ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី បាន​ចុះ​បង្ក្រាប​ទីតាំង​លាក់​ស្តុក​ឈើ​ជាច្រើន​កំណាត់​ ដែល​ឈ្មួញ​យក​មក​លាក់​ទុក​នៅ​ស្រុក​អូរយ៉ាដាវ

រតនគីរី​ ៖​ ឈើ​ជាច្រើន​កំណាត់ ​ដែល​ឈ្មួញ​យក​មក​លាក់​ទុក​នៅ​ក្នុង ភូមិ ប៉ក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ​ត្រូវ​បាន​អ្នកសារព័ត៌មាន​​​ជួបប្រទះ​ ហើយ​ក៏បាន​រាយការណ៍ ជូន​លោក​មេ​បញ្ជាការ​កង​កងរាជអាវុធហត្ថ​ខេត្ត​​ចុះ​បង្ក្រាប។

មេបញ្ជាការ​​ ​បញ្ជា​កម្លាំង​អាវុធហត្ថ​ខេត្ត​ សហការ​​​ជាមួយ​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ​​ចុះទៅ​ដល់ទី​តាំង​លាក់​ស្តុក​ឈើ​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ខាង​អាវុធហត្ថ​ធ្វើការ​វាស់វែង​ និង​រាប់​បាន ចំនួន​ឈើ​ជាង​៧០​កំណាត់​ប្រភេទ​ឈើ​សុក្រំ​​ឃ្លុំ ដែល​មាន​មុខកាត់​០.១៥​សង់ទីម៉ែត្រ​ទៅដល់​០.៣០​សង់ទីម៉ែត្រ​ប្រវែង​០.១២​សង់ទីម៉ែត្រ​។​

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ​បងប្អូន​ជនជាតិ​ ដែល​រស់នៅ​ក្នុងភូមិ​ប៉ក់​ធំ​ បាន​ប្រាប់​ព័ត៌មាន​យើង​​ កាលពី​យប់​ថ្ងៃទី​៩ នៅវេលា​ម៉ោង​៣ ជាង​ឈានចូល​ថ្ងៃទី​១០ ​ខែកក្កដា​ថា​ ទៀបភ្លឺ​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​មក​ទម្លាក់​ទុក​ជិត​ផ្ទះ​របស់​ពួកគាត់ ​គឺមាន​ចំនួន​បី​រថយន្ត​សាំ​យ៉ុង ហើយ​គាត់​ខ្លាច​មាន​បញ្ហា​ព្រោះ​ឃើញ​ឈើ​មាន​ចំនួន​ច្រើន​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ ហើយ​អ្នកព័ត៌មាន​បាន​រាយការណ៍​ទៅ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក គឹម រស្មី ហើយ​លោក​បាន​បញ្ជា​កម្លាំង​អាវុធហត្ថ​ខេត្ត​និង​កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ចុះមក​ដល់ទី​តាំង​លាក់​ស្តុក​ឈើ​ភ្លាមៗ​ផងដែរ​។ ​​ឈើ​នេះ​រក​អត្តសញ្ញាណ​ម្ចាស់​​​ មិន​ឃើញ​នោះ​ទេ ហើយ​​ត្រូវ​​​​កម្លាំង​អាវុធហត្ថ​​​​យក​មក​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​សិន​រង់ចាំ​ជំនាញ​មេព្រៃ​មក​ធ្វើការ​វាស់វែង​ឲ្យ​ដឹង​ចំនួន​ច្បាស់លាស់​ដើម្បី​យក​ទៅ​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​យ៉ា​ដាវ​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684