ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែបម្រើ Dzagoev នឹង​ជាសះស្បើយ​ទាន់ពេលវេលា ប្រសិនបើ​រុស្ស៊ី​ឈានដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ

ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​កីឡាករ Alan Dzagoev ដែល​បាន​រងរបួស​សរសៃពួ​រ​ក្នុង​ការទទួល​ជ័យជម្នះ ៥-០ លើ​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​ប្រកួត​ថ្ងៃ​បើកឆាក World Cup កំពុងតែ​សង្ឃឹមថានឹង​ជា​សះ​ស្បើយ​ពីរ​បួស​ប្រសិនបើ​ក្រុម​របស់គាត់​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល។​

កីឡាករ Dzagoev ដែល​បាន​ប្ដូរ​ចេញពី​ទីលាន​នៅ​នាទី​ទី ២៣ ពេល​ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ព័ត៌មាន​ដែល​គាត់​អាច​វិលត្រឡប់​មកកាន់​វគ្គ ១៦ ក្រុម​ចុងក្រោយ​បានកើត​ឡើង ខណៈដែល​របួស​របស់​គាត់​ក៏​មិនសូវ​ធ្ងន់ធ្ងរ។​

ខ្សែបម្រើ​វ័យ ២៨ ឆ្នាំ​របស់​ក្លិប CSKA Moscow រូបនេះ​បាន​និយាយ​ថា “​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នៅតែ​អាច​លេង ព្រោះ​ពួកគេ (​ក្រុមគ្រូពេទ្យ​) បាន​និយាយថា ប្រសិនបើ​យើង​ឈានដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ​ប្រហែលជា​ខ្ញុំ​នឹង​អាច​លេង​បាន​” ។​

កីឡាករ Dzagoev បាន​និយាយថា “​វា​ជាការ​ប្រកួត​ដ៏​សំខាន់បំផុត​នៃ​ជីវិត​របស់​អ្នក​ដែល​បាន​ឆ្លងកាត់​កន្លងមកនេះ​” ។​

កីឡាករ Dzagoev នឹងមិន​ធ្វើដំណើរ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​រុស្ស៊ី​ទៅកាន់​ទីក្រុង St Petersburg ឡើយ​ជាទី​កន្លែង​ដែល​ពួកគេ​នឹង​ជួប​ជាមួយនឹង​ប្រទេស​អេ​ហ្ស៊ី​ប​នៅ​ថ្ងៃ​អង្គារ។​

សូមបញ្ជាក់ថា កីឡាករ Dzagoev ជាប់​ជម្រើសជាតិ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684