ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​ទេសចរណ៍ គ្រោង​រៀបចំ​ព្រៃ​អ្នកតា​ក្រហម​ឲ្យ​ក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរណ៍

ស្ទឹងត្រែង ៖ ​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្តស្ទឹងត្រែង​បាន​ចាត់​ទុក​តំបន់​ព្រៃ​អ្នកតា​ក្រហម​ក​ មាន​សក្តានុពល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​បាន ដោយសារ​ព្រៃ​តំបន់​នេះ​នៅមាន​រូបរាង​ដើម​ពី​ធម្មជាតិ​មិនទាន់​មានការ​កាប់​បំផ្លាញ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា មួយវិញទៀត​ព្រៃ​នេះ​ ជា​កន្លែង​បន់ស្រន់​របស់​អ្នកស្រុក​នៅ​តំបន់​នេះ​ដែល​មាន​ជំនឿ​ទៅលើ អរុកអរក្ស​អ្នកតា​ភ្នំ ពេល​ទៅ​បែរបន់​ទ​ទូល​បាន​សេចក្តីសុខ​ចម្រើន​។

លោក​លឹម​ សៃ តំណាង​ឲ្យ​ក្រុម​អភិរក្ស​ព្រៃ​ធម្មជាតិ នៅ​សហគមន៍​នេះ​បញ្ជាក់​ថា តំបន់​ព្រៃ​នេះ​ជា​កន្លែង​បន់ស្រន់​អ្នកតា​ក្រហម​មែន ហើយក៏ មិន​មាន​អ្នកណា​ហ៊ាន​មក​ធ្វើ​អ្វី​ឲ្យ​ខុសឆ្គង​នោះទេ។

លោក​ថា ​ទំនៀមទម្លាប់​នេះ ​មានតែ​បងប្អូន​ក្នុង​សហគមន៍ មក​យក​ជ័រ​- រក​ផ្តៅ​- រក​ផ្សិត​ធម្មជាតិ -​គ្រាន់​បំពេញ​សេចក្តី​ត្រូវការ​បាន​។

​លោក​អះអាង​ថា តំបន់​ព្រៃឈើ​មាន​ដើមច្បោះ​ធំៗ អាជ្ញាធរ​ឃុំ​បាន​បង្កើត​គណៈកម្មការ​គ្រប់គ្រង​និង​សហ​សមាជិក សហគមន៍​នាំគ្នា អភិរក្ស​ទុក​ដោយ​រៀបចំ​បោះបង្គោល​ព្រំ​បាន​ត្រឹមត្រូវ​មិន​ឲ្យ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ដី​កម្មសិទ្ធិ​ឯកជន​ណាមួយ​ឡើយ៕