ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ៖ ភារកិច្ច​របស់​កងទ័ព​មិន​ត្រឹមតែ​ការពារ​ប្រទេសជាតិ​នោះទេ ថែមទាំង​ថែរក្សា​សុខសន្តិភាព និង​បម្រើប្រជាជន

ភ្នំពេញ​ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី បាន​មានប្រសាសន៍ថា កងទ័ព​បាន​បំពេញភារកិច្ច​ច្រើនណាស់​ជូន​ជាតិ​មាតុភូមិ​។ ភារកិច្ច​របស់ កងទ័ព​មិន​ត្រឹមតែ​ការពារ​ប្រទេសជាតិ​នោះ​ទេ ថែមទាំង​ថែរក្សា​សុខសន្តិភាព និង​បម្រើប្រជាជន។

ដរាបណា​យើង​នៅ​មាន​ប្រទេស កងទ័ព​នៅតែមាន​ភារ​កិច្ច​ការពារ​ជាតិ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដើម្បី​បំពេញភារកិច្ច ផ្ទេរ​ភារកិច្ច និង​កសាង​សមត្ថភាព​សម្រាប់​កងទ័ព​ជំនាន់​ក្រោយ​សម្រាប់​រយៈពេល​១០​ឆ្នាំ ២០​ឆ្នាំ ៥០​ឆ្នាំ ១០០​ឆ្នាំ​ទៅ​មុខ​ទៀត​។ ដូច្នេះ ភារកិច្ច​របស់​កងទ័ព​នៅតែ​សំខាន់​ហើយ​រឹតតែ​សំខាន់​ត​ទៅមុខទៀត​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​បែបនេះ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ក្នុង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក កាលពី​ថ្ងៃទី ៥ ខែកក្កដា​ឆ្នាំ ២០១៨​។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំង​អស់​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​បាន​បំពេញភារកិច្ច​និង​ចូល​បម្រើ​នៅក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ជា​យូរណាស់​មក​ហើយ និង​ឆ្លងកាត់​ការ​ប្រយុទ្ធ​ជាច្រើន និង​បាន​ឆ្លងកាត់​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បុព្វហេតុ​ក្នុងការ​បញ្ចប់សង្គ្រាម ថែរក្សា​សុខ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​ដែល​យើង​មាន​សព្វថ្ងៃនេះ​។

លោក ហ៊ុន ម៉​ណែ​ត មានប្រសាសន៍ថា កងទ័ព​បាន​បំពេញភារកិច្ច​ច្រើនណាស់​ជូន​ជាតិ​មាតុភូមិ​។ ភារកិច្ច​របស់​កងទ័ព​មិន​ត្រឹមតែ​ការពារ​ប្រទេសជាតិ​នោះ​ទេ ថែមទាំង​ថែរក្សា​សុខ​សន្តិភាព និង​បម្រើប្រជាជន​។ ដរាបណា​យើង​នៅ​មាន​ប្រទេស កងទ័ព​នៅ​តែ​មាន​ភារ​កិច្ច​ការពារជាតិ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដើម្បី​បំពេញភារកិច្ច ផ្ទេរ​ភារកិច្ច និង​កសាង​សមត្ថភាព​សម្រាប់​កងទ័ព​ជំនាន់​ក្រោយ​សម្រាប់​រយៈពេល​១០​ឆ្នាំ ២០​ឆ្នាំ ៥០​ឆ្នាំ ១០០​ឆ្នាំ​ទៅ​មុខ​ទៀត​។ ដូច្នេះ ភារកិច្ច​របស់​កងទ័ព​នៅតែ​សំខាន់​ហើយ​រឹតតែ​សំខាន់​ត​ទៅមុខទៀត។

លោក​គូស​បញ្ជាក់​ថា តម្លៃ​នៃ​សុខសន្តិភាព​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភាពសុខសាន្ត ធ្វើ​ឲ្យ​យើង​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល និង​ធ្វើ​ឲ្យ​យើង​មានឱកាស​គ្រប់បែបយ៉ាង​។ គ្មាន​នរណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះ​ទេ​។ យើង​បាន​ខិតខំ​ស្វែងរក​សុខ​សន្តិភាព​តាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។ ទម្រាំ​យើង​បាន​ប៉ុណ្ណេះ​យើង​បាន​ឆ្លងកាត់​ការ​លំបាក​ច្រើនណាស់​។

សម្ដេច​តេ​ជោ ហ៊ុន សែន យក​ពេល​២០ ឆ្នាំ​រំដោះជាតិ​ចេញពី​សង្គ្រាម​ក្នុង​រយៈពេល ៥០០ឆ្នាំ។ នេះ​មិនជា​រឿង​ធម្មតា​ឡើយ​។ តែ​អ្វី​ដែល​លំបាក​ជាង​នេះ​គឺ​ទប់ស្កាត់​មិន​ឲ្យ​សង្គ្រាម​កើតឡើង​វិញ ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ក្មេង​ជំនាន់ក្រោយ​លំបាក​ដូច​ជំនាន់​មុន​នោះដែរ​។

ភារកិច្ច​របស់​កងទ័ព ​គឺ​សំខាន់​ណាស់​នៅក្នុង​ការ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​និង​ដើម្បី​ជាតិ​មាតុភូមិ​។ សមិទ្ធផល​យើង​មាន​មកដល់​សព្វថ្ងៃ​នេះ ​គឺ​មិន​ត្រឹម​តែមាន​គោលនយោបាយ​ល្អ​នោះ​ទេ​គឺ​ដោយសារ​មានការ​អនុវត្ត​របស់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ទាំងអស់ ដែល​សព្វថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​មហាជន​បានឃើញ​សកម្មភាព​របស់​កងទ័ព​និង​កាន់តែ​យល់​អំពី​តម្លៃ​និង​យល់​ច្បាស់​អំពី​ភារកិច្ច​របស់​កងទ័ព​។ យើង​រួមគ្នា​ពង្រឹង​ការងារ ដាក់​ផែនការ អនុវត្ត​ការងារ វាយតម្លៃ​នឹង​ចាត់វិធានការ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។​យើង​ត្រូវ​បន្ត​និរន្តរភាព​ការងារ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​សម្រាប់​រយៈពេល​មធ្យម​និង​រយៈពេល​វែង​។ យើង​ជឿជាក់​ថា ​ប្រទេស​របស់​យើង​នឹង​មិន​មាន​សង្គ្រាម​ទេ ប៉ុន្តែ​ភារកិច្ច​របស់​កងទ័ព​ត្រូវ​ហ្វឹកហ្វឺន និង​មានគំនិត​ច្នៃប្រឌិត​ដែល​ជា​ទ្រព្យ​របស់​នាយទាហាន​ជំនាន់​ក្រោយ​សម្រាប់​ជា​មេរៀន​និង​ថែរក្សា​សុខ​សន្តិភាព​។ ទិសដៅ​ទៅមុខ គឺ​អភិវឌ្ឍ​ធនធានមនុស្ស យើង​ខិតខំ​រក្សា​អ្វីដែល​ខ្លាំង និង​បំពេញបន្ថែម​អ្វីដែល​ខ្វះខាត៕