ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អង់គ្លេស​ដែល​ពុល​ជាមួយនឹង​សារធាតុ​គីមី Novichok បានដឹងខ្លួន​ហើយ

មន្ទីរពេទ្យ Salisbury District Hospital បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​ពុល​ជាមួយនឹង​សារធាតុ​គីមី​បំផ្លាញ​សរសៃ​ប្រសាទ Novichok កាលពី​១១​ថ្ងៃមុន​គឺ​បានដឹងខ្លួន​វិញ​ហើយ​ ហើយ​ពេលនេះ​កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​

លោក Charlie Rowley អាយុ​៤៥​ឆ្នាំ​ត្រូវ​រង​ការបំពុល​ជាមួយនឹង​នាង Dawn Sturgess ដែល​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ដោយ​ភ្នាក់ងារ​បំផ្លាញ​សរសៃរ​ប្រសាទ​តែមួយ​ដែល​ត្រូវបាន​គេ​ប្រើ​ក្នុងការ​វាយប្រហារ​ទៅលើ​អតីត​អ្នកស៊ើប​អង្កេត​រុស្ស៊ី​លោក Sergei Skripal និង​កូនស្រី​របស់គាត់​កាលពី​ខែមីនា​។​

លោក Lorna Wilkinson នាយក​ផ្នែក​ថែទាំ​នៅ​មន្ទីរពេទ្យ Salisbury District បាន​និយាយថា “​យើង​បាន​មើលឃើញ​ពី​ការរីកចម្រើន​តិចតួច​ប៉ុន្តែ​មាន​សារៈសំខាន់​ក្នុងស្ថានភាព​របស់លោក Charlie Rowley​។ គាត់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​”​។​

ប៉ូលិស​បាន​និយាយថា នាង Sturgess ដែលជា​ដៃគូ​របស់លោក Rowley បាន​កាន់​វត្ថុ​ដែលមាន​ផ្ទុក​សារធាតុ​គីមី Novichok នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អង់គ្លេស​ដែលមាន​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​ពី​ទីក្រុង Salisbury ដែលជា​កន្លែង​លោក Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia ត្រូវ​រង​ការវាយប្រហារ​។ ។​
Novichok ត្រូវបាន​បង្កើតឡើង​ដោយ​កងទ័ព​សូ​វៀត​ក្នុងកំឡុងពេល​សង្គ្រាមត្រជាក់​។​

ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បាន​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​លើ​ឪ​កូន Skripal ដែលជា​ហេតុ​ជំរុញ​ឲ្យ​ប្រទេស​លោកខាងលិច​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ក្នុង​ចំនួន​ដ៏​ធំ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុង​មូស្គូ​បាន​ច្រានចោល​ការចោទប្រកាន់​ទាំងនេះហើយ​បាន​វាយបក​ទៅវិញ​ដោយ​បណ្តេញ​អ្នកការទូត​របស់លោក​ខាងលិច​ដូចគ្នា​។​

ការស៊ើបអង្កេត​បានប្រែក្លាយ​ទៅជា​ការ​ប្រមាញ់​ករណី​ឃាតកម្ម​មួយ​បន្ទាប់ពី​ការស្លាប់​របស់​នាង Sturgess វ័យ​៤៤​ឆ្នាំ​ដែលមាន​កូន​ចំនួន​បីនាក់​។ នាង​ជា​អ្នករស់នៅ​ក្នុង​ទីក្រុង Amesbury ដែល​ស្ថិត​នៅក្បែរ​ទីក្រុង Salisbury៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684