ព័ត៍មានទាន់​ហេតុការណ៏
Search

អព្ភូតហេតុ​រន្ទះបាញ់ ​បណ្តាលឱ្យ​មនុស្ស​ចាស់​ក្មេង​៤​នាក់​ស្លាប់ ​និង​របួស​

ព្រះវិហារ​ ៖ ​មនុស្ស​ចាស់​ក្មេង​៤​នាក់​ បាន​ស្លាប់​ និង​របួស​ក្នុង​ហេតុការណ៍​រន្ទះបាញ់​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២១ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​នៅ​ភូមិ​ម៉ឺន​រាជ​ ឃុំ​ខ្យង​ ស្រុក​ជ័យ​សែន ​ខណៈ​ផ្ទៃមេឃ​មាន​សភាព​ក្តៅ​ និង​ខ្យល់​បោកបក់។

សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា ក្នុងចំណោម ជនរងគ្រោះ ៤​នាក់​មាន​បុរស​ម្នាក់​បាន​រងគ្រោះ​រហូត​ស្លាប់​នៅ​នឹងកន្លែង​កើតហេតុ ​,​កុមារា​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ព្យាបាល​។ ​រីឯ​ជនរងគ្រោះ​២​នាក់​ទៀត​រង​របួស​ស្រាល។

ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ កន្លែង​កើតហេតុ​ការណ៍​ស្ថិត​នៅ​ឯ​វាលស្រែ​មាន​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ផ្ទះ​ជនរងគ្រោះ ​ក្នុង​នោះ​ជនរងគ្រោះ​ទាំង​៤​នាក់​គឺ​ពីរ​គ្រួសារ​ផ្សេងគ្នា​។​ សព​ជនរងគ្រោះ​ឈ្មោះ​ថុង ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ភ្នាក់ងារ​រាយការណ៍​ឱ្យដឹងថា ​បន្ទាប់​កើតហេតុ​ការណ៍​ភ្លាមៗ​ អាជ្ញាធរ​ស្រុក បាន​នាំ​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​យក​ទៅ​ចែក​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ខាងលើ​ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​មួយ​គ្រា។ សព​ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​សាសនា​ផងដែរ៕