ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​ស្ទូងស្រូវ​ក្នុង​ស្រែ ​ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅក្នុង​ស្រុក​សាមគ្គី​មានជ័យ

កំពង់ឆ្នាំង ​៖ ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​រន្ទះបាញ់ ក្នុងពេល​ជនរងគ្រោះ​កំពង់​ស្ទូងស្រូវ​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៤​និង​៣០ នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អន្លង់​កៅឳ ក្នុងភូមិ​តាំង​គ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា ​៖ ជនរងគ្រោះ​ដែល​ស្លាប់មាន ឈ្មោះ សេង​ស្រី​រ័​ត្ត ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សេង ផានិត ភេទ​ប្រុស អាយុ​១៤ ឆ្នាំ​ត្រូវជា​ប្អូនបង្កើត​រងរបួស​ធ្ងន់ អ្នក​ទាំង​២ រស់នៅ​ភូមិ​តាំង​គ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ។ ដោយ​មុនពេល​កើតហេតុ​ពួកគេ​កំពុង​នាំគ្នា​ស្ទូងស្រូវ​នៅក្នុង​ស្រែ ខណៈ​កំពុងមាន​ភ្លៀង​ធ្លាក់ ក៏​ស្រាប់​តែមានរ​ន្ទះ​បាញ់​ចំពួក​គេ​តែម្តង។

ក្រោយពេល​កើតហេតុ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​នាំយកទៅ​កាន់​លំនៅឋាន ដើម្បី​ធ្វើបុណ្យ​ទៀន​តាម​ប្រពៃណី​ខ្មែរ៕