ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ ទូរទស្សន៍ NiceTV ផ្សាយ​ផ្ទាល់ ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥

ភ្នំពេញ ​៖ ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ជេ​សុន លី​ស (Jason Liu) នាយក​ផ្នែក​ប្រតិបត្តិ​របស់​ស្ថានីយទូរទស្សន៍ NiceTV កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ការគាំទ្រ ចំពោះ​សំណើសុំ​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ NiceTV អំពី​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​គ្រោង​នឹង​រៀបចំឡើង នៅ​ទីក្រុង​ណាន​នី​ង​ក្នុង​តំបន់​ស្វយ័ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី​១២ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

ក្រសួង បាន​ឲ្យ​ដឹងថា ​នៅក្នុង​ជំនួប លោក ជេ​សុន លី​ស បាន​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធ្វើការ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍ ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដើម្បី​ចែករំលែក​ឲ្យ​បាន​ទូលំទូលាយ អំពី​សកម្មភាព​ទូទៅ​នៃ​ពន្លា​ជាតិ​របស់​កម្ពុជា និង​ការចូលរួម​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​ផ្សេងៗ​សំដៅ​រួមចំណែក​លើកស្ទួយ​កិត្តិនាម​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ក្លាយជា​ប្រទេស​កិត្តិយស​ក្នុងឆ្នាំនេះ។

លោក ជេ​សុន លី​ស បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី​ថា ទូរទស្សន៍ NiceTV មាន​ធនធានមនុស្ស និង​បច្ចេកទេស​គ្រប់គ្រាន់ ព្រមទាំង​កិច្ចសហការ​ល្អជា​មួយ​ទូរទស្សន៍​មជ្ឈិម​ចិន និង​ទូរទស្សន៍​ខេត្ត​ក្វាង​ស៊ី ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ទាំងស្រុង​នៃ​ព្រឹត្តិការណ៍​ពិព័រណ៍ សម្រាប់​ផ្សព្វផ្សាយ​ជូន​ទូរទស្សនិកជន នៅក្នុង​ប្រទេស​កម្ពុជា​។​

ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ឯកភាព​ទៅនឹង​សំណើសុំ​សហការ​របស់​ទូរទស្សន៍ NiceTV និង​បានស្នើ​លោក ជេ​សុន លី​ស ធ្វើការ​បន្ត​ជាមួយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដែលជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម មាន​ភារកិច្ច​ទទួលខុស​ត្រូវ​រួម សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន អាស៊ាន​-​លើក​ទី​១៥​។ លើសពីនេះ លោក​រដ្ឋមន្ត្រី បានស្នើ​លោក ជេ​សុន លី​ស ធ្វើការ​ទំនាក់ទំនង និង​ជូនដំណឹង​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ដើម្បី​ទទួលបាន​ព័ត៌មាន អំពី​កម្មវិធី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

គួរ​រំលឹក​ដែរ​ថា ទូរទស្សន៍ NiceTV ត្រូវបាន​បង្កើតឡើង តាមរយៈ​កិច្ចសហការ​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមហ៊ុន NICE Culture Investment Group ដែលមាន​ទីស្នាក់ការ​កណ្ដាល​នៅក្នុង​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។ បន្ទាប់ពី​ចំណាយពេល​សាងសង់ និង​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​អស់​រយៈពេល​ជាង ១​ឆ្នាំ ទូរទស្សន៍​នេះ បាន​ដំណើរ​ការផ្សាយ​ជា​ផ្លូវការ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ ដោយមាន​កម្មវិធី​ចម្រុះ​ដូចជា ព័ត៌មាន វប្បធម៌ កីឡា និង​សិល្បៈ​កម្សាន្ត ជា​ខេមរភាសា រយៈពេល ២៤​ម៉ោង ក្នុង ១​ថ្ងៃ៕