ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្តភក្តិ ​៖​ ភរិយា​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​ បាន​ចាក​ចេញពី​ប្រទេស​ចិន

លោកស្រី Liu Xia ដែល​ជា​ភរិយា​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​ចិន​លោក Liu Xiaobo បាន​ចាក​ចេញពី​ប្រទេស​ចិន ​ហើយ​និង​កំពុង​ស្ថិតនៅលើ​យន្តហោះ​ចេញពី​ប្រទេស​នេះ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​ម្នាក់​ដែល​ដឹង​ពី​ស្ថានភាព​នេះ។

​លោកស្រី Liu ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ​ថ្វីបើ​មិនមាន​ការចោទប្រកាន់​ក៏ដោយ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​នៅពេលដែល​ស្វាមី​របស់​នាង​បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​នេះ​ជា​ទង្វើ​មួយ​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​មានការ​ខឹងសម្បា​។​

មិត្តភក្តិ​ម្នាក់​ឈ្មោះ Ye Du បាន​និយាយថា “​ថ្ងៃនេះ​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក លោកស្រី Liu Xia បាន​ជិះ​ជើងហោះហើរ​របស់​ក្រុមហ៊ុន Finnair ហើយ​បាន​ចាក​ចេញពី​ទីក្រុង​ប៉េកាំង​”​។​

លោក Liu Xiaobo អតីត​អ្នក​តវ៉ា​នៅ​ទីលាន Tiananmen ឆ្នាំ​១៩៨៩​បាន​ស្លាប់​កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ជាប់ទោស​ដាក់ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ពីបទ “​បង្កចលាចល​” ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកឈ្នះ​ពានរង្វាន់​ណូបែល​ដំបូង​គេ​បង្អស់​ដែល​ស្លាប់​ក្នុងការ​ឃុំឃាំង​ចាប់តាំងពី​ជំនាន់​ណា​ហ្ស៊ី​អាល្លឺម៉ង់​មក​។​

លោកស្រី Liu បាន​ប្រឈម​នឹង​ការ​រឹតបន្តឹង​ប្រចាំថ្ងៃ​លើ​ការធ្វើ​ចលនា​និង​ការឃ្លាំមើល​សូម្បីតែ​បន្ទាប់ពី​ការស្លាប់​របស់​ស្វាមី​លោកស្រី​ក៏ដោយ​ប៉ុន្តែ​អាជ្ញាធរ​ចិន​អះអាងថា​នាង​មាន​សេរីភាព​។​

អ្នកការទូត​លោកខាងលិច​ជាច្រើន​បាន​ព្យាយាម​មក​សួរសុខទុក្ខ​លោកស្រី​នៅឯ​ផ្ទះល្វែង​ក្រុង​ប៉េកាំង​របស់លោក​ស្រី​កាលពី​ខែឧសភា​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត​របស់លោក​ស្រី​ប៉ុន្តែ​ត្រូវបាន​បដិសេធ​។​

ក្រុម​សកម្មជន​បាន​និយាយថា លោកស្រី Liu កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៊ែ​រ​ឡាំង​។ កាលពី​ខែមេសា ស្ថានទូត​អាល្លឺម៉ង់​បានផ្តល់​ជំនួយ​ឲ្យ​លោកស្រី Liu ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ប៉ុន្តែ​សកម្មភាព​នេះ​មិនបាន​កើតឡើង​នោះទេ​៕ AFP