ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្មែរ​ជួយ​ខ្មែរ! ស៊ិន ឧ​ត្ត​ម​ផល្លា ស្កាត់​ជួប ចាន់ សម័យ ខណៈ​គ្រួសារ​លោក​កំពុង​ជួប​ការ​លំបាក

ភ្នំពេញ ​៖​ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ក្រលំបាក​ពី​សំណាក់​តារាចម្រៀង​ប្រុស​មានឈ្មោះ​ល្បី​អំឡុង​ឆ្នាំ​២០០០​លោក ចាន់ សម័យ រហូត​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​នោះ​ ពេលនេះ​តារា​សម្តែង​ជើងចាស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​នាំ​យក​សម្ភារៈ​និង​ថវិកា​​ទៅ​ឧបត្ថម្ភ​ជួយ​សម្រួល​ការខ្វះខាត​គ្រួសារ​របស់លោក ចាន់ សម័យ ដូច​បំណង។

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់លោក ចាន់ សម័យ​មក​ថា​ថ្ងៃនេះ​នាង​ខ្ញុំ​បានមក​ដល់ផ្ទះ​លោក ចាន់ សម័យ និង​បាន​នាំ​យក​អំណោយ​ក៏ដូចជា​ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​មក​ជូន​គាត់​ និង​ក្រុមគ្រួសារ​។ ​សូម​ថ្លែងអំណរគុណ​ដល់​ប្អូន​ម្លិះរួត​កាត់ដេរ​ ដែល​បាន​ជូន​ថវិកា​ដល់​លោក ចាន់ សម័យ ចំនួន​៤​ម៉ឺន​រៀល​ និង​ប្អូន Angel Locsin ចំនួន​១៥​ម៉ឺន​រៀល។

ដំណឹង​នៃ​ការ​ធ្លាក់​ខ្លួន​ និង​ឃ្លាតឆ្ងាយ​ពី​វិស័យ​សិល្បៈ​ពី​សំណាក់​តារាចម្រៀង​លោក ចាន់ សម័យ ពេលនេះ​ បាន​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រួម​អាជីព ​ព្រមទាំង​មហាជន​ជាច្រើន​ បាន​សម្តែង​ការ​អាណិតអាសូរ​ខ្លាំង​ចំពោះ​ការបាត់បង់​អាជីព​ចម្រៀង​ និង​ធ្លាក់ខ្លួន​រហូត​ដើរ​ស្ទូច​​​ត្រី​តាម​មាត់ទន្លេ​ដើម្បី​ធ្វើជា​ម្ហូប​ផ្គត់ផ្គង់​គ្រួសារ​នា​ពេល​បច្ចុប្បន្ន។

​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​លើកឡើងថា​ ចំពោះ​បទ​ចម្រៀង​របស់លោក ចាន់ សម័យ ដែល​ទាញ​បានការ​គាំទ្រ​ពី​មហាជន​រួមមាន​ដូចជា​បទ​ ៖ មិន​ស្រឡាញ់​អូន​មិនបាន​, មិនអាច​គ្មាន​អូន​, ស្នេហ៍​ក្រោម​ពន្លឺ​កាំជ្រួច​, និង​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​បទ​ចម្រៀង​ទាំង​៣​បទ​នេះ នៅក្នុង​ផលិតកម្ម​ព្រះវិហារ​ ហើយ​បាន​ចាក់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​របស់​ចិនតៃវ៉ាន់​គឺ​រឿង​F4 នៅ​អំឡុង​ឆ្នាំ ២០០១​នឹង​២០០២។

តារា​សម្តែង​អ្នកនាង ស៊ិន ឧ​ត្ត​ផល្លា បន្ថែមថា ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​លោក ចាន់ សម័យ ហាក់បីដូចជា​ផ្តាច់​ខ្លួន​ឆ្ងាយ​ពី​ពិភព​សារព័ត៌មាន រួម​ទាំង​ប៉ុស្តិ៍​ទូរទស្សន៍​នានា ​និង​មិត្ត​រួម​អាជីព​ជាដើម។ លោក​ចង់​រស់នៅ​បែប​ស្ងប់ស្ងាត់​ ហើយ​លោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចូលចិត្ត​រៀបរាប់​ពី​ការ​លំបាក​របស់​ខ្លួន​អោយ​នរណា​ម្នាក់​ដឹង​ដែរ៕