ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ​បើក​យុទ្ធនា​ការរក​សំឡេងឆ្នោត

ភ្នំពេញ ​៖ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​០៧ ​ខែកក្កដា ឆ្នាំ​២០១៨ បានចេញ​ដឹកនាំ​បើក​យុទ្ធនា​ការឃោសនា រក​សំឡេង ឆ្នោត ដោយផ្ទាល់​ក្រោម​ការចូលរួម​ពី​សមាជិក សមាជិកា មិនតិច​ជិត ៦​ម៉ឺន​នាក់​នោះឡើយ​។​

ជាមួយ​ការចេញ​បើក​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ ក៏ដូចជា​ប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​ដឹកនាំ និង​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​មួយ ចំនួន​នៅពេល​គណបក្ស​មួយ​នេះ​បន្ត​ឈ្នះឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​។​

នៅលើ​វេទិកា​គេ​សង្កេតឃើញ​វត្តមាន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ,​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និង​មាន​មន្ត្រីជាន់ខ្ពស់​បក្ស​ជាច្រើន ជាមួយ​សមាជិក​ចូលរួម​ប្រមាណ ជាង ៥​ម៉ឺន​នាក់។​

តាម​ការជូន​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​បើក​រួចហើយ ផែន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្តើម​ហែ​ទៅកាន់​គោលដៅ​តាម​ខណ្ឌ​នីមួយៗ​ផងដែរ​។ ក្រៅពី​ការបើក​យុទ្ធនា​ការរក​សំឡេង​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​នោះ គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល និង​ចាស់ទុំ​ជាងគេ​មួយ​នេះ ក៏​នឹងមាន​ការបើក​យុទ្ធនាការ​នៅតាម​ខេត្ត​នានា​ផងដែរ​។​

សូមបញ្ជាក់ថា យុទ្ធនា​ការឃោសនារ​សំឡេង ឆ្នោត​នេះ មាន​រយៈពេល​២០​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ស្អែក​នេះ រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា​។ ក្រៅពី​ការបើក​យុទ្ធនា​ការឃោសនា រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃស្អែក​នេះ ក៏​នឹងធ្វើ​ពិធី​អបអរសាទរ​ខួប​៦៧​ថ្ងៃកំណើត​របស់ខ្លួន​ផងដែរ​។​

គួរ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ប្រារឰ​ខួប​លើក​ទី ៦៧ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ។ គណបក្ស​ប្រជាជន​កម្ពុជា មាន ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ប្រភពពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។​

ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញរា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684