ព័ត៍មានទាន់​ហេតុការណ៏
Search

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លើកទឹកចិត្ត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បន្ត​ខិតខំ​ថែមទៀត​ដើម្បី​រួមចំណែក​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន

ភ្នំពេញ​ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា​-​រដ្ឋសភា និង​អធិការកិច្ច បាន​លើកទឹកចិត្ត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា បន្ត​ខិតខំ​ប្រឹងប្រែង​ថែមទៀត ដើម្បី​រួមចំណែក​ឲ្យ​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា កាន់តែ​រីកចម្រើន​រឹងមាំ​ជា​បន្តបន្ទាប់​ទៀត​។

នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក YuLingXiong ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​លោក​ណុប រ័ត្ន​និមល មេ​បញ្ជាការ​រង នៃ​អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោកជំទាវ ម៉ែន សំអន បាន​ថ្លែង​ថា សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា កន្លងមក​បាន​ប្រឹងប្រែង​បំពេញការងារ​របស់​ខ្លួន​ជាច្រើន​នៅ​កម្ពុជា ដូចជា​ធ្វើជា​វេទិកា​មិត្តភាព នៃ​សហគ្រិន​ចិន និង​កម្ពុជា ការជំរុញ ទំនាក់ទំនង​វិនិយោគ​ដើម្បី​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ហើយ​ការងារ​របស់​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា គឺជា​ការផ្តល់​សេវាកម្ម និង​កា​ធានា​ដ៏​ល្អឥតខ្ចោះ ដល់​សហគ្រិន​ចិន ដែល​មក​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​បាន​ខិតខំ​ប្រឹងប្រែង​ត្រួសត្រាយ​ការងារ​ដោយ​ភាព​ច្នៃប្រឌិត ទទួលបាន​លទ្ធផល​យ៉ាងច្រើន​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​លើកទឹកចិត្ត​ដល់​លោក YuLingxiong ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ចំណងមិត្តភាព​រវាង​ចិន និង​កម្ពុជា​កាន់តែ​រីកចម្រើន​រឹងមាំ​។

លោកជំទាវ​បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សង្កេតឃើញ​ការ​រីកចម្រើន​ឥតឈប់ឈរ នៃ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ហើយ​រដ្ឋាភិបាល​ប្រទេស​យើង​ទាំង​ពីរ​បាន​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ផ្លែផ្កា ស្របតាម​គោល​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” របស់​លោក​ប្រធានាធិបតី​ចិន ស៊ីជី​ពេញ​។

លោកជំទាវ​បាន​រម្លឹក​ថា នៅ​ខែកញ្ញា​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​បង្កើត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ដើម្បី​ធ្វើជា​វេទិកា​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ប្រមូល​ផ្តុំ​ការ​វិនិយោគ​ឆ្លងកាត់​ព្រំដែន សមាហរណកម្ម​ធនធាន កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ការផ្លាស់ប្តូរ​ព័ត៌មាន និង​បង្កើន​បណ្តាញ​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​។ សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​ចាប់យក​ឱកាស​របស់​យុគ្គសម័យ និង​ស្វែងរក​ដ៏​ស៊ីជម្រៅ​នូវ​សក្តានុពល នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​កម្ពុជា​ជុំរិញ​ប្រទេស​ទាំងពីរ​ទទួលបាន​អត្ថប្រយោជន៍​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ជា​បន្តបន្ទាប់ ដែល​គួរ​ឲ្យ​សរសើរ​។​

លោក YuLingXiong ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន បាន​លើក​ឡើង​ថា តាំងពី​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​បង្កើត​មក សមាគម​បាន​រៀប​ចំ​យ៉ាងសកម្ម​នូវ​សហគ្រិន​ក្នុងប្រទេស​ចិន ដើម្បី​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​ធ្វើ​ឲ្យ​សម្រេច​នូវ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​មួយចំនួន ដូចជា​នៅ​តំបន់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ព្រះ​សីហ​នុ ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ សណ្ឋាគារ វេជ្ជសាស្ត្រ រ៉ែ​ថាមពល និង​ពាណិជ្ជកម្ម ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សមាគម​បានរៀបចំ​គណៈ​ប្រតិភូ​សហគ្រិន​ចិន​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ជួប​ពិគ្រោះ​យោបល់​អំពី​ការងារ​រក​ដៃគូ​វិនិយោគ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏ដូចជា​សហគ្រាស​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​វិនិយោគ ក៏ដូចជា​ការពង្រឹង​សមត្ថភាព ក្នុង​ភាពជា​ដៃគូ​ផងដែរ​។

សូម​បញ្ជាក់​ថា ក្នុង​ថ្ងៃ​ដដែល​នេះដែរ​លោក YuLingxiong ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​ក្រុមការងារ ក៏បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម​សេនី​យ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អគ្គមេបញ្ជាការ​អង្គរក្ស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន និង​ចូលជួប​លោក​ឧ​ត្ត​ម​សេនីយ៍ ណុប រតនា មេបញ្ជាការ​កងពលធំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក​ឧ​ត្ត​ម​ស​នី​យ​ទាំងពីរ​រូប​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាងរឹងមាំ​នូវ​រាល់​សកម្មភាព​ការងារ​របស់​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ផងដែរ​៕