ព័ត៍មានទាន់​ហេតុការណ៏
Search

​អូស្ត្រាលី និង​ចិន ​គួរ​ស្វែងរក​ដំណោះស្រាយ​ «​ឈ្នះ​ឈ្នះ​» ​ចំពោះ​បញ្ហា​ទ្វេភាគី ដើម្បី​សន្តិសុខ​ក្នុង​តំបន់​

យោងតាម​សេចក្តីរាយការណ៍​ របស់​ទីភ្នាក់ងារសារព័ត៌មាន អា​អិ​ហ្វ​ប៉េ (AFP) របស់​បារាំង ចេញផ្សាយ​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​លោក គីម ជុង​អ៊ុន (Kim Jung Un) មេដឹកនាំ​កូរ៉េខាងជើង បាន​ចាប់ដៃ​ជា​ប្រវត្តិសាស្ត្រ និង​និយាយ​គ្នា​ដោយ​ប្រើពាក្យ​សម្តី​យ៉ាង​កក់ក្តៅ ក្នុងខណៈ​ពេលដែល​ពួកគេ​ចូលរួម​ជំនួប​កំពូល នៅ​ប្រ​ទេ​សិង្ហ​បុរី ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ លើ​បញ្ហា​នុយក្លេអ៊ែរ កាលពីពេល​ថ្មី​ៗនេះ​។​​

គួរ​បញ្ជាក់ថា ជំនួប​លើកដំបូង​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ និងមិន​នឹកស្មាន​ដល់​ទាល់តែសោះ រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ ដែល​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​នោះ បន្ទាប់ពីក្នុង​រយៈពេល​ពី​រខែក​ន្ល​ង​ទៅនេះ មាន​ការភ័យខ្លាច​សង្គ្រាម​កាន់​តែ​កើនឡើង  ស្របពេល​ដែលមានការ​តេស្ត​សាកល្បង​ អាវុធនុយក្លេអ៊ែរ និង​សង្គ្រាមពាក្យសម្តី​នោះ​។

អា​អិ​ហ្វ​ប៉េ បាន​រាយការណ៍​ថា​ មេដឹកនាំ​ទាំងពីរ​បាន​ចាប់ដៃគ្នា​យ៉ាងយូរ ដោយ​លោក ដូ​ណា​ល់ ត្រាំ បាន​ទះ​អង្អែល​ស្មារ​ខាងស្តាំ​របស់លោក​គីម ជុង​អ៊ុន រួចហើយ​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង បាន​អង្គុយ​ទល់មុខ​គ្នា​ក្នុង​កិច្ចប្រជុំ មុននឹង​ពួកគេ​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង ដែល​អាច​ផ្ដល់​ក្តីសង្ឃឹម​ក្នុងការ​ដោះស្រាយ ​បញ្ហា​រ៉ាំរ៉ៃ​ដែល​ញាំញី​ឧបទ្វីប​កូរ៉េ​នេះ ​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។​

​ទោះបីជា​យ៉ាងណា នៅ​ចម្ងាយ ៤៣៧៤ គីឡូម៉ែត្រ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​សិង្ហ​បុរី នៅ​ប្រទេស​អូស្ត្រាលី៝​ឯណោះ​វិញ មន្ត្រីការទូត​ជាន់ខ្ពស់​ចិន​ម្នា​ក់បាន​និយាយថា អូស្ត្រាលី​ហាក់ដូចជា​នៅ​ប្រកាន់យក​ «​ផ្នត់​គំ​និត​សង្គ្រាមត្រជាក់​» ជាមួយ​ចិន ដោយ​ចោទប្រកាន់ថា​ ប្រទេស​ចិន​កំពុង​ប្រើ​ប្រាក់កម្ចី ដើម្បី​អូសទាញ​ប្រទេស​តូចៗ ​នៅតាម​ប្រជុំ​កោះ​នានា នៅក្នុង​មហា​ស​មុ​ទ្រ​ប៉ា​ស៊ី​ភិ​ច​ខាងត្បូង​។​

​​លោក ឆេង ជី​ង​យ៉េ (Cheng Jingye) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ប្រា​ប់ទីភ្នាក់ងារ សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) របស់​អង់គ្លេស កាលពី​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ថា ប្រទេស​អូស្ត្រាលី ​ចាំបាច់​ប្រកាន់​ជំហរ ​«​មិន​លម្អៀង និង​អត់អោន​» ដើម្បី​ជួ​ស​ជុល​ទំនាក់ទំនង​ទ្វេភាគី​ រវាង​ប្រទេស​អូស្ត្រាលី និង​ចិន​នោះ​។ ​

រូបភាព៖ លោក ឆេង ជី​ង​យ៉េ (Cheng Jingye) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អូស្ត្រាលី

​«​យើង​ចាំបាច់​សម្លឹងមើល​មក ​គោលបំណង​នៃ​គោលនយោបាយ និង​ការអភិវឌ្ឍ​ទៅវិញទៅមក ក្នុង​ទស្សនៈវិស័យ​វិជ្ជមាន​ឱ្យបាន​ច្រើន ដោយ​កាត់បន្ថយ​នូវ​ផ្នត់គំនិត​សង្គ្រាមត្រជាក់​នោះ​។​» លោក ឆេង ជី​ង​យ៉េ បាន​និយាយ​នៅក្នុង​សន្ទរកថា​មួយ​ ទៅកាន់​អ្នកនយោបាយ និង​ប្រធាន​ក្រុមហ៊ុន​នានា នៅ​រដ្ឋធានី​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។​​

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ ​បាន​រាយការណ៍​ថា ទំនាក់ទំនង​ចិន និង​អូស្ត្រាលី​កំពុង​ដើរទៅ​រក​មាត់ជ្រោះ ខណៈដែល​អូស្ត្រាលី ​ត្រៀម​អនុម័ត​ច្បាប់​កំហិត​ការ​លូកលាន់​ របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ទោះជា​ប្រើពាក្យ​បរទេស​ក្ដី សំណើ​ច្បាប់​មួយ​នេះ​សំដៅ​ចិន​តែម្ដង ព្រោះ​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ បារម្ភ​ខ្លាំង​ជុំវិញ​ការកើនឡើង​ បញ្ហា​ផ្នែក​សន្តិសុខ​អន​ឡាញ និង​ការប្រឈមមុខ​ ពី​ការជ្រៀតជ្រែក​ដោយ​រដ្ឋាភិបាល​បរទេស​។ ជាមួយនឹង​ក្ដីបារម្ភ​នេះ អូស្ត្រាលី​ក៏​ហាម​ក្រុមហ៊ុន​ចិន ហួរ​វ៉េ​យ (Huawei) ផ្គត់ផ្គង់​សម្ភារៈ​ក្នុងការ​សាងសង់​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត ​5G ផងដែរ​។​​

នៅ​រយៈពេល​ពីរ​សប្ដាហ៍​ទៀត អូស្ត្រាលី​នឹង​អនុម័ត​ច្បាប់​មួយ​ ដែល​សំដៅ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ អូស្ត្រាលី​បារម្ភ​ថា ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់ខ្លួន បាន​ជ្រៀត​ជ្រែកចូល​វិស័យ​នានា​របស់ខ្លួន ​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ សាកលវិទ្យាល័យ និង​ឈានដល់​ផ្នែក​នយោបាយ​ផង​។ ការជ្រៀតជ្រែក​នេះ ធ្វើឡើង​ក្នុង​ទម្រង់​ជាការ​បរិច្ចាគ​លុយ​ ទៅឱ្យ​អ្នកនយោបាយ​ប្រឆាំង ​របស់​អូស្ត្រាលី​ពី​សំណាក់​បក្ស​កុម្មុយនីស្ត​ចិន​។​

​ទោះបីជា​យ៉ាងណា ប្រទេស​ចិន​បាន​ទាត់ចោល​ ការចោទប្រកាន់​ទាំងអស់​របស់​អូស្ត្រាលី ហើយ​បាន​ចោទ​ក្រុង​កង់​បេ​រ៉ា​ថា បាន​បំពុល​ទំនាក់ទំនង​ទ្វេភាគី​។ ដោយសារ​បញ្ហា​នេះ ទំនាក់ទំនង​អូស្ត្រាលី និង​ចិន​កាន់តែ​ធ្លាក់ចុះ​ខ្លាំង ដោយ​ចិន​បាន​រឹតបន្តឹង​ការធ្វើ​ជំនួញ​ជាមួយ​អូស្ត្រាលី ហើយ​បង្កើន​ការត្រួតពិនិត្យ​ទំនិញ​ ដែល​នាំចូល​ពី​អូស្ត្រាលី​។

​ជាការ​ពិតណាស់ ការអនុម័ត​ច្បាប់​ ស្ដីពី​ការ​កំហិត​សកម្មភាព​របស់​បរទេស នឹង​ធ្វើឱ្យ​ទំនាក់ទំនង​នេះ ​កាន់តែ​ល្អក់កករ​ថែមទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃទី​១៨​ខែមិថុនា​បានឱ្យដឹងថា ផ្នែក​ដំបូង​នៃ​ច្បាប់​ថ្មី​នេះ ​តម្រូវឱ្យមាន​ការចុះឈ្មោះ​បុគ្គល​ណា​ ដែល​ជាប់ទាក់ទង​រដ្ឋាភិបាល​បរទេស ហើយ​វា​បាន​សំដៅ​ក្រុង​ប៉េកាំង​តែម្ដង​។

​អូស្ត្រាលី​មាន​ជ​នឿ​ថា ច្បាប់​ថ្មី​ដែល​គ្រោង​អនុម័ត​ឆាប់ៗ​នេះ ជា​ដំណោះស្រាយ​ទប់ស្កាត់​ បញ្ហា​ប្រឈមមុខ​លើ​សន្តិសុខ​ជាតិ​ របស់​អូស្ត្រាលី ​ដែល​លើកឡើង​ដោយ​ក្រុម​ចារកម្ម​ផង​។

​ជាការ​ពិតណាស់ ការរារាំង​ក្រុមហ៊ុន​ហួរ​វ៉េ​យ​នេះ គឺ​ដោយសារតែ​អូស្ត្រាលី​ព្រួយ​ខ្លាច ​ព័ត៌មាន​សម្ងាត់​របស់ខ្លួន ​ធ្លាក់​ទៅក្នុង​ដៃ​ចិន  បើ​ហ៊ាន​អនុញាតឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ ស្ថាបនា​ប្រព័ន្ធ ​5G មែន​នោះ ទោះបីជា​ក្រុមហ៊ុន​ហួរ​វ៉េ​យ​ បាន​បដិសេធ​ការ​ចោទ​របស់​អូស្ត្រាលី និង​ចាត់ទុក​សម្ដី​ទាំងនោះ​ ជា​រឿង​មិន​ពិត និង​មានបំណង​អាក្រក់​លើ​ខ្លួន​ទៅវិញ​ក្តី​។​

​ដូច​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​នចុះផ្សាយ កាសែត​កម្ពុ​ជាថ្មី​ក៏​យល់ថា​ គម្រោង​អនុម័ត​ច្បាប់​ថ្មី ​ដែល​ស្របគ្នា​នឹង​ការហាមឃាត់​ក្រុមហ៊ុន ហួរ​វ៉េ​យ​ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អូស្ត្រាលី ដើរ​ទៅរក​មាត់ជ្រោះ​មិន​ខាន​។

​ទន្ទឹមនឹងនេះ ប្រទេស​ចិន​ច្បាស់​ជា​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ប្រាកដជា​ឆ្លើយតប ​នឹង​សកម្មភាព​របស់​អូស្ត្រាលី​មិន​ខាន ហើយ​ការ​រឹតត្បិត​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី ទំនងជា​ចំណាត់ការ​ដំបូង​របស់​ចិន បន្ទាប់ពី​ចិន​បាន​រឹតត្បិត ​លើ​ការត្រួតពិនិត្យ​ស្រាក្រហម​របស់​អូស្ត្រាលី ​រួចហើយ​ដែរនោះ​។​

​កាសែត​កម្ពុ​ជាថ្មីយល់ឃើញថា ​អូស្ត្រាលី និង​ចិន គួរ​ស្វែងរក​ដំណោះស្រាយ​ ប្រកបដោយ​សន្តិវិធី ក្នុងការ​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​រក្សា​នូវ​សន្តិសុខ និង​សន្តិភាព​នៅក្នុង​តំបន់ ក្នុងខណៈ​ពេលដែល​សហ​រដ្ឋ​អាមេរិក និង​កូរ៉េខាងជើង កំពុង​ឈានដល់​កិច្ចពរមព្រៀង​សន្តិភាព និង​បញ្ឈប់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ របស់​កូរ៉េខាងជើង​នោះ​។​

​ជាការ​ពិតណាស់ ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​ចិន និង​អូស្ត្រាលី ប្រ​ហែ​លជា​គ្មានអ្វី​ក្រៅ​អំពី​ដំណោះស្រាយ​ «​ឈ្នះ​ឈ្នះ​» ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​ប្រើប្រាស់​ប្រកបដោយ​ជោគជ័យ ​កន្លងមក​នោះឡើយ​៕