ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្រុម​កាយរឹទ្ធិ​ឲ្យ​បាន​ផុសផុល ​ថែមទៀត​ដើម្បី​ពង្រីក​កម្លាំង​ជួយ​ដល់​សង្គមជាតិ​

​ភ្នំពេញ ​៖​ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ជំរុញ​ឲ្យ​យុវជន​សិស្ស​និស្សិត​ចូល​ជា​សមាជិក​ក្រុម​កាយរឹទ្ធិ​ឲ្យ​បាន​ផុស​ផុល​ថែម​ទៀត​ដើម្បី​ពង្រីក​កម្លាំង​ជួយ​ដល់​ការងារ​ស​ង្គម​ ខណៈ​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​សមាជិក​ប្រមាណ​ជិត​១៤​ម៉ឺន​នាក់។

ថ្លែង​ក្រោយ​ទិវា​កាយរឹទ្ធិ​ជាតិ​កម្ពុជា​អបអរសាទរ​ខួប​១០​ឆ្នាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា ​ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​ដែលជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ផង​នោះ បាន​មានប្រសាសន៍​បន្តថា ​ការចូល​ជា​សមាជិក​ចលនា​កាយរឹទ្ធិ​នេះ​នឹង​ជួយ​ឲ្យ​យុវជន​ចេះ​ធ្វើ​ការងារ​ជា​ក្រុម បណ្តុះ​គំនិត​និង​ទឹកចិត្ត​ឲ្យ​ចេះ​ជួយ​សង្គម​ដូចជា ជួយ​​សម្អាត​បរិស្ថាន អប់រំ​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ ជួយ​ជន​ចាស់ជរា​ឬ​ជនក្រីក្រ សកម្ម​ភាព​មនុស្សធម៌​និង​សាសនា​ពិសេស​ជួយ​ឲ្យ​យុវជន​ក្លាយទៅជា​ពលរដ្ឋ​មាន​ទំនួល​ខុសត្រូវ​នៅក្នុង​សង្គម​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​«​ចលនា​កាយរឹទ្ធិ​នេះ​ជា​ចលនា​មួយ​ដែល​ជួយ​អប់រំ​ដល់​យុវជន​នៅក្នុង​សង្គម​ដូចជា​ចូលរួម​សកម្មភាព​បោះជំរំ​និង​សកម្មភាព​នានា​ទាំង​ក្នុង​សាលា​និង​ក្រៅ​សាលា​ធ្វើ​ឲ្យ​សិស្ស​ចេះ​ធ្វើ​ការងារ​ជា​ក្រុម ជួយ​ក្នុងសង្គម ជួយ​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម »​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន ​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់​ទូទាំងប្រទេស​ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពី​គោលការណ៍​កាយរឹទ្ធិ​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ ​និង​ឯកជន​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ​ដើម្បី​ឲ្យ​យុវជន​សិស្ស​និស្សិត​ចូល​ជា​សមាជិកភាព​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​ ស្របតាម​ទិសដៅ​ដែល​គ្រោង​នឹង​ពង្រីក​សមាជិក​ឲ្យ​បាន​ជាង​២​សែន​នាក់​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​

ជាមួយគ្នានេះដែរ​លោក​រ​ដ្ឋ​មន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​ចលនា​កាយរឹទ្ធិ​កម្ពុជា​បង្កើន​ការអប់រំ​និង​បណ្តុះបណ្តាល​ដល់​កុមារ​និង​យុវជន​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​កាយរឹទ្ធិ​ដ៏​រឹងមាំ​និង​មាន​ប្រយោជន៍​ចំពោះ​សង្គមជាតិ​ពិសេស​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ដឹកនាំ​កាយរឹទ្ធិ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ទទួលបាន​ការបណ្តុះបណ្តាល​ទទួលស្គាល់​កម្រិត​អន្តរជាតិ​និង​ស្របទៅតាម​បទដ្ឋាន​បណ្តុះបណ្តាល​រប​ស់​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធិ​។​

ចំណែក​លោក អាន សុវណ្ណ​នូ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ដែល​ទើប​ចូល​ជា​សមា​ជិ​ក​កាយ​រឹទ្ធិ​ថ្មី​បាន​មានប្រសាសន៍ថា​ ការចូល​ជា​សមាជិក​កាយរឹទ្ធិ​កម្ពុជា​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ព្រោះ​បាន​ជួយ​ឲ្យ​លោក​ចេះ​អភិវឌ្ឍ​សង្គម បណ្តុះ​គំនិត​និង​ទឹកចិត្ត​ឲ្យ​ចេះ​ជួយ​សង្គម​ដូចជា​ជួយ​ចាស់ជរា សំអាត​បរិស្ថាន​និង​កិច្ចការងារ​សង្គម​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​យុវជន​ផ្ទាល់​។​

លោក​បាន​សន្យាថា ​នឹង​ជួយ​ផ្សព្វផ្សាយ​ដល់​យុវជន​សិស្ស​និស្សិត​ចូលរួម​ជា​សមាជិក​កាយរឹទ្ធិ​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​ចលនា​កាយរឹទ្ធិ​កម្ពុ​ជា​មាន​អាយុកាល​៨៤​ឆ្នាំ​មក​ហើយៗ​បាន​ចូល​ជា​សមាជិក​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធិ​នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​១ ​ខែកក្កដា ​ឆ្នាំ​២០០៨​ ហើយ​រហូតមកដល់​បច្ចុប្បន្ន​មាន​សមាជិ​ក​សមាជិកា​សរុប​ចំនួន​ជាង​១៣៧២៤១​ពាន់​នាក់​ហើយ​គ្រោង​នឹង​ពង្រីក​សមាជិក​ឲ្យ​បាន​ដល់​ទៅ​ជាង​២​សែន​នាក់​នៅក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114