ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កម្ពុជា​ ពន្យារពេល​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី

ភ្នំពេញ​ ៖​ លោក អន ប៊ុន​ហាក់​ប្រធាន​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុ​ជាមាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​​មិថុនា​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពន្យារពេល​​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយសារ​តែ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​ ត្រូវ​កែសម្រួល​នូវ​នីតិវិធី​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ឲ្យ​ការ​បញ្ជូន​ពលករ​កាន់តែ​ប្រសើរ​ជាង​មុន។

សូម​រំលឹកថា ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ម៉ាឡេស៊ី​ បានកំណត់​យក​ថ្ងៃទី​០១ ​ខែមិថុនា ​ឆ្នាំ​២០១៨​សម្រាប់​​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ជា​លើកដំបូង​ បន្ទាប់​ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​រួចមក។

លោក​បាន​បន្តថា​ ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១​ ខែមិថុនា​ឆ្នាំ​២០១៨​នោះ ​ត្រូវបាន​ពន្យារ​ពេល​វិញ​ហើយ ដោយ​សារ​តែ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​ត្រូវការ​ពេលវេលា​ពិនិត្យមើល​កិច្ចព្រមព្រៀង​កា​រ​បញ្ជូន​ពលករ​នៃ​បណ្តា​ប្រ​ទេស​បញ្ជូន​មួយចំនួន​ឡើងវិញ​ស្របទៅតាម​គោលការណ៍​គោរព​សិទ្ធិមនុស្ស ក៏ដូចជា​ការពារ​ផលប្រយោជន៍​ពលករ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រព័ន្ធ​​បញ្ជូន​ពលករ​មាន​ភាព​សាមញ្ញ សុវត្ថិភាព ​និង​ងាយស្រួល​ពលករ​បរទេស​ទៅ​ធ្វើ​ការ​។​

លោក​បាន​បន្ថែមថា ​កន្ល​ង​មក​មាន​ភាព​ស្មុគស្មាញ​មួយ​ចំនួន​ក្នុងការ​ប​ញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដូចជា​ការ​ជាន់​គ្នា​ទៅលើ​ការ​ឆែក​សុខភាព​ដែល​ភាគី​ម៉ាឡេស៊ី​តម្រូវ​ឲ្យ​ពលករ​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សាមី​ផង​ ហើយ​ពេល​ប​ញ្ជូន​ទៅដល់​ម៉ាឡេស៊ី​ត្រូវ​ពិនិត្យ​ម្តងទៀត​ និង​កា​រប​ញ្ជូន​ពលករ​ត្រូវ​ចំណាយ​ច្រើន​។​

យ៉ាងណាក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការ ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែ​មិថុនា​ថា ​ការពន្យា​រពេលនេះ​ ដោយសារតែ​ភាគី​ទាំងពីរ​នៅ មិនទាន់​ឈាន​ដល់​ការឯកភាព​គ្នា​លើ​កម្មវិធី​បណ្តុះបណ្តាល​នៅឡើយ​ទេ។

លោក​អន ប៊ុន​ហាក់​បាន​បញ្ជាក់ថា​ ជាធម្មតា​មុននឹង​ប​ញ្ជូ​ន​ពលករ​ទៅធ្វើ​ការ​នៅ​បរទេស​យើង​តែងតែ​ធ្វើការ​បណ្តុះបណ្តាល​ជាមុនសិន​យ៉ាងហោចណាស់​ពី​៣​ទៅ​៦​ខែ​ដែរ​ ដើម្បី​ឲ្យ​ពលករ​បាន​ចេះ​ពី​ជំនាញ​នីមួយៗ របៀបរបប​ការរស់នៅ​ប្រទេស​ពិសេស​ភាសា​ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​។​

លោ​កថា ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ចំនួន​៥៣​ដែលជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​មិនទាន់បាន​ជ្រើសរើស​ពល​ករ​នៅឡើយ​ទេ ​ដោយ​រង់ចាំ​មានការ​ណែនាំ​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមុនសិន​។​

ជាមួយគ្នានេះដែរ​លោក​អន ប៊ុន​ហាក់​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី​ជួយ​កែសម្រួល​នីតិវិធី​កា​រប​ញ្ជូន​ពលករ​កុំ​ឲ្យ​មាន​ភាពស្មុគស្មាញ​ពេក​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​សា​មី​ប​ញ្ជូន​ពលករ​ជា​អ្នកពិនិត្យ​សុខភាព​ផ្ទាល់​ដោយ​មិន​ចាំបាច់​ពិនិត្យឡើងវិញ តម្លៃ​វី​សា​ត្រូវ​យក​តាម​គោលការណ៍​រដ្ឋាភិបាល​ត្រឹមតែ​៧​ដុល្លារ​ដែល​ខុសពី​ក្រុមហ៊ុន​យក​រហូតដល់​ទៅជិត​១ ០០​ដុល្លារ​និង​ស្នើ​ឲ្យ​ថៅកែ​ម៉ាឡេស៊ី​ចេញថ្លៃ​ចំណាយ​សំបុត្រ​យន្តហោះ​ដល់​ពលករ​លើក​លែង​តែ​លិខិតឆ្លងដែន​។​

គួរ​បញ្ជាក់​ថា ​រហូត​មក​ដល់​ពេលនេះ​មាន​ពលករ​បរទេស​ធ្វើការ​នៅ​ម៉ាឡេស៊ី​ចំនួន​១​លា ន​៧​សែន​នាក់​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ប្រមាណ​៥​ម៉ឺន​នាក់​ទាំង​ស្របច្បាប់​និង​មិន​ស្រប​ច្បាប់​ដោយ​ធ្វើការ​ទៅលើ​ផ្នែក​សំណង់ សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ តាម​ផ្ទះ​និង​នេសាទ៕

​ ​

​ ​