ព័ត៍មានទាន់​ហេតុការណ៏
Search

ទឹកចិត្ត ​និង​ពាក្យ​មួយ​ឃ្លាន​នេះ ​សាន ផានិត ទទួល​បាន​ការ​គាំទ្រ​ និង​ការ​លើកសរសើរ​ខ្លាំង​ពី​ទស្សនិកជន

ភ្នំពេញ ​៖ ​តារាចម្រៀង​ជើងចាស់​ម្ចាស់​បទ ទូរស័ព្ទ​ប្រាប់​ផង និង ជាប់រវល់ លោក សាន ផានិត ស្រប​ពេលដែល​បង្ហោះ​រូបថត​ចំនួន​២​សន្លឹក​ព្រមជាមួយ​ពាក្យ​មួយ​ឃ្លា​និយាយ​ពី​ជីវិត​អ្នកធ្វើការងារ​តាម​រថយន្ត​ស៊ីន​ទ្រី​(​រថយន្ត​ដឹក​សំរាម​)​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ពេលនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​និង​គាំទ្រ​ពី​សំណាក់​មហាជន​។​

ប្រយោគ​ដ៏​មាន​អត្ថន័យ​របស់លោក សាន ផានិត​និង​ការបង្ហាញ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​តារាចម្រៀង​លោក សាន ផានិត មួយ​នេះ​គឺអាច​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពមិន​រើសអើង​ ខណៈ​កន្លងមក​លោក​ក៏​ធ្លាប់​ឆ្លងកាត់​នូវ​ជីវិត​កម្សត់​បែបនេះ​ដូចគ្នា​ នឹង​រូបភាព​របស់​ក្មេង​បម្រើ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​នេះ​ផងដែរ​។​

លោក សាន ផានិត បាន​សរសេរ​រៀបរាប់​ប្រយោគ​ខ្លី​ថា​ ខ្ញុំ​ដើរទៅ​សុំ​ពួកគាត់​ថត ខ្ញុំ​អោយ​គាត់​ម្នាក់​១០០០០​រៀល​។ ​ប្អូន​អាវ​ក្រហម​សួរ​ខ្ញុំ​ថា​ម៉េច​បាន​បង​ថត​ជាមួយ​ខ្ញុំ ខ្ញុំ​ឆ្លើយតប​វិញ​មកពី​បង​ធ្លាប់ជា​ក្មេង​ម្នាក់​ក្នុងចំណោម​ពួក​ប្អូន​កាលពី​បង​មក​ភ្នំពេញ​ដំបូង​នា​ឆ្នាំ​១៩៨៩​។​

តាមរយៈ​ការបញ្ចេញ​សារ​របស់​តារាចម្រៀង​ប្រុស​លោក សាន ផានិត ខាងលើនេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​បញ្ចេញមតិ​ថា ​ពិតជា​អស្ចារ្យ​ណាស់​ មិន​ភ្លេច​អ្នក​កម្សត់​មែន​។ បងប្រុស​គឺជា​តារា​ម្នាក់​ដែលមាន​ចិត្តបុណ្យ មិន​ប្រកាន់​ នូវ​ការងារ​របស់​ពួកគាត់​ ពិតជា​រំភើប​ខ្លាំងណាស់ Idol​។​ ពាក្យ​មួយ​ម៉ា​ត់ ​នេះ​ មាន​ន័យ​ណាស់​។​

សូមបញ្ជាក់ថា ​តារាចម្រៀង​លោក សាន ផានិត គឺជា​តារាចម្រៀង​ជើងចាស់​មួយរូប ​ដែល​កន្លងមក​ដណ្តើម​បាន​ទីផ្សារ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​។​ ប៉ុន្តែ​ក្រោយមក​ លោក​ក៏បាន​បាត់​មុខ​មួយសន្ទុះ​ធំ​ និង​បាន​ប្រកាស​វិល​ចូល​សិល្បៈ​វិញ ​អំឡុង​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​ដ៏​គួរ​ឲ្យ​សរសើរ​ផងដែរ៕