ព័ត៍មានទាន់​ហេតុការណ៏
Search

អង់គ្លេស​ ចោទប្រកាន់​រុស្ស៊ី​ បន្ទាប់ពី​ការ​ស្លាប់​ដោយសារ​ធាតុគីមី Novichok

រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ស្លាប់​របស់​ស្ត្រី​ជនជាតិ​អង់គ្លេស ម្នាក់​ដែល​ប៉ះពាល់​នឹង​សារធាតុ​បំផ្លាញ​សរសៃប្រសាទ Novichok គឺ​ត្រូវបាន​បង្កឡើង​ដោយ​ប្រទេស​រុស្ស៊ី។

លោកស្រី Dawn Sturgess អាយុ​៤៤​ឆ្នាំ​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ដោយសារ​ប៉ះពាល់​ទៅនឹង​ជាតិពុល​ថ្នាក់​យោធា​តែមួយ​ដែល​បានសម្លាប់​អតីត​ចារបុរស​រុស្សី​និង​កូនស្រី​របស់គាត់​នៅក្នុង​ការវាយប្រហារ​មួយ​ដែល​ចក្រភព​អង់គ្លេស​បាន​ស្តីបន្ទោស​លើ​ទីក្រុង​មូ​ស្គូ​។​

លោកស្រី Sturgess និង​លោក Charlie Rowley អាយុ​៤៥​ឆ្នាំ​បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​ចុង​សប្តាហ៍​មុន​នៅក្នុង​ទីក្រុង Amesbury ក្បែរ​ទីក្រុង Salisbury ដែលជា​កន្លែង​អតីត​ចារកម្ម​លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia ត្រូវបាន​វាយប្រហារ​ជាមួយ​សារធាតុ​គីមី Novichok កាលពី​ខែមីនា​។ ចាប់តាំងពី​ពេលនោះ​មក ពួកគេ​បានជា​សះស្បើយ​ឡើងវិញ​។​

រដ្ឋមន្ត្រី​ការពារជាតិ​លោក Gavin Williamson បាន​និយាយ​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ​ថា “​ការពិត​នោះ​គឺថា ប្រទេស​រុស្ស៊ី​បានធ្វើការ​វាយប្រហារ​លើ​ទឹកដី​អង់គ្លេស​ដែល​បានសម្លាប់​ពលរដ្ឋ​អង់គ្លេស​។ នោះ​គឺជា​អ្វីដែល​ខ្ញុំ​គិតថា ពិភពលោក​នឹង​រួបរួម​ជាមួយ​យើង​ដើម្បី​ថ្កោលទោស​”​។​

ស្របពេល​ជាមួយគ្នា​នោះ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា វា​មិន​ទំនង​ទាល់តែសោះ​ចំពោះ​ការចោទប្រកាន់ថា ប្រទេស​រុស្ស៊ី​ពាក់ព័ន្ធ​ក្នុងការ​ស្លាប់​របស់លោក​ស្រី Sturgess ។​

លោក Dmitry Peskov ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី Vladimir Putin បាន​និយាយថា ប្រទេស​រុស្ស៊ី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​លេចឡើង​នៃ​សារធាតុពុល​ទាំងនេះ​នៅលើ​ទឹកដី​អង់គ្លេស​ដែល​បង្ហាញ​ពី​គ្រោះថ្នាក់​មិនមែន​សម្រាប់តែ​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​សម្រាប់​ប្រជាជន​អឺរ៉ុប​ទាំងអស់​ផងដែរ​។​

កាលពី​ខែមីនា អង់គ្លេស​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ព្យាយាម​សម្លាប់​ឪ​កូន Skripal ដែល​ជំរុញ​ឲ្យ​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​និង​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​អន្តរជាតិ​។​

នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May បាន​និយាយថា លោកស្រី​មានការ “​តក់ស្លុត​និង​ភ្ញាក់ផ្អើល​” ដោយសារ​ការស្លាប់​រប​ស់​នាង Sturgess ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684