ព័ត៍មានទាន់​ហេតុការណ៏
Search

រុក្ខទិវា​៩​កក្កដា ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​ ខេត្តកំពត​ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កំពត​ ៖ ​នៅ​ព្រឹក​ថ្ងៃ​១២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៩​ ខែកក្កដា ឆ្នាំ​២០១៨​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​អញ្ជើញ​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត អមដំណើរ ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពត។

បន្ទាប់ពី លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ធ្វើ​របាយការណ៍ ស្តីពី​សក្តានុពល​សំខាន់ៗ និង​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ នៅ​ទូទាំង​ខេត្ត​រួចមក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​គូសបញ្ជាក់ថា ​៖ ការ​ប្រារព្ធ​ពិធី​រុក្ខទិវា​នេះ មាន​អត្ថន័យ​សំខាន់​ណាស់​ចំពោះ​ប្រទេសជាតិ​យើង ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ជា​អាទិភាព​ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល លើ​ការ​ថែរក្សា​ការពារ​ព្រៃឈើ ការដាំ​ដើមឈើ​ឡើងវិញ ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​ការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ពហុ​ប្រយោជន៍​នៃ​ព្រៃឈើ ហើយ​គោលនយោបាយ​ដ៏​ប្រពៃ​នេះ​ ត្រូវ​បាន​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចូលរួម​យ៉ាងសកម្ម​ និង​សស្រាក់សស្រាំ​បំផុត។

ផ្អែកលើ​គោលនយោបាយ​ដ៏​ត្រចះត្រចង់​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​ដល់​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​សេនាធិការ និង​ដោយមាន​ការ​ចូល​រួម​សហកា​រ​ពី​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​រដ្ឋបាល​រាជធានី​-​ខេត្ត​ផង​នោះ បានរៀបចំ​ប្រារព្ធ​”​រុក្ខទិវា​”​នៅ​លើ​ទីតាំង​តាម​បណ្តា​រាជធានី​-​ខេត្ត​ជា​រៀងរាល់ឆ្នាំ​នាពេល​កន្លងមក​។​

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ជា​លទ្ធផល​ជាក់ស្តែង​គិត​ចាប់ពី​ឆ្នាំ​១៩៨៩​រហូតមកដល់​ឆ្នាំ​២០១៧ ពិធី​”​រុក្ខទិវា​”​បាន​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មាន​ចំនួន​១៤ ទូទាំងប្រទេស សរុប​ចំនួន​២៧​លើក នៅ​លើ​ផ្ទៃដី​ទំហំ​៤៨៤,៦៥​ហិកតា ក្នុង​នោះ​រួមមាន ​៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ព្រះសីហនុ មណ្ឌលគិរី និង​ព្រះវិហារ ហើយ​ទទួល​បាន​ផល​ល្អ​ប្រសើរ ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍន​ភាព​ជា​វិជ្ជមាន​លើ​ការបង្កើត​ធនធាន និង​គម្រប​ព្រៃឈើ​ឡើងវិញ។

តាម​ព្រះរាជ​សុន្ទរកថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​មាន​រាជបន្ទូល​ថា ព្រៃឈើ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​ប្រសើរ​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​ធានា​អាយុជីវិត​ប្រជារាស្ត្រ​យើង ហើយ​ចាំបាច់​យើង​ត្រូវតែ​រក្សា​ការពារ និង​ប្រើប្រាស់​ផល និង​អនុផល​ព្រៃឈើ​ឲ្យ​បាន​សមស្រប​។ ​ដូច្នេះ​ពិធី​”​បុណ្យ​រុក្ខទិវា​”​ជា​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម ដែល​យើង​រួបរួមគ្នា​ស្តារ និង​ថែរក្សា​ប្រភពធនធាន​ជាតិ​ដ៏​សំខាន់ ជា​រតន​សម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​លើកស្ទួយ​សង្គមជាតិ​យើង។ ពិសេស​ព្រឹត្តិការណ៍​ក្នុងថ្ងៃនេះ គឺជា​ការ​រំឭក ​និង​ចងចាំ​ផងដែរ​នូវ​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់ ព្រះករុណា​ព្រះ​មហាវីរក្សត្រ ព្រះ​វររាជបិតា​ជាតិខ្មែរ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បាន​បដិសន្ធិ “​បុណ្យ​រុក្ខទិវា​”​នេះ​ឡើងជា​ព្រះ​រាជប្បវេណី​តាំងពី​ឆ្នាំ​១៩៥២ នៅ​សម័យ​សង្គមរាស្ត្រនិយម ដោយមាន​ការចូលរួម​យ៉ាង​ផុលផុស​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​នៅក្នុង​សង្គមជាតិ​យើង​ទាំងមូល ហើយ​នៅ​ទីបំផុត​ត្រូវ​បាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណី​ជាតិ​មួយ​ហៅថា​”​បុណ្យ​រុក្ខទិវា​”​តរៀងមក​ទល់​បច្ចុប្បន្ន​នេះ​។​ ទិវា​នេះ​ពិតជា​ផ្តល់នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រទេសជាតិ​យើង ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ការកសាង​គ្រឹះ​សេដ្ឋកិច្ចជាតិ ជា​សក្ខីកម្ម​បង្ហាញ​ពី​សាមគ្គីភាព​ស្អិតល្មួតរ​វាង​ព្រះសង្ឃ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក្នុង​ការជំរុញ​លើកទឹកចិត្ត​ចូលរួម​ចលនា​ដាំ​ដើមឈើ ការពារ​ថែរក្សា​ព្រៃឈើ សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​ផ្តល់​សារប្រយោជន៍​ដ៏​សម្បូរបែប​ដល់​សង្គមជាតិ​យើង​ទាំងមូល​។​

ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះដែរ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ប្រទាន​នូវ​សម្ភារៈ និង​ថវិកា​មួយចំនួន ដល់​លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​ពិធី​នេះ និង​ដាំ​ដើមឈើ​ជា​និមិត្តរូប​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684