ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បំរាម​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​មធ្យោបាយ​រដ្ឋ​ក្នុងពេល​ឃោសនាបោះឆ្នោត

កណ្តាល​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​សាជាថ្មី​ទៀត​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ និង ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ខិតខំ​ថែរក្សា​បរិយាកាស​បោះ​ឆ្នោត​ឲ្យ​បាន​អព្យាក្រឹត្យ​ ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌។ ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋ​ក៏បាន​ចេញ​បំរាម​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ហាម​យក​រថយន្ត​របស់​រដ្ឋ និង​ប្រើប្រាស់​សាំង​របស់​រដ្ឋ​ក្នុង​ការចុះ​ឃោសនា​ឲ្យ​គណបក្ស។

នៅ​ថ្ងៃ​ចុងក្រោយ នៃ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះ ខណៈ​នៅ​សល់​តែ​២​ថ្ងៃ ទៀត​ដល់​ថ្ងៃ​បើក​យុទ្ធនា​ការបោះឆ្នោត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ខិតខំ​ថែរក្សា​នូវ​បរិយាកាស​នយោបាយ​អព្យាក្រឹត្យ ​ដើម្បី​ធានា​ដល់​ការបោះឆ្នោត​មួយ​ប្រកបដោយ​ភាព​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ និង ចេញ​បំរាម​មិន​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ប្រើប្រាស់​មធ្យោបាយ​របស់​រដ្ឋ​ដើម្បី​ធ្វើការ​ឃោសនាបោះឆ្នោត​នោះទេ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចេញ​បំរាម​គ្រប់​បណ្តា​ស្ថាប័នរដ្ឋ និង​មន្ត្រីរាជការ​ដែល​ធ្វើការ​នៅ​ស្ថាប័ន​រដ្ឋ​ ឬ​ អ្នក​ឈរ​ជា​តំណាងរាស្ត្រ ឬ អ្នក​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សម្លេង​ឆ្នោត​ទាំងអស់​មិន​ត្រូវ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​,​ថវិការដ្ឋ​,​មធ្យោបាយ​រដ្ឋ​… ដើម្បី​យកទៅ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះឡើយ។

សម្តេច​តេ​ជោ​បន្ត​ថា អាជ្ញាធរ​ពាក់​ព័​ន្ធ​គ្រប់​លំដាប់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​អព្យាក្រឹត្យ ហើយ​ត្រូវ​ការពារ​ឲ្យ​ខាងតែ​បាន​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ដែល​នឹងចូលរួម​ធ្វើ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ​ដូចជា​ការ​ហែក្បួន​របស់​បក្សនយោបាយ ឬ ការជួបជុំ​របស់​បក្ស​នយោបាយ​ជាដើម គឺ​ត្រូវ​ជួយ​សម្រួល​ក៏​អាច​ធ្វើ​បាន​ដូចគ្នា និង​ធ្វើ​យ៉ាងម៉េច​សម្រួល​បរិយាកាស​ទាំងអស់​នេះ​ដើម្បី​ឲ្យ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​ចំពោះមុខ​ប្រជាពលរដ្ឋ​របស់​យើង​ផងដែរ។

ជា​មួយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ទៅដល់​គណបក្ស​នយោបាយ​ទាំងអស់​ជាមួយ​តម្លៃ​ដូចៗ​គ្នា ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួល​គ្រប់​ទូរទស្សន៍​អស់ហើយ លើកលែងតែ​ទូរទស្សន៍​ជាតិ​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​ពេល​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត។

សម្តេច​តេ​ជោ​បន្ថែម​ថា ​សម្រាប់​ទូរទស្សន៍​ជាតិ គឹ​ត្រូវ​ផ្តល់​ម៉ោង​ស្មើៗ​គ្នា​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត។ សម្តេច​តេ​ជោ ហ៊ុន សែន ទូរទស្សន៍​ត្រូវ​បាន​ដាក់​តម្លៃ​រួចហើយ​សម្រាប់​ជួល​ឃោសនា​គឺ​១​នាទី ២៥០​ដុល្លារ។

នៅក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​រវាង​ប័ណ្ណ​ព័ត៌មាន​បោះឆ្នោត ថា​ជា​ប័ណ្ណ​សម្រាប់​ទៅ​បោះឆ្នោត។ មានតែ​អត្ត​សញ្ញាប័ណ្ណ​មួយ​គត់ ដែល​អាច​ចូលរួម​បោះឆ្នោត​បាន ដូចនេះ​សូមកុំ​មានការ​ភ័ន្តច្រឡំ។

ជាមួយ​សម្តេច​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​ក៏​នឹង​ចេញ​សារាចរណែនាំ​មួយ​ពាក់​ព័​ន្ធ​ទៅ​នឹង​ថ្ងៃ​បោះឆ្នោត​គឺ​ត្រូវ​ហាមឃាត់​ទទួលទាន​សុរ៉ា និង​លក់ដូរ​សុរ៉ា ដែល​ចាប់ពី​ម៉ោង ០ ថ្ងៃទី ២៨ កក្កដា ដល់​ម៉ោង ១២​យប់ ថ្ងៃទី ២៩ ខែកក្កដា ហាម​ផឹកស្រា​និង​លក់​ស្រា។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ព្រមាន​ចំពោះ​ជន​មួយ​ក្រុម​ ដែល​គេ​ថា​នៅ​ថ្ងៃ​ហាមឃាត់​នោះ​ពួកគេ​នឹង​ផឹកស្រា និង​ចាក់​ធុងបាស​រាំច្រៀង​ឲ្យ​ផ្អើល​តែម្តង​។ ​សម្តេច​បន្ត​ថា ប្រសិនជា​ហ៊ាន អ្នកឯង​នឹង​ត្រូវ​ជាប់គុក​ហើយ ពី​បទ​បង្ក​ការ​រំខាន និង​មាន​ចេតនា​បង្ក​អំពើ​ហិង្សា​នៅក្នុង​ថ្ងៃ​បោះឆ្នោត។ សម្តេច​បន្តថា ការហាមឃាត់​បែបនេះ មាន​គោលបំណង​មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា​និង​ការ​ស្លាប់​មនុស្ស​ដោយសារ​តែ​ការ​ផឹកស្រា​ និង ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​បោះឆ្នោត។

សម្តេច​បាន​បន្ត​ថា នេះ​ជា​ការ​ធានា​របស់​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ធ្វើ​ឲ្យ​ការបោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង ​មិន​មាន​ការប្រើប្រាស់​គ្រឿង​ស្រវឹង​និង​អំពើ​ហិង្សា​ការ​ឡើង​ពេល​បោះឆ្នោត។ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវធ្វើ​ឲ្យ​បាន​ស្មើភាព​ចំពោះ​គ្រប់​គណបក្ស​ទាំងអស់។

គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ចាំ​ថា ខ្លួន​ជា​គណបក្សកាន់អំណាច​ដែល​ត្រូវតែ​ប្រកាន់យក​នូវ​ជំហរ​មួយ​បង្ក​លក្ខណៈ​ឲ្យ​មាន​ភាពស្មើគ្នា។ យើង​មិនមែន​មិន​ចង់​ឈ្នះឆ្នោត​នោះ​ទេ ប៉ុន្តែ​យើង​ក៏ត្រូវ​ធានា​ឲ្យ​ការបោះឆ្នោត​នេះ​មាន​ភាពយុត្តិធម៌ ហើយ​ឈ្នះ​ដោយ​យុត្តិធម៌​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684