ព័ត៍មានទាន់​ហេតុការណ៏
Search

កូន​ឈើ​១៥០០​ដើម​ ត្រូវ​បាន​អាជ្ញាធរ​ និង​មន្ត្រីរាជការ​ធ្វើ​ការ​ដាំដុះ​នៅ​មណ្ឌលគិរី​ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា​៩​កក្កដា

មណ្ឌលគិរី ​៖ ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ រួម​នឹង​សិស្សានុសិស្ស បាន​នាំ​យក​កូនឈើ​ប្រណីត​ និង​ឈើ​លេខ​១​ចំនួន​១៥០០​ដើម រៀបចំ​ដាំ​នៅ​ទីតាំង​ព្រលានយន្តហោះ​ក្នុង​ទីធ្លា​សួនច្បារ ស្ថិតនៅ​ភូមិ​ដោះ ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​លើ​ផ្ទៃដី​ចំនួន​២​ហិកតា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ជា​ការ​អបអរសាទរ​ពិធី​រុក្ខទិវា​៩ កក្កដា ឆ្នាំ​២០១៨។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រ​មាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ទិវា​ហត្ថកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណី​ជាតិ ហៅថា បុណ្យ​រុក្ខទិវា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ជា​រៀងរាល់​ឆ្នាំ​ទូទាំងប្រទេស សំដៅ​ធានា​នូវ​ការគ្រប់គ្រង​ព្រៃឈើ ប្រកបដោយ​និរន្ដរភាព និង​មាន​ផលប្រយោជន៍​សម្រាប់​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន រួម​ទាំង​ការ​អភិរក្ស​ជីវចម្រុះ និង​មរតក​វប្បធម៌ ពិសេស​អាច​បង្កើត​បាន​នូវ​ម្លប់​បៃតង​ឡើងវិញ ​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត។

លោក សុង ឃាង បានបញ្ជាក់​ទៀតថា «​ផែនការ​ឆ្នាំ​២០១៨​នេះ យើង​ដាំ​កូនឈើ​ចំនួន​១៥០០​ដើម មាន​ប្រភេទ​កូនឈើ​បេង គ្រញូង នាងនួន គគីរ ​និង​ឈើទាល ហើយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ធ្វើការ​បែងចែក​កូនឈើ ចំនួន​១​ពាន់​ដើម​ដាំ​ក្នុង​ទីធ្លា​សួនច្បារ​ចំនួន​៥០០​ដើម​ទៀត​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ផ្សេងៗ​ទៀត យកទៅ​ដាំ​តាម​លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​ជាការ​បំផុស​ចលនា​ដល់​គូ​​ស្រករ​ថ្មី​ឲ្យ​ដាំ​កូនឈើ ក្នុង​ម្នា​ក់​មួយ​ដើម​ក្នុងពេល​ប្រារព្ធ​អាពាហ៍ពិពាហ៍​ដើម្បី​ទុកជា​អនុស្សាវរីយ៍​ផងដែរ​»​។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា «​ការ​ដាំ​ដើមឈើ​ពិត​ជាមាន​ប្រយោជន៍​ណាស់ ដូចនេះ​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា សូម​ចូលរួម​ដាំ​ដុះ​កូនឈើ រក្សា​ការពារ និង​ស្រឡាញ់​ព្រៃឈើ​ស្រឡាញ់​ជីវចម្រុះ សត្វព្រៃ​ដើម្បី​ប្រែក្លាយ​តំបន់​រស់នៅ ឲ្យ​មាន​គម្រប​ពណ៌​បៃតង​ស្រស់បំព្រង និង​អភិរក្ស​ធនធាន​ព្រៃឈើ សម្រាប់​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។​

លោក​អភិបាលខេត្ត បានបញ្ជាក់​បន្ថែមទៀត​ថា ការបាត់បង់​ព្រៃឈើ និង​គម្រប​ព្រៃឈើ​បណ្តាល​ឲ្យ​តំបន់​យើង​ទទួលរង​ការគំរាមកំហែង ពី​ធម្មជាតិ​ដូចនេះ យើង​ត្រូវ​នាំគ្នា​បញ្ឈប់​ការកាប់ រាន​ដុត​ឈូសឆាយដី​ព្រៃឈើ ធ្វើជា​កម្ម​សិទ្ធិ ហើយ​នាំគ្នា​រក្សា​ការពារ និង​ដាំ​ដើមឈើ​ឡើងវិញ​ឲ្យ​បាន​ច្រើន រួមទាំង​ឈើ​ហូប​ផ្លែ​ផងដែរ​ប្រយោជន៍​ទាញយក​ប្រភព​ចំណូល​សេដ្ឋកិច្ច ដើម្បី​យកមក​ធ្វើការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114