ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ត្អូញត្អែរ​ពី​ផល​លំបាក ​គ្រា​កំពុង​គ្រប់គ្រង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ចាស់វស្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ស្រប​ពេល​ ដែល​បច្ចុប្បន្ន​កំពុង​ឡើង​កាន់​តំណែង ​និង​មាន​តួនាទី​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បន្ត​វេទ​ពី​អតីត​ប្រធាន​ចាស់​លោក​ សុះ ម៉ាច មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ក៏​ស្រាប់តែ​តារា​ស្រី​រូប​នេះ​ បាន​ពោល​ពាក្យ​ត្អូញត្អែរ​នៃ​ការ​ជួប​ផល​លំបាក​ និង​មតិ​រិះគន់​មួយចំនួន​ពី​អ្នក​សិល្បៈ​ដូច​គ្នា ​ក៏ដូចជា​មហាជន​មជ្ឈដ្ឋាន​ក្រៅ​សិល្បៈ​ជាដើម។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បាន​និយាយ​ថា ​ងើប​ពី​គេង​មក​ធ្វើការ​រហូត​មិន​ទាន់​បាន​ងូតទឹក​ទេ​ បើ​មាន​ប្រជុំ​ទៀត​គឺ​ចប់​ហ្មង។ ប្រធាន​សមាគម​សិល្បៈ​គឺ​អញ្ចឹង​ត្រូវតែ​ធ្វើការ​ដោយ​ខ្លួនឯង​បើ​ហ៊ាន​ជួល​បុគ្គលិក​គេ​ថា​យើង​ប្រើ​លុយ​ខុសច្បាប់​មិនមែន​អ្នកធំ​ទេ​ណា​តិច​យល់​ច្រឡំ​ថា ​ប្រធាន​សមាគម​ហ្នឹង​ឋានៈ​ខ្ពស់​ ឬ​មាន​អំណាច​លើ​អ្នក​សិល្បៈ​ចុះ​ សាក​តែ​ធ្វើ​ការ​មិន​ស្រួល​អ្នក​សិល្បៈ​ក្រោម​ឱវាទ​វាយប្រហារ​ពេញ Facebook។

ប្រធាន​សមាគម​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បន្ត​ទៀត​ថា ​អ្នកខ្លះ​វាយ​(​រិះគន់​)​ ហើយ​ជាន់ពន្លិច​ទៀត​តែ​ពេល​ត្រូវការ​ប្រើប្រាស់​ប្រធាន​ គឺ​ប្រើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ ប្រើ​បាន​ផល​គឺ​ល្អ​ណាស់​ប្រើ​អត់​បាន​ផល នាង​ហ្នឹង​មិនកើត​ទេ បក្សពួក គិត​ទៅ​យើង​ចាំតែ​ខុស​ទេ​។ ត្រូវ​ក៏​ជួយ ខុស​ក៏​ជួយ ជួយ​មិនបាន​រឿង តែ​ធ្វើ​ម្តេច​បើ​ខ្ញុំ​កើតមក​មាន​បេះដូង​ស្រលាញ់​សិល្បៈ​ខ្មែរ និង អ្នក​សិល្បៈ​ខ្មែរ​ទៅហើយ​មានតែ​ធ្វើអោយ​ចប់​អាណត្តិ​និង​ប្រឹង​ព្យាយាម​ធ្វើអោយ​កាន់តែ​ប្រសើរ គ្មាន​ប្រាក់ខែ​ហើយ​ខុស​ទៀត។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបញ្ជាក់​បន្ថែម​ទៀត​ថា​ អញ្ចឹង​ប្រធាន​សមាគម​ ក៏​ត្រូវ​ការ​ពេល​រកស៊ី​ប្រកបមុខរបរ​ផ្ទាល់ខ្លួន​ដែរ ​គឺ​ដើម្បី​ចិញ្ចឹមជីវិត​កូន​ និង​ខ្លួនឯង​ពេល​ចាស់​ទៅ​អត់​ចង់​លាដៃ​សុំ​ជំនួយ​។​សូម​បញ្ជាក់​ថា ​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បើ​គិត​មក​ទល់​ពេល​នេះ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មាន​រយៈពេល​១​ឆ្នាំ​មក​ហើយ​ បន្ទាប់ពី​ត្រូវ​បាន​ជាប់ឆ្នោត​ជំនួស​លោក សុះ ម៉ាច​។​

ជា​ការ​កត់សម្គាល់​បន្ទាប់​ពី​ជាប់ឆ្នោត​ និង​ជ្រើសតាំង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ផ្តើម​លេចមុខ​លើ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ​ចុះ​ជួយ​ដល់​សិល្បករ​-​សិល្បការិនី​ចាស់ជរា ​ដែល​បាត់បង់​សមត្ថភាព អ្នកមាន​ជំងឺ និង​សិល្បករ​ដែល​មាន​ជីវភាព​ជួប​ការ​ខ្វះខាត​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684