ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជួយសង្គ្រោះ​ជប៉ុន​ បាន​ស្វែង​រក​តាម​ផ្ទះ​ ខណៈ​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​កើន​ដល់​១៤១​នាក់

នៅ​ថ្ងៃ​អង្គារ ក្រុម​អ្នក​ជួយសង្គ្រោះ​ បាន​ធ្វើការ​ស្វែងរក​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​ក្នុង​ក្តី​សង្ឃឹមថា​ នឹង​រកឃើញ​អ្នក​រស់រាន​មានជីវិត ​បន្ទាប់ពី​ទឹកជំនន់​ និង​ការ​បាក់​ដី​ដ៏​សាហាវ​ បាន​សម្លាប់​មនុស្ស​ចំនួន​១៤១​នាក់ ​នៅក្នុង​គ្រោះមហន្តរាយ​មួយ​ក្នុងចំណោម​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​ជប៉ុន​នា​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ។

ភ្លៀង​ធ្លាក់​ដែល​បានចាប់ផ្តើម​កាលពី​សប្ដាហ៍​មុន​ បាន​បញ្ឈប់​ហើយ​ ខណៈ​ការ​ស្រក​ចុះ​នៃ​ទឹកជំនន់​បាន​លាតត្រដាង​ឲ្យ​ឃើញ​ពី​ការ​បំផ្លិចបំផ្លាញ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ។

នៅក្នុង​ទីក្រុង Kurashiki, ទឹកជំនន់​បាន​លេប​ត្របាក់​សង្កាត់​ទាំងមូល​ដែលជា​ហេតុ​បង្ខំ​ឲ្យ​មនុស្ស​មួយចំនួន​ត្រូវ​ឡើងលើ​ដំបូលផ្ទះ​របស់​ពួកគេ​ដើម្បី​រង់ចាំ​ការជួយ​សង្គ្រោះ​។​

មកដល់​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ បុគ្គលិក​ជួយសង្គ្រោះ​បានធ្វើការ​ស្វែងរក​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​នៅ​រស់រានមានជីវិត​ឬ​អ្នក​ដែល​រងគ្រោះ​ពី​គ្រោះមហន្តរាយ​។​

មន្ត្រី​រដ្ឋាភិបាល​មួយរូប​ឈ្មោះ Hideto Yamanaka បាន​ដឹកនាំ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែលមាន​គ្នា​ប្រហែល​៦០​នាក់​ដែល​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ស្វែងរក​តាម​ផ្ទះ​។​

វិបត្តិ​នេះ​គឺជា​គ្រោះមហន្តរាយ​ទាក់ទង​នឹង​ទឹកភ្លៀង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​មកនេះ​ហើយ​បាន​បង្ក​ឲ្យ​មានទុក្ខ​សោក​នៅ​ទូទាំងប្រទេស​។​

កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ​អា​បេ​បាន​លុបចោល​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ខណៈ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ហើយ​ការិយាល័យ​របស់គាត់​បា​ន​និយាយថា គាត់​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង Okayama នៅ​ថ្ងៃ​ពុធ​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​យ៉ាងតិច ១៤១​នាក់​បាន​ស្លាប់​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា មនុស្ស​រាប់សិប​នាក់​ទៀត​នៅតែ​បាត់​ខ្លួន​ហើយ​ចំនួន​អ្នកស្លាប់​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត​។​

លោក Suga បាន​និយាយថា ប៉ូលិស អ្នក​ពន្លត់​អគ្គិភ័យ​និង​កងទ័ព​ប្រហែល​៧៥,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ​នៅ​ទូទាំង​ផ្នែក​កណ្តាល​និង​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​។ គាត់​បាន​ព្រមាន​ថា​អាកាសធាតុ​ក្តៅ​ក៏បង្ក​ឲ្យ​មាន​ហានិភ័យ​ថ្មីៗ​ផងដែរ​។​

មនុស្ស​រាប់ពាន់នាក់​នៅ​តែ​ស្ថិតក្នុង​ទីជម្រក​ហើយ​អាជ្ញាធរ​ក្នុង​តំបន់​មួយចំនួន​បានផ្តល់​សេវា​ទឹកស្អាត​និង​អនាម័យ​សម្រាប់​អ្នក​ដែល​គ្មាន​ការផ្គត់ផ្គង់​ផ្ទាល់ខ្លួន​៕ AFP