ព័ត៍មានទាន់​ហេតុការណ៏
Search

បេក្ខជន​ខ្មែរ​ដំបូង​ម្នាក់​ សម្រេច​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រុង Arlington ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន

ភ្នំពេញ​ ៖ ​លោក Choun Chanda មាន​អាយុ​៣០​ឆ្នាំ ជា​អ្នកគ្រប់គ្រង​កម្មវិធី​ម្នាក់​នៅ​ឯ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Securonix ដែល​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​នៅ​ជា​កុមារ បាន​សម្រេច​ឈរ​ឈ្មោះ​ជា​ក្រុមប្រឹក្សា​នៅ​ក្រុង​ Arlington ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយ​ត្រូវ​គេ​ជឿ​ថា ជា​បេក្ខជន​ដើមកំណើត​អាស៊ី​ដំបូង​គេ ដែល​ចូលរួម​ប្រកួត​តំណែង​នៅ​មូលដ្ឋាន នេះ​បើតាម​ការផ្សាយ​របស់​គេហទំព័រ វី​អូ​អេ​។​

តាម​គេហទំព័រ​នោះ​បាន​ឲ្យ​ដឹង​ថា យោងតាម​មន្ទីរ​ចុះបញ្ជី​អ្នកបោះឆ្នោត និង​រៀបចំ​ការបោះឆ្នោត​នៃ​ក្រុង Arlington លោក Choun Chanda ជា​ពលរដ្ឋ​អាមេរិក​កំណើត​អាស៊ី​ដំបូង​គេ ដែល​ឈរឈ្មោះ​ប្រកួត​យក​អាសនៈ​ក្នុង​ក្រុង​នេះ។ លោក Chanda បាន​ថ្លែង​ថា លោក​មិន​ឃើញ​មាន​បេក្ខជន ដែល​មាន​ប្រវត្តិ​ជា​យោធិន មិនឃើញ​មាន​បេក្ខជន ដែលមាន​ប្រវត្តិ​ជា​ជនអន្តោប្រវេសន៍ មិនដែល​ឃើញ​មាន​បេក្ខជន ដែលមាន​ប្រវត្តិ​ខាង​បច្ចេកវិទ្យា​ឈរឈ្មោះ​ទេ ទើប​លោក​សម្រេច​ឈរឈ្មោះ​។​



លោក Chanda បាន​សរសេរ​នៅលើ​គេហទំព័រ​បេក្ខភាព​របស់លោក​ថា “​ខ្ញុំ​មិនមាន​ជម្រើស​អាច​ទៅ​កើត​នៅទីណា​តាមចិត្ត​ចង់បាន​នោះទេ​។ ខ្ញុំ​មិនមាន​ជម្រើស​ថា តើ​ទីភ្នាក់ងារ​តាំងទី​លំនៅ​ជនភៀសខ្លួន​សម្រេច​ឲ្យ​គ្រួសារ​ខ្ញុំ​ទៅ​តាំងទី​នៅទីណា​នោះទេ​។ ខ្ញុំ​មិនមាន​ជម្រើស​ថា តើ​យោធា​បញ្ជូន​ខ្ញុំ​ទៅ​ទីណា​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​មាន​ជម្រើស​សម្រេច​ខ្លួនឯង​ថា ចង់​នៅទីណា​ពេលនេះ​។ ហើយ​ខ្ញុំ​សម្រេចយក​ក្រុង Arlington​។ ខ្ញុំ​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ Arlington​។ កូនៗ​របស់ខ្ញុំ​នឹង​រត់​លេង​ក្នុង​ឧទ្យាន​របស់ Arlington​។ ខ្ញុំ​នឹង​ស្លាប់​នៅ Arlington ហើយនឹង​ត្រូវគេ​កប់​នៅ​ឈាបនដ្ឋាន​ជាតិ Arlington”​។​

ក្រុមប្រឹក្សា​ក្រុង Arlington ដែលមាន​សមាជិក​៥​នាក់ ជា​ស្ថាប័ន​គ្រប់គ្រង​រដ្ឋបាល​ក្នុង​ក្រុង​នេះ​។ ការងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ជាការ​ងារ​ក្រៅ​ម៉ោង ប៉ុន្តែ​ដែល​អាចជា​ស្ពាន​ទៅកាន់​អាជីព​នយោបាយ ប៉ុន្តែ​លោក Choun Chanda ថា លោក​មិន​ប្រាថ្នា​ចង់​ក្លាយជា​អ្នកនយោបាយ​ទេ​។​
​ដោយ​លោក​ដឹងគុណ​ចំពោះ​ការ ដែល​គ្រួសារ​លោក​ត្រូវបាន​គេ​ជ្រើសរើស​ពី​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស​ថៃ ឲ្យ​ទៅ​តាំង​ទីលំនៅ​នៅ​រដ្ឋ Connecticut សហរដ្ឋអាមេរិក លោក Chanda ក៏បាន​សម្រេចចិត្ត​ចូល​បម្រើ​ក្នុង​យោធា​អាមេរិក​នៅ​អាយុ​១៧​ឆ្នាំ​។ លោក​បាន​បម្រើការ​នៅ​យោធា​អស់​រយៈពេល​១២​ឆ្នាំ ដោយ​ឡើង​តំណែង​ពី​ទាហាន​សាមញ្ញ រហូត​ក្លាយជា​ពលបាលត្រី មុននឹង​លោក​ចាក​ចេញពី​យោធា ទោះបី​សព្វថ្ងៃ​លោក​នៅមាន​ភារកិច្ច​ជា​យោធិន​បម្រុង​នៅឡើយ​។​
លោក Chanda ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ខែកុម្ភៈ ដោយ​ប្រើ​ពាក្យ​ឃោសនា​ថា ដើម្បី “​ធ្វើ​ឲ្យ Arlington ក្លាយជា​ផ្កាយ​ខាងជើង (North Star) នៃ​រដ្ឋ Virginia”៕