ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2018 ​៖​ ​ខ្សែប្រយុទ្ធ​Privat របស់​អាស៊ី​អឺរ៉ុប បន្ត​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ត្រឹម​សប្ដាហ៍​ទី​១០

កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Privat​សមាជិក​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប កំពុងតែបន្ត​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បញ្ជូល​ទី​បាន​ច្រើនជាងគេ​គឺ​ចំនួន​១៥​គ្រាប់​ម្នាក់ឯង​ គិត​ត្រឹម​ប្រចាំ​សប្ដាហ៍​ទី​១០ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ក្រោយ​វ៉ា​ដាច់​កីឡាករ Bisan George របស់​ណាហ្គា​វើ​ល Maycon និង​Julius Oiboh របស់​ក្រុម​បឹងកេត​។​

​សរុប​ប្រកួត​ត្រឹម​១០​សប្តាហ៍​មកនេះ​ក្រុម​សមាជិក​ទាំង​១២​អាច​ទា​ត់ប​ញ្ជូ​ល​ទី​គ្នា​បាន​២០៧​គ្រាប់​។ ចំណែក​១៥ គ្រាប់​របស់​កីឡាករ Privat បាន​ទា​ត់ប​ញ្ជូ​ល​ទី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង ២​គ្រាប់ អង្គ​រថា​យ​ហ្គឺ​រ​,​វិសាខា​,​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, ក្រសួងការពារជាតិ និង​សូល​ទី​ឡូ​អង្គរ ១​គ្រាប់ៗ​គ្រប់​ក្រុម​។ ក្រៅពី​កីឡាករ Privat គេ​សង្កេតឃើញ​កីឡាករ Bisan George របស់​ណាហ្គា​វើ​ល រកបាន​ម្នាក់​១៣​គ្រាប់ តាម​ពីក្រោយ ហើយ​កីឡាករ​ប្រេ​ស៊ី​ល Maycon និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត រកបាន​៩​គ្រាប់​ដូចគ្នា​។ កីឡាករ​ នី​ហ្សេ​រី​យ៉ា Bata របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ម្នាក់​៧​គ្រាប់​តាម​ពីក្រោយ​។ កីឡាករ​វ័យក្មេង សាន គឹម​ហេង និង​កីឡាករ​កូរ៉េខាងជើង Cheo Myon Ho និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Mathew Osa រកបាន​៦​គ្រាប់​ម្នាក់​។ ក្រៅពីនោះ​សុទ្ធតែ​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​៥​គ្រាប់​ចុះក្រោម​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។​

តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេបង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិកា​​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​២០១៧ កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114