ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អង់គ្លេស កាន់តែ​ខិត​ទៅ​រក​ការ​ផ្តល់​ភាព​ស្របច្បាប់ នៃ​ការប្រើប្រាស់​កញ្ឆា Cannibis ជា​ថ្នាំ​ព្យាបាល

ប្រទេស​អង់គ្លេស​កាន់តែ​ឈាន​ឆ្ពោះ​ថែម​មួយ​ជំហាន​ទៀត​ដើម្បី​ផ្តល់​ឡាក់ឋាន​ស្របច្បាប់ (legalize) ការប្រើប្រាស់​កញ្ឆា Cannabis ជា​ថ្នាំ​ព្យាបាល​ហើយ បន្ទាប់ពី​របាយការណ៍​មួយ​ដែល​បានធ្វើការ​សន្និដ្ឋាន​ថា ​វា​មាន​ផលប្រយោជន៍​ចំពោះ​អ្នកជំងឺ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ឡើងវិញ ​ពី​ការអនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ដែល​រង​ការហាម​ប្រាម​។

សាស្ត្រាចារ្យ Professor Sally Davies មន្ត្រី​នាយក​វេជ្ជសាស្ត្រ​ប្រទេស​អង់គ្លេស បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីរាយការណ៍​មួយ​ថា​ ពិត​ជា​មាន​ភស្តុតាង​ប្រាកដប្រជា​ដែល​ថា ​កញ្ឆា Cannabis អាច​ជួយ​មនុស្ស​ផង​ទាំងឡាយ​ដែល​រង​ការឈឺចាប់​ដោយសារ​អាកា​រៈ​រ៉ាំរ៉ៃ ជំងឺ​រឹង​សាច់​ដុំ multiple Sclerosis និង​ករណី​ព្យាបាល​ដោយ​គីមី​សាស្ត្រ កាត់បន្ថយ​បាន​នូវ​អាកា​រៈ​រង៉ាប់រងើ​ចង្អោរ​រកកល​ចង់​ក្អួត​។

​ក៏​នៅ​មាន​ភស្តុតាង​មួយចំនួន​ផង​ទៀត ដែល​កញ្ឆា Cannabis អាច​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណេក​របស់​អ្នកជំងឺ ដែល​រង​អាកា​រៈ​ដេក​ពុំ​លក់ Sleep apnoea, ជំងឺ fibromyalgia. អា​ការៈឈឺចាប់​រ៉ាំរ៉ៃ និង​ដំណើរ​និង​សាច់​ដុំ​។ នេះ​ជាការ​រកឃើញ​ដែល​ត្រូវបាន​យកមក​ធ្វើជា​របាយការណ៍​។

ក្រសួងមហាផ្ទៃ​ប្រទេស​អង់គ្លេស បាន​ដាក់ចេញ​បទបញ្ជា​ឲ្យ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ឡើងវិញ​នៅក្នុង​ការប្រើប្រាស់​កញ្ឆា Cannabis សម្រាប់​ហេតុផល​ឱសថ កាលពី​ខែ​មុននេះ បន្ទាប់ពី​ថ្នាំកែរោគ​ឆ្កួតជ្រូក​ ឬ​ ស្ក​ន់ របស់​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ផ្សំ​ពី​ជាតិ​កញ្ឆា ត្រូវ​រឹបអូស​ដោយ​ក្រុម​មន្ត្រី​នាំ​ឲ្យ​មានការ​ពិភាក្សា​ដេញ​ដៅ​ទូទាំង​ថ្នាក់ជាតិ អំពី​ការប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​។

រដ្ឋាភិបាល​រង​ការ​ចាប់​បង្ខំ​ឲ្យ​ប្រើ​អំណាច​ពិសេស​ដោយឡែក​មួយ ​ដើម្បី​ប្រគល់​ប្រេង​ចម្រាញ់​ពី​កញ្ឆា ទៅ​ឲ្យ​ស្ត្រី​ជា​ម្តាយ​របស់​អ្នកជំងឺ​ក្មេងប្រុស​ដែល​ត្រូវ​នាំទៅ​កាន់​មន្ទីរពេទ្យ​ដែល​រង​ការឈឺចាប់​ដោយសារ​អាកា​រៈ​ប្រកាច់​។

​កាលពី​ខែ​មុន កាណាដា​ជា​ប្រទេស​ទី​ពីរ​នៅក្នុង​ពិភពលោក ដែល​បានដាក់​កញ្ឆា ឲ្យ​ស្របច្បាប់​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ ដោយ​បាន​បញ្ចប់​ទៅ​នូវ​ការ​ហាម​ប្រាម​អស់​កាល​៩០​ឆ្នាំ​កន្លង​មក​ហើយ ហើយ​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត​ក្នុង​នោះ​មាន​អាល្លឺម៉ង់ អ៊ី​តា​លី និង​ដា​ណឺ​ម៉ាក​វិញ​ការប្រើប្រាស់​ថ្នាំ​ផលិត​ចម្រាញ់​ពី​កញ្ឆា ដោយ​វេជ្ជបញ្ជា​ត្រូវបាន​ចាត់ទុកថា ស្របច្បាប់​។

ប៉ុន្តែ​ការពិនិត្យ​អំពី​លទ្ធភាព​នៃ​ការប្រើ​កញ្ឆា​នឹង​មិន​ត្រូវបាន​ចាត់ទុក​ថា ស្របច្បាប់​ឡើយ សម្រាប់​គោលបំណង​នៃ​ការ​សេព​កម្សាន្ត​សប្បាយ​នោះ​៕
រ៉​យ​ទ័​រ