ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្រស់ ពេជ្រ ចរណៃ និង​ព្រះតេជព្រះគុណ​វត្ត​ថា​ន់ ​នាំ​អំណោយ​សប្បុរសជន​នៅ​អាមេរិក​ប្រគេន​ព្រះសង្ឃ​នា​ខេត្តស្វាយរៀង

ភ្នំពេញ ​៖ ​តារា​សម្តែង​រូប​ស្រស់​កំពុង​ច្បាម​បាន​ទីផ្សារ​សិល្បៈ​យ៉ាងច្រើន​ក្រាស់ក្រែល​កញ្ញា ពេជ្រ ចរណៃ និង ព្រះ​តេជគុណ បូរី (​គង់នៅ​វត្ត​ថា​ន់​)​កាលពី​រសៀល​ថ្ងៃទី​០៧​ ខែកក្កដា ​ឆ្នាំ​២០១៨​កន្លងមក​នេះ ​បាន​នាំ​យក​អំណោយ​និង​ថវិកា​បាន​មក​ពី​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៣​អង្គរ​ស្ថិតនៅ​វត្ត​ដាច់​ស្រយាល​មួយ​កន្លែង​នា​ខេត្តស្វាយរៀង​។

ព្រះសង្ឃ​ចំនួន​៣​អង្គរ​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ​ និង​ព្រះ​តេជគុណ​វត្ត​ថា​ន់​ខាងលើ​នេះ ​គឺ​បច្ចុប្បន្ន​កំពុង​គង់​នៅ​វត្ត​ប្រាសាទ​ក្តី​ស្លា ស្ថិតនៅ​ភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។

កញ្ញា​ពេជ្រ ចរណៃ​និង​ព្រះ​តេជគុណ​បូរី​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​នេះ​ពុំ​មែន​ជា​លើក​ទី​១​នោះទេ​ ដែល​បាន​ចុះ​មក​ដល់ទី​តាំង​វត្ត​ខាងលើ​នេះ។ ​ខណៈ​កន្លងមក​គ្រា​ដែល​នាង​និង​ព្រះ​តេជគុណ​ក៏​ធ្លាប់​ចុះ​មក​ដល់ទី​តាំង​នេះ​ផង​ដែរ ​អំឡុង​ពេល​នាំ​យក​អំណោយ​និង​សម្ភារៈ​ដើម្បី​ចែក​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​គ្រួសារ​ ដែល​ខ្វះខាត​និង​ជួប​ការ​លំបាក​ខ្លាំង​។

កញ្ញា ពេជ្រ ចរណៃ បាន​បន្ត​ថា ​គ្រានោះ​ហើយ​ដែល​នាង​និង​ព្រះ​តេជគុណ បូរី ទទួល​បាន​ព័ត៌មាន​នៃ​ការ​ខ្វះខាត​និង​ភាព​លំបាក​ស្ថិត​នៅ​ក្នុង​វត្ត​ប្រាសាទ​ក្តី​ស្លា​តាមរយៈ​ប្រជាពលរដ្ឋ​ដែល​ផ្តល់ព័ត៌មាន​ឲ្យ​។ ម្យ៉ាងទៀត​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​និង​ចុះទៅ​ដោយ​ផ្ទាល់​ហើយ​នោះ​ទាំង​នាង​និង​ព្រះ​តេជគុណ​ក៏បាន​ពាំនាំ​ដំណឹង​នេះ​មក​ធ្វើការ​ផ្សព្វផ្សាយ​រហូត​ឈាន​ដល់​មានការ​ជួយឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​ខ្មែរ​រស់នៅ​អាមេរិក​គឺ​បងស្រី ឡុង ពិសី។

តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់​ទៀត​ថា​ សម្រាប់​អំណោយ​និង​សម្ភារៈ​ដែល​ត្រូវបាន​ប្រគេន​ជូន​ព្រះសង្ឃ​ចំនួន​៣​អង្គរ​នោះ​រួមមាន អង្ករ​៣​ប៉ាវ ,​មី ,​ត្រីខ ,​ភេសជ្ជៈ ព្រមទាំង​ថវិកា​មួយចំនួន​ផងដែរ​។​ ជា​មួយ​គ្នា​នេះ​ ​ក៏​មាន​ការ​អំពាវនាវ​ពី​សំណាក់​តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ដើម្បី​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​បន្ថែម​ក្នុង​ការជួយ​ដល់​ព្រះសង្ឃ​និង​វត្ត​ខាងលើនេះ​ផង​ដែរ​ខណៈ​ពេល​បច្ចុប្បន្ន​វត្ត​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ជាច្រើន​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684