ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ស៊ី​ណាត ជួប ប្រា​ច័ន្ទ​បាន ឯ រិ​ទ្ធ ភូ​លូ ជួប យ៉​ត​ប៉ា​យ៉ាក់ នៅ​សង្វៀន​ស្ទឹងមានជ័យ

ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​១៣​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។

​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រា​ច័ន្ទ​បាន​( Prachanban Sor.Jor Vichit Petriw) ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មក​កម្ពុជា​នោះទេ​កន្លងមក​។​ជា​លើក​ទី​១​ហើយ ដែល ប្រា​ច័ន្ទ​បាន មកជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​នោះ ។​

ស៊ី​ណាត ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា ។ គេ​មាន​កណ្តាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ចំពោះ​ការប្រកួត ។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៩២​លើក​ចាញ់ ១៣​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​បាន​៣២​លើក​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា ចាន់ ស៊ី​ណាត មិនអាច​មើលស្រាល​ប្រា​ច័ន្ទ​បាន បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផងដែរ។​

ប្រា​ច័ន្ទ​បាន ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៦​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក ។ ចាំមើល ចាន់ ស៊ី​ណាត តើ​គេ​អាច​យកឈ្នះ ប្រា​ច័ន្ទ​បាន បាន​ឬ​អត់​? ។​

ចំពោះ រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត​ប៉ា​យ៉ាក់​( Yotpayak Kor.Adisorn) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដូច្នេះ​ការជួបគ្នា​លើក​នេះ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ សម្រាប់​ជំនួប​លើកដំបូង​នេះ ។

យ៉​ត​ប៉ា​យ៉ាក់ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្ទឹងមានជ័យ​ម្តង​ហើយ​កន្លងមក ដោយ​វាយ​ចាញ់​នូវ ដា​រ៉ូ មិត្ត​រួម​ក្លិប​របស់​រិ​ទ្ធ ភូ​លូ​នេះ ។ បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា យ៉​ត​ប៉ា​យ៉ាក់ អាច​វាយ​ឈ្នះ​រិ​ទ្ធ ភូ​លូ នោះទេ ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​នេះ មិនទាន់​ប្រាកដថា រិ​ទ្ធ ភូ​លូ​ឈ្នះ យ៉​ត​ប៉ា​យ៉ាក់ នោះដែរ ព្រោះថា​អ្នក​ប្រដាល់​ថៃ​យ៉​ត​ប៉ា​យ៉ាក់ គេ​ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ និង​ស៊ូ​ចំពោះ​ការប្រកួត​ដែរ ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​អោយដឹង​នោះ។​

រិ​ទ្ធ ភូ​លូ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែលមាន​កាយសម្បទា​រឹងមាំ និង​វាយ​ខ្លាំង និង​ធ្លាប់​ផ្តួល​ជើងចាស់​អស់​ច្រើន​នាក់​មកហើយ ។ ជា​លើក​ទី​៩ ដែល​រិ​ទ្ធ ភូ​លូ ត្រូវបាន​គេ​ផ្គូ​អោយ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​បរទេស​នោះ ។ រិ​ទ្ធ ភូ​លូ ប្រកួត​ទើបបាន​ចំនួន​៤៩​លើក​ប៉ុណ្ណោះ ក្នុងនោះ វាយ​ឈ្នះ​៣៤​លើក ចាញ់​១១​លើក​និង​ស្មើ​០៤​លើក ។​គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Samransak ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​២៩​មិថុនា​២០១៨។ តែ​យ៉ាងណា រិ​ទ្ធ ភូ​លូ​មិនអាច​មើលស្រាល​ចំពោះ​យ៉​ត​ប៉ា​យ៉ាក់ នោះឡើយ៕​