ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​៧ កក្កដា​នេះ បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ជួបជុំ​យ៉ាង​ធំ​នៅ​កោះ​ពេជ្រ ដោយមាន​សមាជិក​ចូលរួម ជាង ៦ ម៉ឺន​នាក់

*​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ធ្វើការ​ឡាយ​ផ្ទាល់​នូវ​សេចក្តី​ថ្លែងការណ៍​របស់​សម្តេច ហ៊ុន សែន​

ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា បើក​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ២៩ ខែ កក្កដា​ឆ្នាំ ២០១៨។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អញ្ជើញ​ថ្លែងការណ៍​បើក​យុទ្ធនា​ការឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ដំបូង​ជួន​គ្នា​និង​ការ​ប្រារព្ធ​ខួប​ទី​៦៧ នៃ​ខួបកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពិធី​ជួបជុំ​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង ​សន្និសីទ​កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​ខណ្ឌ​ទាំង ១២ នៃ​រាជធានី​ភ្នំពេញ ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ជាង ៦ ម៉ឺន​នាក់​។

ពិធី​បើក​យុទ្ធនា​ការឃោសនា​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៧ ព្រឹក រហូតដល់​ម៉ោង ៩ ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចេញដំណើរ​ពី​កោះ​ពេជ្រ​ដោយ​ប្រើប្រាស់​រថយន្ត ១.៧២០ គ្រឿង ម៉ូតូ ១៤.៤០០​គ្រឿង​។

លោក លុន ឆេង​កៃ ប្រធាន​គណៈ​កម្ម​ការរៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្ដើម​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា នៅ​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម ៦​ម៉ឺន​នាក់​។ នៅក្នុង​ក្បួន​ឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​រថយន្ត ១៧២០​គ្រឿង ម៉ូតូ ១៤៤០០​គ្រឿង​។

ដោយឡែក​សម្រាប់​សាខា​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌឫស្សីកែវ លោក មូល វីរៈ សមាជិក​គណៈកម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​បើក​យុទ្ធនាកា​ឃោសនា​ដំបូង​សាខា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខណ្ឌឫស្សីកែវ​បាន​តៀម​កម្លាំង​សមាជិក​ចំនួន ៣.៥០០​នាក់ ​ទៅ​ចូលរួម​ហែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​៧​ ខែកក្កដា នៅក្នុង​នោះ​ដែរ គណបក្ស​ខណ្ឌ​មាន​រថយន្ត​ធំ​១​គ្រឿង​បំពាក់​ស្លាក​និង​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​រួម​ទាំង​រូប​សម្តេច​ថ្នាក់ដឹកនាំ​បក្ស និង​មាន​រថយន្ត​កូរ៉េ ចំនួន​៥០​គ្រឿង ផ្ទុក​សមាជិក​និង ម៉ូតូ​ចំនួន ១០០០ គ្រឿង​។

នៅ​ព្រឹក​ថ្ងៃទី​៦ ខែ កក្កដា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook របស់​សម្តេច​ថា «​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ​និង​ក្មួយៗ​យុវជន​យុវតី​? ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ផ្លូវការ​គឺ​នឹង​មកដល់​នៅ​ថ្ងៃ​សៅរ៍​ទី ៧ កក្កដា​នេះ​ហើយ។ រីឯ​ចំពោះ​គណបក្ស​ប្រជាជន​យើង​វិញ ការ​ប្រារព្ធ​ខួបកំណើត​បក្ស​លើក​ទី​៦៧ ក៏​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​នេះ​ដែរ។ តើ​បងប្អូន​បាន​រៀប​ចំ និង​ត្រៀមខ្លួន​ហើយ​ឬ​នៅ​? ខ្ញុំ​រំភើប​នឹង​សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បានឃើញ​ជនរួមជាតិ​និង​ក្មួយៗ​សស្រាក់សស្រាំ​គ្រប់ៗ​គ្នា​ចាប់តាំងពី​ទីក្រុង​ដល់​ជនបទ​ដោយ​ទឹកមុខ​សប្បាយរីករាយ​រង់ចាំ​ថ្ងៃ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ ដែល​នឹង​មកដល់​ឆាប់ៗ​ក្នុង​ខែកក្កដា​នេះ។ ខ្ញុំ​សូម​លើកទឹកចិត្ត​បងប្អូន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ប្រទេសជាតិ​យើងទាំងអស់គ្នា​។ ជម្រើស​ដ៏​ល្អ​បំផុត គឺ​សូម​បងប្អូន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ​។​សូម​ជូនពរ​ជនរួមជាតិ និង​ក្មួយៗ​យុវជន​យុវតី​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​»​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកក្កដា ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជា​លើក​ចុង​ក្រោយ​នៅ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល បាន​ថ្លែងថា នៅ​ថ្ងៃ​ពីថ្ងៃ​៧ កក្កដា​សម្តេច​នឹង​ប្រកាស​គោលនយោបាយ​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ជារួម និង ដោយឡែក​សម្រាប់​កម្មករ​ផង​ដែរ។ ដូចនេះ សូម​រង់ចាំ​ស្តាប់ តើ​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ និង ប្រជាពលរដ្ឋ​របស់​យើង​បានទទួល​អ្វី​បន្ថែម ។ សម្តេច​តេ​ជោ​មិនបាន​ប្រាប់​មុន​ទេ សម្តេច​នឹង​ប្រកាស​ចេញ​នូវ​គោលនយោបាយ សម្រាប់​ជា​យុទ្ធនាការ​បោះឆ្នោត តើ​នឹង​ត្រូវ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​អ្វី​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ក្របខណ្ឌ និយាយ​ជា​រួម ហើយ​និយាយ​ដោយឡែក ​គឺ​សម្រាប់​កម្មករ។ អញ្ចឹង​ចំណុច​នេះ​គឺជា​ចំណុច​ដែល​យើង​បាន​នឹង​កំពុង​ធានា ហើយ​យើង​មិន​ឈរ​ទ្រឹង​មួយកន្លែង​តាមបែប​អភិរក្សនិយម​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្តេច​សុំ​នៅ​ស្ងៀមស្ងាត់​សិន។ សម្តេច​មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​លើកលែងតែ​វា​ចាំបាច់​ណាស់ សម្តេច​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​តាម​វិទ្យុ ទូរទស្សន៍ ឬ តាម Facebook Page របស់​សម្តេច​។ ពេល​យុទ្ធនា​ការបោះឆ្នោត​សម្តេច​នឹងធ្វើ​សេចក្តី​ថ្លែងការណ៍​នយោបាយ​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ហើយ​ប្រហែល ជា​អាច​នឹង​ថ្លែងការណ៍​នៅពេល​បិទ​យុទ្ធនាការ។ បន្ទាប់​ទៅ​យើង​ក៏​នឹង​ធ្វើ​ការបោះឆ្នោត​។

គួរ​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​រួមមាន​សម្តេច​អគ្គ​មហា​ពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចូលរួម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង នៅ​ខេត្ត​ត្បូងឃ្មុំ។

សូម​ជម្រាប​ថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី ៦ មាន រយៈពេល ២១​ថ្ងៃ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨។ ចំ​ណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕