ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​បី​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​បុក​ម៉ូតូ​រ៉ឺម៉ក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​លើ​ដងផ្លូវ​ជាតិ​លេខ​៣

កំពត​ ៖ ​បុរស​អ្នក​បើក​ម៉ូតូ​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ជួប​នឹង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​មួយ ​ដែល​ម៉ូតូ​ខ្លួន​ជិះ​ក្នុង​ល្បឿន​លឿន​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង មើលផ្លូវ​ពុំ​សូវ​ច្បាស់​ផង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សណ្តោង​​រ៉ឺម៉ក ​ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា លើ​ផ្លូវ​ជាតិ​លេខ​៣ កំពត ភ្នំពេញ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២ – ១៤៣ កាលពី​វេលា​ម៉ោង​១៨​និង​៥៥​នាទី​ល្ងាច ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ លោក​វរសេនីយ៍ទោ ពុធ សឺ​ង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ កំពត 1K-1862 មានឈ្មោះ ផាត់ លឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឃុំ រ័ត្ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ រងរបួស​ធ្ងន់​បាក់ដៃ​ខាងឆ្វេង​និង​បាក់ជើង​ខាងឆ្វេង​។ លោក​បាន​បន្ត​ឱ្យដឹងទៀតថា ចំណែក​អ្នកបើក​ម៉ូតូ​សណ្តោង​​រ៉ឺ​ម៉ក​មានឈ្មោះ​ម៉ា រុម​នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ បាន​រង​បួស​ទ្រូង​ខាងឆ្វេង​និង​ចង្កា យ៉ាងដំណំ។

លោក​បាន​បញ្ជាក់​ថា ​៖​ មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​គឺ​បណ្តាលមកពី​ម៉ូតូ​ជនរងគ្រោះ​បើក​ក្នុង​ល្បឿន​លឿន​ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​នៅលើ​ផ្លូវ គឺ​មើលផ្លូវ​ពុំ​សូវ​ឃើញច្បាស់​ផង ទើប​បណ្តាល​ឱ្យ​ម៉ូតូ​ជនរងគ្រោះ​បើក​រេ​ចង្កូត​ម៉ូតូ​របស់​ខ្លួន​ទៅបុក​នឹង​កង់​ម៉ូតូ​សណ្តោងរ៉ឺម៉ក​នៅ​ខាងឆ្វេង​ដៃ ទើប​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ធ្លាក់​មក​លើ​ខ្លួនឯង​តែម្តង។

ក្នុងករណី​ខាងលើ ​បន្ទាប់​សមត្ថកិច្ច​ចរាចរ​ធ្វើការ​វាស់វែង​រួច សាកសព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ រីឯ​អ្នក​រង​របួស​ សមត្ថកិច្ច​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​សមត្ថកិច្ច​ បាន​នាំទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ឃ្មុំ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684