ព័ត៍មានទាន់​ហេតុការណ៏
Search

បានសាកល្បង “​មី​បង្ហូរ​តាម​បំពង់​ឫស្សី​” ហើយឬនៅ?​ បើមិនទាន់ទេ កុំភ្លេចមកចូលរួមណា៎​!

ភ្នំពេញ​៖ យោងតាម​ប្រភពព័ត៌មាន ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា “​មី​បង្ហូរ​តាម​បំពង់​ឫស្សី​” ឬ​ជា​ភាសា​ជប៉ុន “​ណាហ្គា​ស៊ិ សូ​មេន​” (Nagashi Somen) នឹងមាន​វត្តមានជាថ្មីម្ដងទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កម្មវិធី​បុណ្យ​ផ្កាយ ២០១៨ ឬ Tanabata Festival 2018 ដែល​នឹង​រៀបចំ​ធ្វើឡើង ​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ​។​​

(រូបភាព៖ ការញ៉ាំ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen នៅប្រទេសកម្ពុជា)

មន្ត្រី​ខាង​ស្ថានទូត​ជប៉ុន បាន​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​កម្ពុជា អាច​ចូលរួម​សាកល្បង​ភ្លក់ “​មី​បង្ហូរ​តាម​បំពង់​ឫស្សី​” នេះ រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែកក្កដា នៅ​ម៉ោង ៩:០០ ដល់​ម៉ោង ១១:៣០​នាទី ឬ​ពី​ម៉ោង ១៣:៣០​នាទី ដល់​ម៉ោង​១៦:០០ នៅ​សួន​ខាងលិច នៃ​ទីធ្លា​របស់ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – ជប៉ុន (CJCC)​។​​

(រូបភាព៖ ការញ៉ាំ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen នៅប្រទេសកម្ពុជា)

មន្ត្រី​ខាង​ស្ថានទូត​ជប៉ុន បានបន្តទៀតថា ដើម្បីសាកល្បងភ្លក់ “មី​បង្ហូរ​តាម​បំពង់​ឫស្សី​” ឬ “​ណាហ្គា​ស៊ិ សូ​មេន​” នៅក្នុងថ្ងៃនោះ អ្នកចូលរួម គ្រាន់តែចំណាយតែ ២០០០ រៀលក្នុងមួយនាក់ ក្នុងមួយដង។

តើ​អ្វី​ទៅជា “មី​បង្ហូរ​តាម​បំពង់​ឫស្សី​” ឬ “​ណាហ្គា​ស៊ិ សូ​មេន​” (Nagashi Somen)?

​មុនពេល​យើង​ស្វែងយល់​អំពី “​ណាហ្គា​ស៊ិ សូ​មេន​” យើង​គួរស្វែងយល់​អំពី​អ្វី​ទៅ “​សូ​មេន (Somen)” ជាមុនសិន​។ សូ​មេន (Somen) គឺ មី ឬ​គុយទាវ ដែលមាន​ពណ៌​ស សរសៃ​វា​ស្តើង​មែនទែន ផលិត​ពី​ម្សៅ​ស្រូវ​សាលី​។ នៅក្នុង​ប្រទេស​ជប៉ុន ជាទូទៅ​គេ​បរិភោគ “​សូ​មេន​” ត្រជាក់ ដោយ​ជ្រលក់​ទៅ​ទឹកជ្រលក់ ឬ​ស៊ុប​ត្រជាក់​។ “​សូ​មេន​” មាន​ភាពខុសគ្នា​ពី​អាហារ​ផ្សេងទៀត ដោយសារ​ការ​ចម្អិន​របស់​វា ត្រូវការ​ពេលវេលា​យ៉ាង​ឆាប់រហ័ស​បំផុត​។ ម្ហូប​បែបនេះ គឺមាន​ភាពសាមញ្ញ និង​ស្រស់ៗ​តែម្ដង​។ ប្រជាជន​ជប៉ុន ចូលចិត្ត​ហូប “​សូ​មេន​” នៅ​រដូវក្តៅ នៅពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង​។​​

(រូបភាព៖ មី ឬគុយទាវ​ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen)

ដូច្នេះ តើ​អ្វី​ទៅជា “​ណាហ្គា​ស៊ិ សូ​មេន​” (Nagashi Somen)? “​ណាហ្គា​ស៊ិ (Nagashi)” មកពី​កិរិយាស័ព្ទ “nagasu” (流す) ដែល​មានន័យថា “​ហូរ​”​។ ដូចនេះ “​ណាហ្គា​ស៊ិ សូ​មេន​” (Nagashi Somen) គឺជា សូ​មេន (​មី ឬ​គុយទាវ​) ដែល​អ្នក​ត្រូវ​ប្រើ​ចង្កឹះ ចាប់យក​នៅពេលដែល​វា​ហូរ​កាត់មុខ​របស់​អ្នក តាម​ទ​បង្ហូ ដែល​ផលិត​ពី​បំពង​ឫស្សី​។ វា​ជាការ​បែបផែន​មួយ នៃ​ទទួលទាន ដែល​ពោ​ពេញ​ដោយ​ភាព​រីករាយ ជាមួយ​មិត្តភក្តិ​និង​គ្រួសារ នៅក្នុង​ប្រទេស​ជប៉ុន​៕​

(រូបភាព៖ ការញ៉ាំ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen នៅប្រទេសជប៉ុន)

(រូបភាព៖ ការញ៉ាំ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen នៅប្រទេសជប៉ុន)

(រូបភាព៖ ការញ៉ាំ “​ណាហ្គា​ស៊ិ សូ​មេន​” Nagashi Somen នៅប្រទេសកម្ពុជា)