ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ចំ​ពេល​ភាព​តានតឹង​កើនឡើង

កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក James Mattis បាន​ទៅដល់​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​គាត់​ទៅ​កាន់​ប្រទេស​ចិន​ ដើម្បី​ស្វែងរក​កន្លែង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​យោធា ​ខណៈ​ភាព​តានតឹង​ផ្នែក​សន្តិសុខ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​កំពុង​កើនឡើង​ខ្ពស់។

ស្រប​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង​កំពុង​ជាប់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ក្លា​ហើយ​មន្ទីរ​បញ្ច​កោណ​មាន​កង្វល់​អំពី​ការដាក់​អាវុធ​របស់​ចិន​លើ​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​, លោក Mattis បាន​និយាយថា គាត់​នឹង​ស្វែងរក​តំបន់​នានា​ដែល​ភាគី​ទាំងពីរ​ចែករំលែក​ផលប្រយោជន៍​រួមទាំង​ការបញ្ចុះ​បញ្ចូល​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផងដែរ​។

លោក Mattis គ្រោង​នឹង​ជួប​សម​ភាគី​ចិន​របស់គាត់​គឺ​លោក Wei Fenghe ជា​លើកដំបូង​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​ផង​ដែរ​ដើម្បី​មើល​ទស្សនៈ​របស់​ពួកគេ​។​

លោក Mattis បាន​និយាយថា ពេលវេលា​ចុងក្រោយ​បំផុត​ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​គឺ​កាលពី​៤​ឆ្នាំមុន​ហើយ​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំងពីរ​ចាំបាច់​ត្រូវតែ​ពង្រឹង​។ លោក​បន្តថា “​ខ្ញុំ​គិតថា វិធី​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​របស់​យើង​ទាំងពីរ​គឺ​ដំបូង​ត្រូវតែ​បង្កើត​កិច្ចសន្ទនា​ជា​យុទ្ធសាស្ត្រ​មួយ​ប្រកបដោយ​តម្លាភាព​ជាមុនសិន​”​។​

ប៉ុន្តែ​កាសែត​រដ្ឋ​របស់​ចិន Global Times បាន​ព្រមាន​នៅក្នុង​អត្ថបទ​វិចារណកថា​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​លោក Mattis គួរតែ​ស្តាប់​ជាជាង​រិះគន់​”​។​

កាសែត​នេះ​បានសរសេរថា “​ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​យល់​ពី​អារម្មណ៍​អសន្តិសុខ​របស់​ប្រទេស​ចិន​ឬ​បកស្រាយ​ខុស​អំពី​ភាពចាំបាច់​នៃ​សកម្មភាព​ដែល​ចិន​បានធ្វើ​ដើម្បី​កាត់បន្ថយ​អារម្មណ៍​អសន្តិសុខ​ទេនោះ ភាព​តានតឹង​នឹងមិន​អាចជៀ​សរួច​ទេ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក​”​។​

គួរ​បញ្ជាក់ថា ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​ក៏​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​ផងដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​ទៅកាន់​តំបន់​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​បានកើត​ឡើងខណៈ​ការគំរាមកំហែង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​កាន់តែ​ខ្លាំងក្លា​៕ AFP