ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ជំរុញ​ឲ្យ​បង្កើន​គុណភាព​ការបណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច​ដើម្បី​បង្កើន​បរិមាណ​ភ្ញៀវ​ទេសចរ​

​ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឲ្យ​បង្កើន​គុណភាព​ការបណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច​ដើម្បី​បង្កើន​បរិមាណ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​សំដៅ​ឈាន​ទៅ​សម្រេច​ផែនការ​បង្កើន​បរិមាណ​ទេសចរ​ឱ្យបាន​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​ខាងមុខនេះ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​អ្នក​កំពុង​បម្រើ​ការងារ​បដិសណ្ឋារកិច្ច​តុ​ការ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ក្នុង​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ចំនួន​១.៣០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ​បាន មានប្រសាសន៍ថា នៅពេល​សេវាកម្ម​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាព​ញញឹម​រាក់ទាក់ និង​រហ័សរហួន គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងពេលដែល​ពួកគេ​បាន​ទៅដល់​កន្លែង​កំសាន្ត ឬ អាហា​រដ្ឋា​ន​ទេសចរណ៍​ណាមួយ​។​

លោក​បាន​បន្តថា ​«​ការផ្តល់សេវា ដល់​ភ្ញៀវ​គឺមាន​តួនាទី​សំខាន់ ណាស់ ព្រោះថា កា ល ណា យើង​ផ្តល់​សេវា​ល្អ នោះ​ធ្វើ​ឲ្យ​ភ្ញៀវ ចូលចិត្ត និង​មក​លើក​ក្រោយ​ទៀត ដូច្នេះ​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់​ត្រូវតែ​សិក្សា យល់ដឹង​ពី​ការ​ធ្វើ​បដិសណ្ឋារកិច្ច ការ​ផ្តល់សេវា​អាហារ ទៅដល់​ភ្ញៀវ​។​

លោក​បាន​បន្ថែមទៀតថា ​ប្រសិនបើ​អ្នកផ្តល់​សេវា​មិនល្អ​បុគ្គលិក​មិន​មាន​សុជីវធម៌ បុគ្គលិក​មិន​មាន​ជំនាញ​រត់​តុ ដាក់​ម្ហូបអាហារ​ច្រងេងច្រងាង គ្មាន​សណ្ដាប់ធ្នាប់​នោះ​ ទោះបីជា​ភោជនីយដ្ឋាន​នោះ​មាន​ម្ហូប​ឆ្ងាញ់​និង​ទាក់ទាញ​​​ប៉ុណ្ណា​ក៏​គេ​មិន​ចូល​ដែរ​។​

លោក​បាន​បញ្ជាក់​ថា ​ដើម្បី​សេវា​បដិសណ្ឋារកិច្ច​ទេសចរណ៍​មាន​ភាពប្រសើរឡើង រដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឱ្យមាន​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ដូចជា ប្រកប​ដោយ​ភាព​ញញឹម​រាក់ទាក់​និង​រហ័ស សេវាកម្ម​បម្រើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​ប្រកបដោយ​អនាម័យ គុណភាព និង​តម្លៃ​សមរម្យ ជាដើម​។

លោក​បា​បន្ថែមទៀតថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​រៀបចំ​ស្ដង់ដារ​វាយតម្លៃ​ដោយ​ផ្នែក​តាម​អភិក្រម​«​ធ្វើឱ្យបាន ធ្វើឱ្យ​លឿន និង​មាន​តម្លាភាព​» និង​បាន​បែង​ចែក​ជា​៣ សូចនាករ​គោល​គឺ​ការ​ផ្តល់សេវា​ឱ្យបាន​និង​ប្រកបដោយ​គុណភាព ការ​ផ្ដល់​លឿន ទាន់​ពេលវេលា​និង​ត្រឹមត្រូវ ការ​ផ្តល់សេវា​ជូន​ភ្ញៀវ​ដោយ​ស្មើភាព​និង​មានការ​ទទួលខុសត្រូវ​។​
លោក ឡី សុភាព នាយក​សាលា​​ទេសចរណ៍ និង បដិសណ្ឋារកិច្ច​កម្ពុជា​បាន​មានប្រសាសន៍ថា​ការបើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច​នេះ​ដើម្បី​ចូល​រួម​ក្នុង​វិស័យ​ទេសចរណ៍​ស្របតាម​ផែនការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៧ – ២០២៥ របស់​ក្រសួង​ទេសចរណ៍ សំដៅ​ដល់​ពង្រឹងគុណភាព​អ្នក​ទេសចរណ៍ ទាំង​គុណ​ភាព ចំណេះដឹង និង​ចំណេះធ្វើ​ឲ្យ​កាន់តែ​ប្រសើរ នៅតាម​មូលដ្ឋាន​អាហារដ្ឋាន ភោជនីយដ្ឋាន​នានា។

លោក​បន្តថា ​សាលា​បាន​បើ​កវគ្គ​បណ្តុះបណ្តាល​ដោយបាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ និង​បាន​បណ្តុះ​សិក្ខាកាម​វគ្គ​ទី​១​បាន​ចំនួន​៣៣៣​នាក់ ស្រី ១៤៨​នាក់ វគ្គ​ទី ២ បាន​បណ្តុះបណ្តាល​៣០៨ ស្រី​១១៧​នាក់ ទី​៣ បាន​៣២៨​នាក់​ស្រី​១៣៨​នាក់ និង​វ គ្គ ទី​៤​បាន​កំពុង​បណ្តុះបណ្តាល​មាន​ចំនួន​២៩៩​នាក់​ស្រី ១៦៨​នាក់។

លោក​បន្ថែមថា​ ការ​បណ្តុះបណ្តាល​តាម​បណ្ដាល​ប្រទេស​សមាជិក​អាស៊ាន ដោយ​លើក ផ្នែក​បដិសណ្ឋារកិច្ច​ទេសចរណ៍ និង​ឯកទេស ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​សេវាកម្ម។ សិក្ខាកាម​ក៏បាន​ចុះ​អនុវត្ត​ជាក់ស្តែង​នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ផងដែរ។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​គោលដៅ​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យបាន​ប្រមាណ​៦​លាន​២​សែន​នាក់​នៅ​ឆ្នាំ​២០១៨​នេះ និង​ប្រមាណ​៧​លាន​នាក់​នៅត្រឹម​ឆ្នាំ​២០២០​ឆ្នាំ​២០២៥ កើន​ដល់​១០​លាន​នាក់​និង​ឆ្នាំ ២០ ៣០​កើនឡើង​ដល់ ១៥​លាន​នាក់ ដោយ​បង្កើន​ការងារ​ដោយផ្ទាល់ ១​លាន ៧​សែន​នាក់​និង​ការងារ​ប្រយោល​ជាច្រើន​នាក់​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684