ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកកម្ម​ បានចាប់ផ្តើម​ដើម្បី​ជួយសង្គ្រោះ​កុមារ​ប្រាំ​នាក់ ​ដែល​ជាប់​នៅក្នុង​រូងភ្នំ​ថៃ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង

ក្រុម​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​អង្គារ​ បាន​នាំ​កីឡាករ​បាល់ទាត់​វ័យក្មេង​នៅ​សេសសល់​ចំនួន​៥​នាក់​ចេញពី​រូងភ្នំ​ថៃ​ដែល​ជាប់​អស់​រយៈពេល​១៨​ថ្ងៃ​មកហើយ​ ខណៈដែល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​គំរាមកំហែង​ដល់​ផ្លូវ​រត់គេច​ប្រកបដោយ​គ្រោះថ្នាក់​របស់​ពួកគេ​។​

ក្តីសង្ឃឹម​ចុងក្រោយ​នេះ ​បាន​កើតឡើង​ បន្ទាប់ពី​អ្នក​មុជទឹក​បរទេស ​និង​អ្នក​មុជទឹក​របស់​កងទ័ពជើងទឹក​ថៃ​បាន​អមដំណើរ​សមាជិក​ប្រាំបី​នាក់​នៃ​ក្រុម “​ជ្រូកព្រៃ​” ចេញពី​បណ្តាញ​ផ្លូវ​រូង​ក្រោម​ដី​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​។​

ប្រធាន​ក្រុម​ជួយសង្គ្រោះ​លោក Narongsak Osottanakorn បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​“​ពួកគេ​នឹងត្រូវ​នាំចេញ​នៅថ្ងៃនេះ​”​។ លោក​បាន​បន្ថែមថា ការធ្វើដំណើរ​ចេញ​គឺ​លឿន​ជាង​ថ្ងៃមុនៗ​។​
​ការនាំចេញ​ជា​លើក​ទី​២​នៃ​ក្មេងប្រុស​ចំនួន​បួន​នាក់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​គឺ​ត្រូវបាន​ស្វាគមន៍​ដោយ​ក្រុម​កងទ័ពជើងទឹក​នៅលើ​ទំព័រ Facebook របស់​ពួកគេ​។​

លោក Jedsada Chokdamrongsuk លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងសុខាភិបាល​សាធារណៈ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នៅឯ​មន្ទីរពេទ្យ​ខេត្ត​ឈៀង​រ៉ៃ​ដែលជា​កន្លែង​ក្មេងៗ ទាំងនេះ​កំពុង​សម្រាក​ព្យាបាល​ថា​“​អ្នក​ទាំង​ប្រាំបី​គឺមាន​សុខភាព​ល្អ​។ គ្រប់គ្នា​មាន​ស្មារតី​ល្អ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្មេងប្រុស​ទាំងនោះ​ដែលមាន​អាយុ​ចន្លោះ​ពី​១២​ទៅ​១៦​ឆ្នាំ​នឹងត្រូវ​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ទាល់តែ​គ្រូពេទ្យ​ប្រាកដថា ពួកគេ​មិនបាន​ឆ្លង​ជំងឺ​ណាមួយ​ពី​ក្នុង​រូងភ្នំ​នោះទេ​។​

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ផឹកទឹក​កខ្វក់​ឬ​ការប៉ះពាល់​ទៅនឹង​បក្សី​ឬ​សត្វ​ប្រជៀវ​នៅក្នុង​រូងភ្នំ​អាច​នាំ​ឲ្យ​មានការ​បង្ក​រោគ​ដ៏​គ្រោះថ្នាក់​។​
​ប៉ុន្តែ​លោក Jedsada បាន​និយាយថា សញ្ញា​ដំបូង​ជាមួយនឹង​ការថត​កាំរស្មី X និង​ការធ្វើ​តេស្ត​ឈាម​បាន​បង្ហាញថា មាន​ក្មេង​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែលមាន​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ហើយ​ពួកគេ​ស្ថិតក្នុង​ស្ថានភាព “​ធម្មតា​” បន្ទាប់ពី​ផឹកថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។​

គួរបញ្ជាក់​ជាថ្មី​ថា ក្មេងប្រុស​ដែលមាន​អាយុ​ចាប់ពី​១១​ដល់​១៦​ឆ្នាំ​និង​គ្រូបង្វឹក​អាយុ​២៥​ឆ្នាំ​របស់​ពួកគេ​បាន​ចូលទៅក្នុង​រូងភ្នំ Tham Luang កាលពី​ថ្ងៃទី​២៣​ខែមិថុនា​បន្ទាប់ពី​ការហ្វឹកហាត់​ហើយ បាន​ជាប់​យ៉ាងជ្រៅ​នៅ​ខាងក្នុង​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ដែល​រារាំង​ពួកគេ​នៅ​ទីទួល​មាន​ភក់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684