ព័ត៍មានទាន់​ហេតុការណ៏
Search

មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ​ស្ដង់ដារ​អន្តរជាតិ នឹង​វត្តមាន នៅក្នុង​ប្រទេស​កម្ពុជា ឆាប់ៗ​នេះ

​ភ្នំពេញ​៖​ក្រុមហ៊ុន​ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅក្រៅ​ប្រទេស​ចំនួន ២ រួម​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​សហការគ្នា​ស្ថាបនា​នូវ មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) លំដាប់​ស្ដង់ដារ​អន្តរជាតិ ចំនួន​២​កន្លែង នៅក្នុង​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ ៥​ហិកតា នៅ​ប្រទេស​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់ពី​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​រួច កាលពី​ព្រឹក​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។​

រូបភាព៖ លោក តែ ជួរ (ឆ្វេង), លោក អែន​ឌី (Andy Chee) (កណ្ដាល) , និងលោក តាំង ប៉េង​សាន (Tang Pen San) (ស្ដាំ)

​លោក តែ ជួរ ភាគី​ខាង​ក្រុមហ៊ុន តែ អៀក​ហុង អេ​ន​ធើ​ប្រាយ បាន​ឲ្យ​ដឹងថា​៖ “​ខាង​ក្រុមហ៊ុន​របស់លោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន កែប​ស្ដារ ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផ្នែក គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ និង​ក្រុមហ៊ុន Fourtitute Asia ដែលជា​ក្រុមហ៊ុន​ជំនាញ​ខាង​ផ្គត់ផ្គង់​សេវាកម្ម Cloud ដើម្បី​ស្ថាបនា​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ដែល​អាច​ផ្ដល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​ទម្រង់​ច្បាស់លាស់​មួយ សម្រាប់​អ្នកប្រើប្រាស់ និង​ផ្ដល់​សេវាកម្ម Cloud រួមជាមួយ​សេវាកម្ម​ផ្សេងៗ​ទៀត​ដូចជា និរន្តរភាព​អាជីវកម្ម (Business continuity) និង ការការពារ​ហានិភ័យ (Disaster Recovery) ជាដើម​”​។​

​លោក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ “​គម្រោង​ស្ថាបនា​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ (Data Center) ចំ​នាយទុន​ប្រមាណ​ជា ៧០​លាន​ដុល្លារ និង​ចាប់ផ្ដើម​រៀបចំ​សាងសង បន្ទាប់ពី​ចុះ​អនុស្សរណៈ​នេះ​រួច ហើយ​ត្រូវការ​រយៈពេល ១៨​ខែ​ដើម្បី​បញ្ចប់​គម្រោង​នេះ​”​។​

​លោក អែន​ឌី (Andy Chee) ប្រធាន​ក្រុមហ៊ុន កែប​ស្ដារ (Kepstar) បាន​ឲ្យ​ដឹងថា​៖ “​វា​ជា​គឺជា​កិច្ចសហការ​មួយ​រវាង​ក្រុមហ៊ុន​ជំនាញ ៣ រួមគ្នា គឺ​ខាង​ក្រុមហ៊ុន កែប​ស្ដារ ដែលមាន​ជំនាញ​ខាង​គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ​, ក្រុមហ៊ុន Fourtitute Asia ជា​ក្រុមហ៊ុន​ជំនាញ​ខាង​បង្កើត និង​ផ្ដល់​សេវាកម្ម Cloud និង​ក្រុមហ៊ុន តែ អៀក​ហុង អេ​ន​ធើ​ប្រាយ ដែលជា​អ្នក​នៅក្នុង​ស្រុក ឈានមុខ​គេ​ខាង​ផ្នែក​ដំណោះស្រាយ និង​សេវាកម្ម​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​។ កិច្ចសហការ​គ្នា​នេះ នឹង​បង្កើត​នូវ មជ្ឈមណ្ឌល​ទិន្នន័យ ស្តង់ដារ​អន្តរជាតិ​មួយ ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ចំ​បាច់​ដំបូង​បំផុត សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការឈាន​ធ្ពោះ​ទៅកាន់ សេដ្ឋកិច្ច​ឌីជីថល នាពេល​ខាងមុខនេះ​”​។​

​លោក អែន​ឌី បាន​បន្តថា​៖ “​មជ្ឈមណ្ឌល​ទិន្នន័យ មិន​ត្រឹមតែ​ចូលរួមចំណែក ជួយ​ដល់​ប្រទេស​កម្ពុជា នៅ​ក្នុងការ​អភិឌ្ឍន៍​ខ្លួន​ធ្ពោះ​ទៅកាន់ សេដ្ឋកិច្ច​ឌីជីថល នោះទេ ថែមទាំង​បាន​នាំមក​នូវ​អ្នកជំនាញ​ពី​ក្រៅប្រទេស មក​ចែករំលែក​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​នៅក្នុង​ស្រុក ជាមួយនឹង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏ដូចជា​សកល​វិទ្យាល័យ​ផ្សេងៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តំរូវការ​នេះ​”​។​

​ជាមួយគ្នានេះដែរ លោក តាំង ប៉េង​សាន (Tang Pen San) នាយក​ក្រុមហ៊ុន Fourtitude Asia បាន​ឲ្យ​ដឹង​ដែលថា​៖ “​យើង​មានបទពិសោធន៍ ចំណេះ​និង​ជំនាញ​ជាច្រើន នៅក្នុង​ផ្នែក​មួយ​នេះ ដែល​យើង​ចង់​យកមកចែក​រំលែក​នៅ​កម្ពុជា​។ កិច្ចសហការ​គ្នា​នេះ គឺមាន​សារៈសំខាន់​ណាស់ ព្រោះ​យើង​បាន​មើលឃើញថា នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ការខ្វះខាត​អ្នកមានចំណេះដឹង ខាង​ផ្នែក​បច្ចេកវិទ្យា​ពពក (Cloud Technology) និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber Security) ដោយ​តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ យើង​នឹង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា ជាមួយ​ចំណេះដឹង​ទាំងនេះ ដើម្បី​បំរើ​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ការកសាង​សេដ្ឋកិច្ច​ឌីជីថល របស់​ប្រទេស​កម្ពុជា​។ វា​មិនមែន​ត្រឹមតែ​ចេះ​អភិវឌ្ឍ​សេវាកម្ម Cloud ប៉ុណ្ណោះ​ទេ គឺ​ចេះ​ថែរក្សា និង​លើក​កំពស់​សេវា​កម្មនេះ​ផងដែរ​”​។​

(រូបភាព៖ ​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ )

​លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹងថា​៖ “​មជ្ឈមណ្ឌល​ទិន្នន័យ គឺជា​អនាគត របស់​សេដ្ឋកិច្ច​ឌីជីថល របស់​យើង​។ កាលណា​យើង​និយាយ​អំពី​សេដ្ឋកិច្ច​ឌីជីថល អត់​មាន​ទិន្នន័យ គឺ​វា​មិនអាច​កើតឡើង​ទេ​។ លំហូរ​នៃ​ទិន្នន័យ​ជា​ផ្នែក​មួយ​សំខាន់ នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល ដែល​មជ្ឈមណ្ឌល​ទិន្នន័យ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដ៏​សំខាន់ ក្នុងការ​ទ្រទ្រង់​ទៅលើ​លំហូរ​ទិន្នន័យ​”​។​

​ទីតាំង​របស់​គម្រោង​សាងសង់ របស់​មជ្ឈមណ្ឌល​ទិន្នន័យ នេះ ត្រូវបាន​គេ​ដឹងថា​មាន​ទីតាំង​ស្ថិតនៅ ឃុំ​កំបូល ស្រុក​អង្គស្នួល ខេត្តកណ្ដាល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​៕​