ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាងរាស្ត្រ​ និង​ជំទាវ​ទី​មួយ​អាមេរិក ​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​បំបែក​គ្រួសារ​អន្តោប្រវេសន៍

សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារណរដ្ឋ​ បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃអាទិត្យ​លើ​បញ្ហា​ដ៏​រសើប​នៃ​ការ​បំបែកបំបាក់​កុមារ​អន្តោប្រវេសន៍​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​នៅ​តាម​ព្រំដែន​សហរដ្ឋអាមេរិក​ ខណៈដែល​ជំទាវ​ទីមួយ Melania Trump បានធ្វើការ​អង្វរករ​ផ្នែក​នយោបាយ​ដ៏​កម្រ​មួយ​ដើម្បី​ឲ្យ​បញ្ចប់​ការអនុវត្ត​ដ៏​ចម្រូងចម្រាស​នេះ​។​

គោលនយោបាយ​សន្តិសុខ​ព្រំដែន “​គ្មាន​ការអត់ឱន​” ដែល​អនុវត្ត​ដោយ​រដ្ឋការ​របស់​លោក​ប្រធានាធិបតី Donald Trump បាន​បង្ក​កំហឹង​លើ​គណបក្ស​ទាំងសងខាង​ ហើយ​កាន់តែ​ស៊ីជម្រៅ​ជាពិសេស​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​បាន​ប្រារព្ធ​ទិវា​ឪពុក។

​លោក Trump បាន​និយាយថា លោក​ចង់​ឲ្យ​ការ​បំបែក​នេះ ​ត្រូវ​បញ្ចប់ ​ប៉ុន្តែ​នៅតែ​បន្ទោស​បក្ស​ប្រជាធិបតេយ្យ​ចំពោះ​វិបត្តិ​នេះ​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា​គឺជា​ការបង្កើត​របស់លោក​ផ្ទាល់​។​
​ភរិយា​របស់គាត់​ដែល​មិនសូវ​លូកដៃ​ក្នុង​ឆាកនយោបាយ​នោះ​គឺ​មិនបាន​រិះគន់​គោលនយោបាយ​នៃ​រដ្ឋបាល​របស់គាត់​ទេ ​ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​អន្តោប្រវេសន៍​ពី​គណបក្ស​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

អ្នកនាំពាក្យ​របស់លោក​ស្រី​គឺ​នាង Stephanie Grisham បាន​ប្រាប់​ទូរទស្សន៍ CNN ថា “​លោកស្រី Trump មិន​ចង់ឃើញ​កុមារ​ត្រូវ​បំបែក​ពី​គ្រួសារ​របស់​ពួកគេ​ទេ​ ​ហើយ​សង្ឃឹមថា នៅ​ទីបំផុត​គណបក្ស​ទាំងពីរ​អាចមក​ជួបជុំ​គ្នា​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​កំណែទម្រង់​អន្តោប្រវេសន៍​”​។​

អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមថា “​លោកស្រី​ជឿជាក់ថា យើង​ត្រូវតែ​ក្លាយជា​ប្រទេសមួយ​ដែល​គោរព​ច្បាប់​ទាំងអស់​ ​ប៉ុន្តែ​ក៏​ជា​ប្រទេសមួយ​ដែល​គ្រប់គ្រង​ដោយ​បេះដូង​ផងដែរ​”​។​

បញ្ហា​អន្តោប្រវេសន៍​គឺជា​ផ្នែក​មួយ​នៃ​វិបត្ដិ​ដ៏​ក្តៅគគុក​បំផុត​ដែល​វាយប្រហារ​រដ្ឋបាល​របស់លោក Trump។​

ក្នុង​រយៈពេល​៦​សប្តាហ៍​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​និយាយថា អនីតិជន​ជិត​២,០០០​នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ពេញវ័យ​របស់​ពួកគេ​ដែល​នេះ​ជា​តួលេខ​មួយ​បង្ក​ឲ្យ​មាន​កំហឹង​យ៉ាងខ្លាំង​ក្លា​។​

ចំនួន​នៃ​ការ​បំបែក​បាន​កើនឡើង​ចាប់តាំងពី​ដើមខែ​ឧសភា​មក​នៅពេលដែល​អគ្គមេធាវី Jeff Sessions បានប្រកាសថា ជនអន្តោប្រវេសន៍​ឆ្លងដែន​ខុសច្បាប់​ទាំងអស់​ដែល​ឆ្លងកាត់​ព្រំដែន​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​នឹងត្រូវ​ចាប់ខ្លួន​ដោយ​មិន​គិតថា​តើ​ជា​មនុស្សពេញវ័យ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នោះទេ​៕ AFP