ព័ត៍មានទាន់​ហេតុការណ៏
Search

វាយ​ខ្នោះ​បុគ្គលិក​ធនាគារ​ឯកជន​មួយ​ ថ្លើមធំ​​ធាក់​ទ្វារ​​ ​រួច​ចាប់​គូ​​ដណ្តឹង​គេ​ថើប

ភ្នំពេញ ​៖​ បុរស​ម្នាក់ ជា​បុគ្គលិក​ធនាគារ​ឯកជន​មួយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ចោទ​ពី​បទ​ប្រទូស្ត​កេរ​ខ្មាស​ទាំង​បំពាន​ និង​ដោយ​ហិង្សា​មកលើ​នារី​ម្នាក់​ ខណៈ​នាង​កំពុងតែ​ស្នាក់នៅ​ជា​មួយគូ​​ដណ្តឹង​របស់​នាង។

បុរស​ជាប់​ខ្នោះដៃ​នោះ ​ឈ្មោះ តាំង សុ​ភិន ហៅ​ភិន អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​ធនាគារ​បាងកក មាន​ទីលំនៅ​ផ្ទះ​សង់​ថ្មី​ ភូមិ​អូរ​បែកក្អម ក្បែរ​ចំណុច​កើតហេតុ។

ប៉ូលិស​និយាយថា ​៖ តាម​បណ្តឹង​របស់​នារី​រង​គ្រោះ ​និង​ជាដើម​ចោទ ​ឈ្មោះ សុន ចាន់​រឿន អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​កាត់ដេ​រ​សំលៀកបំពាក់​ និង​ច្នៃ​ម៉ូដ បាន​រៀបរាប់​ថា ​៖ ​កន្លងមក​នៅ​ចុង​ឆ្នាំ​២០១៦ ឈ្មោះ តាំង សុ​ភិន ធ្លាប់​ស្គាល់​រាប់អាន​គ្នា​សុំ​ស្រលាញ់​នាង​ តែ​នាង​មិន​ស្រលាញ់។ ក្រោយ​​មក​នៅ​ចុង​ឆ្នាំ​២០១៧​ នាង​បាន​ទាក់ទង​ស្រលាញ់ បុរស​ម្នាក់ ឈ្មោះ អុក សុគា​ន់ ហើយ​ក្រោយមក​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០១៨ នាង​និង​បុរស​នោះ ​ក៏​ត្រូវ​បាន​ចាស់ទុំ​មក​ចូល​ស្ដីដណ្ដឹង ​និង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ រួចរាល់។

ក្រោយមក​ទៀត ​នាង​និង​បុរស​គូ​​ដណ្តឹង​ក៏បាន​មក​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ខាងលើ លុះ​នៅ​ថ្ងៃទី​១២ ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែមិថុនា នេះ ជន​ឈ្មោះ តាំង ភិន នេះ​តែងតែ​ដើរមក​ធាក់​ទ្វារ​បន្ទប់​របស់​នាង​ជា​រៀងរាល់​ព្រឹក​ ដែល​នាង​តែង​ចេញ​មក​លើ​ឃើញ​ផ្ទាល់​ភ្នែក ​និង​បាន​ព្រមាន​អោយ​ឈប់​រំខាន​នាង​បែបនេះ​ទៀត។

នាង​បញ្ជាក់ថា លុះ​ស្អែក​ឡើង​នៅ​ថ្ងៃទី​១៦​វេលា​ម៉ោង​៥​កន្លះ​ព្រឹក​ ​ជននេះ​ក៏បាន​មក​ធាក់​ទ្វារ​បន្ទប់​នាង​ទៀត​ នាង​ក៏​បើកទ្វារ​ចេញមក​ស្តីអោយ​ក៏​ស្រាប់តែ​ជន​ឈ្មោះ​តាំង សុ​ភិន នេះ ​បាន​ចាប់​នាង​ថើប​ថ្ពាល់​ខាងស្តាំ នៅ​ចំពោះ​គូ​​ដណ្តឹង​របស់​នាង។ នៅពេលនោះ ក៏មាន​ការ​ប្រតាយប្រតប់​គ្នា​រវាង​គូរ​ដណ្តឹង​របស់​នាង​ជាមួយ​បុរស​ម្នាក់នេះ។ ភ្លាមៗ​នោះ​នាង​ក៏បាន​ប្តឹង​ប៉ូលិស​មូលដ្ឋាន​មកជួយ​អន្តរាគមន៍ ចាប់ខ្លួន​ជនដៃដល់​នេះ​តែម្តង និង​បានដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ផង​ដែរ​។​

ជនជាប់ចោទ​បាន​ព្យាយាម​បដិសេធ ប៉ុន្តែ​មាន​សាក្សី​គេ​បានឃើញ ទើប​សារភាព​ ហើយ​ក្រុមគ្រួសារ​របស់​ជនជាប់ចោទ​បាន​ព្យាយាម​សុំ​សម្រួល​ដោះស្រាយ​លុយ​កាក់​ជា​សំណង​ជំងឺ​ចិត្ត​ដើម្បី​សុំ​បញ្ចប់​រឿង​ត្រឹមនេះ តែ​នាង​មិន​ព្រម​ទុក​អោយ​ច្បាប់​ជា​អ្នក​សម្រេច៕