ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ កំពុង​ស្ថាបនា​ប្រព័ន្ធ​លូ​ខ្នាត​ធំ​១​ខ្សែ​ចន្លោះ ​ផ្លូវ​លេខ​២៧៨​ដល់​ផ្លូវ​៥០៨​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ប្រវែង​ជិត​៣​គីឡូម៉ែត្រ

ភ្នំពេញ ​៖​​ ប្រព័ន្ធ​លូ​មេ​មួយ​ខ្សែ​ប្រវែង​២.៦៥០​ម៉ែត្រ​,មុខកាត់​១​ម៉ែត្រ​ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ដំណើរការ​ស្ថាបនា​លើ​កំណាត់​ផ្លូវ​លេខ​២៧៨​ដល់​ផ្លូវ​លេខ​៥០៨​ឆ្លងកាត់​សង្កាត់​បឹង​កេងកង​ទី​១​ និង​សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​ក្រោម​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ថា ប្រព័ន្ធ​លូ​ថ្មី​នេះ អាច​រំដោះ​ទឹក​នៅ​តំបន់​មហាវិថី​ព្រះមុនីវង្ស​,​ផ្លូវ​ត្រសក់ផ្អែម​ និង​តំបន់​រងទឹក​ភ្លៀង​នៅ​ជុំវិញ​ដើម្បី​នាំ​ទឹក​ចាក់​ទៅ​ស្ថានីយ​បូមទឹក​បឹងត្របែក​ឲ្យ​ទាន់​ពេលវេលា។

លោក​នាយក​មន្ទីរ​បញ្ជាក់​ថា នៅ​ទីតាំង​នេះ​ កន្លងមក​មាន​ប្រព័ន្ធ​លូ​តូច​.​ធំ​ខុសៗ​គ្នា​ ហើយ​​ប្រព័ន្ធ​លូ​ភាគច្រើន​ជា​ប្រព័ន្ធ​លូ​ចាស់​សល់​ពី​សម័យ​អាណានិគមនិយម​បារាំង ​ដែល​មាន​អាយុកាល​លើស​ពី​៥០​ឆ្នាំ​ ដែល​ធ្វើ​ឲ្យ​លូ​ចាស់​ទាំងនោះ តែង​បាក់​ស្រុត​ជា​ញឹកញាប់ ​និង​បណ្ដាល​ឲ្យ​ខូច​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​ ដែល​ទាមទារ​ឲ្យ​មានការ​ស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី​ ដែល​មាន​ទំហំ​ធំ​ជាង​មុន​ ទើប​សមស្រប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​បង្ហូរ​ទឹក​ដែល​មាន​បរិមាណ​ធំ​ នៅពេល​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ក៏​ចេះតែ​កើនឡើង​យ៉ាង​គំហុក។

តំណាង​ក្រុមហ៊ុន​CCEF​ ដែល​ទទួល​ម៉ៅការ​ស្ថាបនា​ប្រព័ន្ធ​លូ​នេះ​ បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​នេះ​ បាន​ចាប់​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២៨​ ខែ​ឧសភា និង​គ្រោង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០១៨​ខាងមុខ។

សូមបញ្ជាក់ថា ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​តូច​ទាំង​ធំ​ មាន​ប្រវែង​ប្រមាណ​៤៦០​គីឡូម៉ែត្រ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114