ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សួន ពិសិដ្ឋ ស្នើ​​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​បង្កើត​ច្បាប់​គាំពារ​កម្មសិទ្ធិ​បញ្ញា ស្នាដៃ​សិល្បៈ​ខ្មែរ

ភ្នំពេញ​ ៖​ ​​កវីនិពន្ធ​និង​តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក​សួន ពិសិដ្ឋ ដោយសារ​អំឡុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​សង្កេតឃើញ​មានការ​លួច​ចម្លង​ស្នាដៃ​នៃ​ការនិពន្ធ​ទំនុកច្រៀង​ឬ​បទ​ភ្លេង​ ដែល​ជា​ស្នាដៃ​ថ្មី​ពី​សំណាក់​បុគ្គល​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​មួយចំនួន​នោះ ​លោក​ក៏បាន​ចេញមុខ​ស្នើ​ដោយ​ទទូច​ដល់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​បង្កើត​ច្បាប់​ការពារ​កម្ម​សិទ្ធិ​បញ្ញា​ស្នាដៃ​សិល្បៈ​ខ្មែរ។

​លោក សួន ពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថា​ ជាថ្មី​ម្តងទៀត​ស្តីអំពី​ច្បាប់​គាំពារ​កម្ម​សិទ្ធិ​បញ្ញា​ស្នាដៃ​សិល្បៈ ដូច​ប្រទេស​ ដែល​អភិវឌ្ឍន៍ ​និង​ប្រទេសជិតខាង​ដែល​បាន​អនុវត្តន៍​នូវ​CMO​បង្កើត​ដោយ​អង្គការ​ច្បាប់​កម្ម​សិទ្ធិ​បញ្ញា​ពិភពលោក​WIPO​។ ​ខ្ញុំបាទ​ក្នុងនាម​អ្នក​សិល្បករ​ខ្មែរ​មួយរូប​ ដែល​បាន​ចូលរួម​បម្រើ​សិល្បៈ​ខ្មែរ​ និង​វប្បធម៌​ជាតិខ្មែរ​អស់​រយៈពេល​២០​ឆ្នាំកន្លងមក​។ ​ដូចជា​សិល្បករ​ទាំងអស់​ទូទាំង​ប្រទេស​ផងដែរ​ក៏​ជា​ម្ចាស់​ស្នាដៃ​ម្នាក់​នៃ​បទ មោទនភាព​ជាតិខ្មែរ។

កវីនិពន្ធ​លោក សួន ពិសិដ្ឋ បាន​និយាយទៀតថា សូម​អភ័យទោស​សូម​ជម្រាបសួរ​ត្រង់ៗ​ដល់​គណៈ​មន្ត្រី​និង​ក្រសួង​ដែល​ពាក់ព័ន្ធ​តើ​ដល់​ឆ្នាំ​ណា ពេលណា នាទី​ណា​ទើប​លោក​អនុវត្តន៍​ទាំងស្រុង​ឲ្យ​មាន​ប្រសិទ្ធភាព​ទូទាំងប្រទេស​ទៅលើ​ច្បាប់​គាំពារ​កម្ម​សិទ្ធិ​បញ្ញា​ស្នាដៃ​សិល្បៈ​ដើម្បី​ជួយ​សម្របសម្រួល​ធានាបាន​ដល់​ជីវភាព​ការរស់នៅ របស់​សិល្បករ​ធនធាន​មនុស្ស​ទាំងអស់ ឲ្យ​មាន​ជីវភាពល្អ​សមរម្យ​ដើម្បី​ផ្ដល់​បាន​នូវ​លទ្ធភាព​ជូន​ដល់​គាត់​ទាំងអស់គ្នា​មាន​ទឹកចិត្ត​កម្លាំងចិត្ត​រួម​ឆន្ទៈ ក្នុង​ការបន្ត​បង្កើត​ស្នាដៃ​រឹតតែ​អស្ចារ្យ​សម្រាប់​សិល្បៈ​វប្បធម៌​។​

លោក សួន ពិសិដ្ឋ​បាន​បញ្ជាក់ថា ​ការបង្កើត​ឲ្យ​មានច្បាប់​នេះ​គឺអាច​ចូលរួម​ពាំនាំ​បានជា​ប្រយោជន៍ ដើម្បី​ជាតិ រួម​កិត្តិយស​ដល់​ប្រទេសជាតិ​ខ្មែរ​យើង​ដែលជា​ម្ចាស់​ស្នាដៃ​និង​ធានាបាន​នូវ​ភាពថ្លៃថ្នូរ ក្រមសីលធម៌​គាំពារ​នូវ​សិទ្ធិ​នៃ​ស្នាដៃ​បញ្ញាញាណ​របស់​សិល្បករ​ខ្មែរ អ្នក​តែង​និពន្ធ​ទាំង​អត្ថបទ​រឿង ទាំង​អ្នកនិពន្ធ​ទំនុកច្រៀង​អ្នកនិពន្ធ​បទ​ភ្លេង អ្នកចម្រៀង​តន្ដ្រីករ អ្នកដឹកនាំ​សម្ដែង អ្នក​សម្ដែង និង​ផលិតករ​ជាដើម​។​
លោក សួន ពិសិដ្ឋ បាន​បន្ត​ថា ​ដោយ​ជាក់ស្តែង​លោក​ក៏បាន​ជ្រាប​ដែរ​ថា​ សិល្បករ​ភាគច្រើន​ជាពិសេស​គឺ​ម្ចាស់​ស្នាដៃ​អ្នក​តែង​និពន្ធ គឺមាន​ជីវិត​និង​ជីវភាព​ក្រលំបាក​ណាស់​សុទ្ធសឹង​ទាំងអស់​។​នេះ​ជាការ​ពិត ខ្ញុំបាទ​រួម​នឹង​សិល្បករ​ទាំងអស់​សូម​សំណូមពរ​និង​សង្ឃឹម​យ៉ាងខ្លាំង​សូម​លោក​មាន​វិធានការ​យ៉ាង​ពិត​ប្រាកដ​ជួយ​ដល់​យើងខ្ញុំ​ដែល​ជា​សិល្បករ​ខ្មែរ​ទាំងអស់គ្នា​ផង​ក៏ដូចជា​យកចិត្តទុកដាក់​ជួយ​ដល់​សិល្បៈ​វប្បធម៌​ជាតិខ្មែរ​ផង៕