ព័ត៍មានទាន់​ហេតុការណ៏
Search

ការសន្យា​ផ្ទេរអំណាច ​ពេល​ចាញ់ឆ្នោត​ ​ជា​តាំងចិត្ត​ប្រកបដោយ​ស្មារតី ​ប្រជាធិបតេយ្យ​ របស់​សម្តេច​តេ​ជោ

យោងតាម​សេចក្តីរាយការណ៍​ របស់​កាសែត ឌឹ វ៉ា​ស៊ី​ង​តោន ប៉ុ​ស្ត៍ (The Washington Post) ចេញផ្សាយ​នៅ​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា លោក អង់​ដ្រេ ម៉ា​នុ​អែល ឡូ​ប៉េ អូ​ប្រា​ដ័​រ (Andrés Manuel López Obrador) បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​មួយ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ ប្រធានាធិបតី​នៅ​ប្រទេស​ម៉ិចស៊ិក ដែល​ស្ថិត​នៅជាប់​ព្រំដែន​ភាគខាងត្បូង ​នៃ​សហរដ្ឋអាមេរិក​នោះ​។ ការជាប់ឆ្នោត​របស់លោក ឡូ​ប៉េ អូ​ប្រា​ដ័​រ បានធ្វើឱ្យ​រូបលោក​ ក្លាយជា​ប្រធានាធិបតី​ឆ្វេងនិយម ​លើកដំបូង​បង្អស់​របស់​ប្រទេស​ម៉ិចស៊ិក បន្ទាប់ពី​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ​បាន​ឆ្លងកាត់​អន្តរកាល ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស កាលពី​ជាង​៣០​ឆ្នាំ​កន្លងទៅ​។​

​ជ័យជម្នះ​របស់លោក ឡូ​ប៉េ អូ​ប្រា​ដ័​រ ដែលមាន​វ័យ​៦៤​ឆ្នាំ​នោះ ជា​ជ័យជម្នះ​ដែល​នឹកស្មាន​មិន​ដល់ ​សម្រាប់​គណបក្ស​រប​ស់លោក​ ដែល​កាលពី​ការបោះឆ្នោត​អាណត្តិ​មុន មិនទាន់​ចាប់បដិសន្ធិ​នៅឡើយ​នោះ និង​បាន​ផ្តួល​គូប្រកួតមកពី​គណបក្ស​ពីរ ​ដែល​បាន​គ្រប់គ្រង​ប្រទេស​ម៉ិចស៊ិក អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍​ហើយ​នោះ​។​

​តាមរយៈ​ការរាប់​សន្លឹកឆ្នោត​ជា​ផ្លូវការ​ត្រួសៗ បានបង្ហាញ​ថា​លោក ឡូ​ប៉េ អូ​ប្រា​ដ័​រ បានទទួល​សំឡេង​ប្រមាណ​ជា​៥៣​ភាគរយ  ដែលជា​សំឡេង​នាំមុខ​គូប្រកួត​សំខាន់​ពីររូប​របស់លោក គឺ​លោក រី​កាដូ អាណា​យ៉ា (Ricardo Anaya) និង​លោក ចូ​ហ្សេ អង់​តូ​នី​ញ៉ូ មី​អាត (José Antonio Meade)​។​

​ជាការ​ពិតណាស់ លោក ឡូ​ប៉េ អូ​ប្រា​ដ័​រ ប្រាកដជា​គ្មាន​ឱកាស​ បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​ របស់​ប្រទេស​ម៉ិចស៊ិក​នោះឡើយ  ប្រសិនបើ​បេក្ខជន​ប្រធានាធិបតី​ ជា​គូប្រជែង​របស់លោក​ដែលមាន​លោក អង់​រី​កេ ប៉េ​ណា នី​អេ​តូ (Enrique Pena Nieto) ដែលជា​ប្រធានាធិបតី​ចាំផ្ទះ នៅ​ពីក្រោយ​នោះ មិនបាន​យល់ព្រម​ផ្ទេរអំណាច​ទេនោះ​។ ផ្ទុយទៅវិញ បេក្ខជន​ជា​គូប្រជែង​ទាំងពីរ ​បាន​សុខចិត្ត​ទទួល​ការចុះចាញ់ ហើយ​ថែមទាំង​ជូនពរ​ប្រធានាធិបតី​ ជាប់ឆ្នោត​ថ្មី​ទៀតផង​។​

​នៅ​ចម្ងាយ​ប្រមាណ​ជា​ ១៥០០០​គីឡូម៉ែត្រ ​ពី​ប្រទេស​ម៉ិចស៊ិក នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​កម្ពុជា ក៏​កំពុង​រៀបចំ​ដំណើរការ​បោះឆ្នោត​សកល ដូចជា​ប្រទេស​ម៉ិចស៊ិក​រៀបចំ​ធ្វើ ​កន្លងមក​ថ្មីៗ​នេះដែរ​។​

​ទោះបីជា​ការបោះឆ្នោត​ទាំងពីរ ​មាន​ចំណុច​ខុសគ្នា​ត្រង់​មួយ ​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​មួយ​ជាការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​នាយករដ្ឋមន្ត្រី​ក្តី អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺថា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា​ នឹង​ផ្ទេរអំណាច​ដោយ​ស្ម័គ្រចិត្ត ដូចជា​គណបក្សកាន់អំណាច​ ដែល​ចាញ់ឆ្នោត​នៅ​ប្រទេស​ម៉ិចស៊ិក​ដូច្នេះ​ដែរ  ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩ ​ខែកក្កដា ​ឆ្នាំ​២០១៨​ ខាងមុខនេះ​។​

«​ប្រសិនបើ​គណបក្ស​ប្រជាជន ​មិន​ជាប់ឆ្នោត​ទេ ពូ​គ្មាន​ហេតុផល​ ដើម្បី​នឹង​ទៅ​ដណ្ដើម​ការងារ ​ដែល​គេ​ជា​អនាគត​នាយករដ្ឋមន្ត្រី​នោះទេ ពូ​នឹង​បញ្ចប់​ត្រឹម​ពេលនោះ​ហើយ​។ នឹង​បញ្ចប់​មិន​អាចមាន​វត្តមាន​ពូ​ បន្តទៀត​នោះទេ​។​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ ជាមួយ​កម្មករ​-​កម្មការិនី ជិត​៣​ម៉ឺន​នាក់ នៅក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​៤​ខែកក្កដា ​ឆ្នាំ​២០១៨​កន្លងមក​។​

​ឆ្លើយតប​ចំពោះ​ការលើកឡើង​ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​កូនប្រុស​របស់លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​ របស់​សម្តេច​តេ​ជោ ដែល​បាន​សន្យាថា​ នឹង​ផ្ទេរអំណាច​ឱ្យ​គណបក្ស​ ដែល​ឈ្នះឆ្នោត​នាពេល​ខាងមុខនេះ​។

«​ដូច្នេះ គណបក្ស​ឆន្ទៈ​ខ្មែរ ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ​ថា កុំ​មានការ​ព្រួយបារម្ភ​ថា ​នឹង​មិនមានការផ្ទេរអំណាច​ឱ្យសោះ ហើយ​សូម​អញ្ជើញ​ទៅ​បោះឆ្នោត ​ឱ្យបាន​គ្រប់គ្នា​ជូន​គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​រៀង​ទី​១៧ សញ្ញា​ព្រះអាទិត្យ​ថ្មី ដើម្បី​សម្រេច​ឱ្យបាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ នេះ​ឱ្យខាងតែបាន​។​» លោក គង់ មុនី​កា បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍  ចេញផ្សាយ​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​ទន្ទឹមនឹង​នេះដែរ លោក យ៉ង សាំង​កុមារ បេក្ខជន​នាយករដ្ឋមន្ត្រី ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏បាន​ស្វាគមន៍​ចំពោះ​ការសន្យា ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ​ដែរ​។ ប៉ុន្តែ លោក យ៉ង សាំង​កុមារ បាន​និយាយថា​ គណបក្ស​របស់លោក​ ហាក់ដូចជា​មិន​សង្ឃឹមថា ​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត​ខាងមុខ​នោះឡើយ​។​

«​ការលើកឡើង​របស់គាត់ (​សម្តេច​តេ​ជោ ហ៊ុន សែន​) អំពី​ការ​មានប្រៀប​របស់​គណបក្ស​ប្រជាជន គឺ​មិនជា​ខុស​អ្វី​ទេ ដោយសារ​គណបក្ស​ប្រជាជន មាន​រចនាសម្ព័ន្ធ​នៅ​គ្រប់​ទីកន្លែង មាន​ធនធាន ជា​គណបក្ស​មួយ​ដែល​ចាក់គ្រឹះ​យូរ ហើយ​បក្ស​ដែល​ធ្លាប់​ប្រកួតប្រជែង​ ជាមួយ​គណបក្ស​ប្រជាជន​ ត្រូវបាន​រំលាយ​បាត់ទៅហើយ​។​» លោក យ៉ង សាំង​កុមារ បាន​និយាយ​។​

​ជាការ​ពិតណាស់ ដូច​លោក យ៉ង សាំង​កុមារ បានលើកឡើង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែមាន​ទំនុកចិត្ត​ខ្ពស់ ​ក្នុងការ​កាន់តំណែង​ ជា​នាយករដ្ឋមន្ត្រី​ជា​បន្តទៀត ដោយសារ​គ្មាន​គណបក្ស​ណាមួយ​ អាច​ប្រជែង​ជាមួយ​គណបក្ស​លោក ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​ឡើយ​។​

«​តែ​ពូ​មិន​ជឿថា មាន​គណបក្ស​ណា​ ប្រជែង​យកឈ្នះ​ជាមួយ​គណបក្ស​ប្រជាជន យកឈ្នះ​ពូ​នៅក្នុង​កាលៈទេសៈ​នេះ​បានទេ ព្រោះ​ប្រជាជន​ត្រូវការ​សន្តិភាព ត្រូវការ​អភិ​ឌ្ឍ ត្រូវការ ហ៊ុន សែន រួម​ដំណើរ​ជាមួយ​បន្តទៀត​។​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុមកម្មករ និង​កម្ម​ការ​នី ដែល​បង្ហាញ​នូវ​ការគាំទ្រ និង​ក្តី​ស្រឡាញ់​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​។

​គ្មាន​អ្វីដែល​គួរឱ្យ​សង្ស័យ​នោះឡើយ សាធារណជន​បានដឹង​ច្បាស់​ហើយ គឺ​គ្មាន​បេក្ខជន​ណា​ម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ អាច​យកឈ្នះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ការបោះឆ្នោត ​នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​អាណត្តិ​កន្លងមក​នោះ​។​

​ដូចគ្នានេះដែរ កាសែត​កម្ពុ​ជាថ្មី​ ក៏មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​ទទួលបាន​នូវ​ជ័យជម្នះ​ជាថ្មី នៅក្នុង​ការបោះឆ្នោត​សកល ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ទោះបីជា​យ៉ាងណាក្តី កាសែត​កម្ពុ​ជាថ្មី​សូម​សម្តែង​នូវ​ការកោតសរសើរ ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានបង្ហាញ​នូវ​គោលជំហរ និង​ស្មារតី​ប្រជាធិបតេយ្យ​ខ្ពស់ ដែល​សម្តេច​បាន​សន្យាថា ​នឹង​ផ្ទេរអំណាច​ដោយ​ស្ម័គ្រចិត្ត ដូចជា​គណបក្សកាន់អំណាច​ នៅក្នុង​ប្រទេស​ម៉ិចស៊ិក​នោះ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ​ពិតជា​ចាញ់ឆ្នោត​មែន​នោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684