដេអូ​របស់លោក​ង្វៀន ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញថា គាត់​មាន​ឈាម​នៅលើ​ក្បាល​របស់គាត់ ក្នុងអំឡុងពេល​នៃ​ការតវ៉ា​។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​បដិសេធ​ចំពោះ​ការប្រើ​ហិង្សា ទៅលើ​រូបលោក ង្វៀន នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ប៉ូលិស​ហូជីមិញ​បាន​និយាយ​នៅលើ​គេហទំព័រ របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​នឹង​ដោះស្រាយ​បញ្ហា ជាមួយ​មនុស្ស​ចំនួន ៣១០ នាក់​នៅក្នុង​បាតុកម្ម​នោះ ហើយ ៧ ករណី​គឺជា​រឿង​ព្រហ្មទណ្ឌ​។ វា​មិន​ច្បាស់​ទេ​ថា​តើ​លោក Nguyen គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​ទាំង​៧​នាក់​នោះ​។​

ពួកគេ​បាន​និយាយថា ការស៊ើបអង្កេត​ដំបូង បានបង្ហាញ​នូវ​សញ្ញា​នៃ​អ្នកប្រឆាំង​ខាង​នយោបាយ និង​ក្រុម​ប្រតិកម្ម ដែល​បាន​ញុះញង់​ប្រជាជន ឱ្យធ្វើ​ការតវ៉ា និង​បង្ក​អស្ថិរភាព​សន្តិសុខ និង​ស្ថានភាព​នយោបាយ​។​

ការតវ៉ា​នេះ​បាន​កើតមានឡើង នៅពេល​ដែលមាន​ភាព​តានតឹង​កើនឡើង ជុំវិញ​រឿង​ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ចិន​បានទាមទារ​ស្ទើរតែ​ទាំងអស់​។​

ប្រទេស​វៀតណាម គឺជា​ប្រទេសមួយ ក្នុងចំណោម​បណ្តា​ប្រទេស​មួយចំនួន នៅក្នុង​តំបន់​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​តាម​ការប៉ាន់ប្រមាណ អាច​ទទួលបាន​ទឹកប្រាក់ ប្រមាណ​ជា ៥ ពាន់​ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​តំបន់​នោះ ជា​រៀងរាល់ឆ្នាំ​៕