ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សុខ ឥសាន​ថា ប្រែ​ត អា​ដាំ គឺជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​សិទ្ធិមនុស្ស ដែល​ត្រូវ​នាំខ្លួន​យកទៅ​កាត់ទោស​នៅ​តុលាការអន្តរជាតិ

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ខណៈ​ការបោះឆ្នោត​កាន់តែ​ជិត​មកដល់ គ្មាន​អានុភាព​ណា​មក​រារាំង​បុគ្គល ប្រែ​ត អា​ដាំ (Brad Adams) មិន​ឲ្យ​ប្រឌិត​រឿង​ទម្លាក់កំហុស​មកលើ​ឥស្សរជន​យោធា​កម្ពុជា​១២​រូប ដែល​ធ្លាប់មាន​ស្នាដៃ​ក្នុងការ​រួមចំណែក​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​បានឡើយ ដូច្នេះ Brad Adams គឺជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​សិទ្ធិមនុស្ស ដែល​ត្រូវ​នាំខ្លួន​យកទៅ​កាត់ទោស​នៅ​តុលាការអន្តរជាតិ ពីព្រោះ​គេ​ធ្វើ​សកម្មភាព​បំពាន​មកលើ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ប្រមាថ​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា និង​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​បែបនេះ ជាការ​ឆ្លើយតប​របាយ​ការ​ណ៍​របស់​លោក ប្រេដ អាដាម​ស៍ (Brad Adams) នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី (Human Rights Watch HRW) កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដែល​បាន​វាយប្រហារ ដោយ​គ្មាន​មូលដ្ឋា​ន​លើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា​ចំនួន​១២​រូប​។​

លោក សុខ ឥសាន លើកឡើងថា នៅពេលដែល​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់ បុគ្គល ប្រែ​ត អា​ដាំ បាន​ខិតខំ​ប្រឌិត​រឿង ដោយ​ដាក់​កំហុស​មកលើ​ឥស្សរជន​យោធា កម្ពុជា​ចំនួន​១២ រូប ដែល​ធ្លាប់មាន​ស្នាដៃ​ក្នុងការ​រួមចំណែក​ផ្តួលរំលំ​រប​ប្រល័យ​ពូជ​សាសន៍​ ប៉ុលពត ដែល​បាន​កាប់សម្លាប់​រង្គាល មកលើ​ប្រជាជន​កម្ពុជា អស់​រាប់លាន​នាក់​យ៉ាង​អយុត្តិធម៌​។ លោក​បន្តថា ការចោទប្រកាន់​របស់​បុគ្គល Brad Adams បង្ហាញ​ច្បាស់​ថា ប្រែ​ត អា​ដាំ កាន់ជើង​ពួក​ប្រល័យ​ពូជ​សាសន៍ កាន់ជើង​ពួក​ប្រឆាំង និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែលជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ស្តីពី​កម្ពុជា​។​

តាម​លោក សុខ ឥសាន “​សកម្មភាព​របស់ ប្រែ​ត អា​ដាំ បំពារបំពាន​មកលើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា មានន័យថា ប្រែ​ត អា​ដាំ ប្រឆាំងនឹង​រដ្ឋអំណាច​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា ប្រមាថ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា និង​រំលោភ​លើ​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹងនេះ ប្រែ​ត អា​ដាំ តែងតែ​ធ្វើ​សកម្មភាព​គាំទ្រ​ពួក​ឧទ្ទាម​ខ្មែរ​ក្រៅច្បាប់ ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ប្រទេសជាតិ​ខ្លួនឯង បានសេចក្តីថា ប្រែ​ត អា​ដាំ គឺ​សមាសភាព​មួយ​នៅក្នុង​រចនាសម្ព័ន្ធ នៃ​បដិវត្ត​ន៏​ពណ៌​ដឹកនាំ ដោយ​មេខ្លោង​បរទេស ដែល​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​នៅលើ​ឆាក​អន្តរជាតិ​។ សកម្មភាព​របស់​ប្រែ​ត អា​ដាំ ឆ្លុះបញ្ចាំង​ច្បាស់​ថា ប្រែ​ត អា​ដាំ គឺជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​គប្បី​ត្រូវ​នាំខ្លួន​យក​ទៅ​កាត់ទោស​នៅ​តុលាការអន្តរជាតិ ទើប​សម​”​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ អង្គការ HRW បានចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​ធ្វើការ​ចោទប្រកាន់​ទៅលើ​មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ចំនួន​១២​រូប​ថា បាន​រំលោភ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ រហូតមកដល់​បច្ចុប្បន្ន៕