ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤​របស់​អង្គការ​ចៃ​កា ​គ្រោង​ចាប់ផ្តើម​អំឡុង​ខែសីហា ឬ​កញ្ញា​នេះ ជាមួយនឹង​ម៉ាស៊ីន​ចាប់យក​សំរាម​ដោយ​ស្វ័យប្រវត្តិ

ភ្នំពេញ​ ៖ ​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែល​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ជប៉ុន តាមរយៈ​អង្គការ​ចៃ​កា​គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​ក្នុង​អំឡុង​ខែសីហា ឬ​កញ្ញា​នេះ ជាមួយនឹង​ការរៀបចំ​ស្ថានីយ​បូមទឹក​បំពាក់​ដោយ​ឧបករណ៍​ និង​ម៉ាស៊ីន​សម្រាប់​បូម​ធូលី ម៉ាស៊ីន​ចាប់​សំរាម​ដោយ​ស្វ័យប្រវត្តិ​។​

នេះ​បើតាម​ការបង្ហាញ​អោយដឹង​ក្នុង​កិច្ចប្រជុំ​លើ​កិច្ច​ការងារ​រៀបចំ​និង​គិតគូរ​អំពី​ការពិនិត្យ​លទ្ធភាព លើ​គម្រោង​ទី​៤ នៃ​គម្រោង​រួម ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​របស់​អង្គការ​ចៃ​កា ដែល​កិច្ចប្រជុំ​នេះ ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​អង្គការ​ចៃ​កា តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​មួយ​ចំនួនទៀត។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹង​ នៅ​ក្រោយ​កិច្ចប្រជុំ​នេះ​ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ ​គឺ​ពិភាក្សា​លម្អិត​លើ​ផល​ប៉ះពាល់​មួយចំនួន ដែល​ធ្វើ​ឲ្យ​រាំងស្ទះ ពុំទាន់​អាច​ឲ្យ​គម្រោង​នេះ អនុវត្តន៍​ទៅ​បាន ដោយសារតែ​យើង​បាន​គិត​គូរ​អំពី​បញ្ហា​ទាំងនេះ​លើ​ទីតាំង​មួយចំនួន​ ដែល​ទើស​នឹង​ទីតាំង​គម្រោង​នេះ។

លោក​បញ្ជាក់​ផងដែរ​ថា គម្រោង​ជំ​ហាន​ទី​៤​នៃ​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ បាន​ផ្តោតទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន​ដូចជា ការងារ​រំដោះ​ទឹក ដែល​ការងារ​រំដោះ​ទឹក​នេះ​ចែកចេញជា​ពីរ​ផ្នែក ដែល​គោលបំណង​ធំ​ឬ​អត្ថប្រយោជន៍​ធំ គឺ​ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្តភ្នំ នៅក្នុង​តំបន់​ផ្លូវ​អម​ផ្លូវ និង​ផ្លូវ​១៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​រង្វង់​មូល​កួច​កាណុង មាន​ផ្ទៃ​ប្រមាណ​ជិត​៧០​ហិកតា ដែល​នឹងត្រូវ​រៀបចំ​ និង​គិតគូរ​ឲ្យ​មាន​ជា​ស្ថានីយ​បូមទឹក​មួយកន្លែង ដែល​ស្ថានីយ​បូមទឹក​នេះ ជា​ស្ថានីយ​ទី​៥ ស្របតាម​មាត់ទន្លេ ហើយ​មាន​ទីតាំងនៅ​ទល់មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (CDC)​។ នៅក្នុង​ស្ថានីយ​បូមទឹក​នេះ នឹង​រៀបចំ​ឲ្យ​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី ដែលមាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ​៦.០០០​ម៉ែត្រ​គូប មុននឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង ពី​អាង​ស្តុក​ទឹក​ចូលទៅក្នុង​ទន្លេ​។ បន្ថែម​ពី​ការរៀបចំ​ស្ថានីយ​បូមទឹក​នេះ នឹងមាន​ការដំឡើង​នូវ​ឧបករណ៍ ឬក៏​ម៉ាស៊ីន​សម្រាប់​បូម​ធូលី ឬ​សំរាម​ដោយ​ស្វ័យប្រវត្តិ ដែល​កិច្ចការ​នេះ​ជា​ចំណែក​មួយ​នៃ​គម្រោង​ជំហាន​ទី​៤ ហើយ​គម្រោង​នេះ នឹង​យកទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ​ទាំង​៤ នៅជាប់​មាត់ទន្លេ គឺ​ស្ថានីយ​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ​ព្រះ​គម្លង់ ស្ថានីយ​ផ្សារកណ្តាល និង​ស្ថានីយ​ចតុមុខ ដែល​ជា​ស្ថានីយ​ស្ថាបនា​រួចហើយ តាំងពី​គម្រោង​ជំហាន​ទី​២​មកម្ល៉េះ។ បានន័យថា អាជ្ញាធរ​បាន​បន្ថែម​ឧបករណ៍​កាយ​សំរាម​ដោយ​ស្វ័យប្រវត្តិ នៅក្នុង​ស្ថានីយ​ទាំង​៤ លើ​គម្រោង​ជំហាន​ទី​៤​នេះ។

លោក​បន្តថា អត្ថប្រយោជន៍​នៃ​ការសម្រួល​ផ្ទៃ​ទឹក នៅក្នុង​តំបន់​ទួលគោក​ស្ថិតក្នុង សង្កាត់​បឹងកក់​១ សង្កាត់​បឹងកក់​២។ ក្នុង​គម្រោង​នឹងមាន​ការរៀបចំ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូ ក្នុង​ទំហំ ចន្លោះ​ចាប់ពី ២​ម៉ែត្រ​ទី​២,៥០​ម៉ែត្រ ចម្ងាយ​ប្រមាណ​ជិត​៧​គីឡូម៉ែត្រ និង​ការ​ដាក់លូ​ប្រអប់​ប្រវែង​១,៥​គីឡូម៉ែត្រ​។ គម្រោង​ទាំង​២​នេះ គឺអាច​ធ្វើការ​រំដោះ​ឬ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង បាន​មួយ​ភាគ​បន្ថែម​ទៀត នៅក្នុង​តំបន់​ខាង​លើ​នេះ ហើយ​នេះ​ជា​ចំណែក​មួយ​នៃ​ជំហាន​ទី​៤ នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ដែល​នឹង​ត្រូវ​អនុវត្តន៍​ និង​ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ ហើយ​នឹង​អាច​ដំណើរ​ការ​គម្រោង​នៅ​ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114