ព័ត៍មានទាន់​ហេតុការណ៏
Search

ម្តាយ​ជនរងគ្រោះ ​ស្រែក​ដង្ហោយ​រក​យុត្តិធម៌​ ខណៈ​ឃើញ​ជន​សង្ស័យ​ម្នាក់​ ដែល​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​កាប់សម្លាប់​កូន​របស់​គាត់ ​ត្រូវ​បាន​តុលាការ​ដោះលែង

កណ្តាល​ ៖ ម្តាយ​ជនរងគ្រោះ ដែល​ត្រូវ​ក្រុម​ជនដៃដល់​កាប់​ប្រហារ​កូន​គាត់​បណ្តាលឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ស្ថិត​ក្នុង​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​អំឡុង ខែមីនា ឆ្នាំ​២០១៨ កន្លងទៅ បាន​ស្រែ​ក​ដង្ហោយ​សុំឱ្យ​ស្ថាប័ន​ច្បាប់​​ ជួយ​រក​យុត្តិធម៌​ជូន​កូន​គាត់ ពេល​ដែល​ឃើញ​ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​៦​នាក់​ជាប់​ពាក់​ព័ន្ធ​អំពើ​ឃាតកម្ម​កាប់សម្លាប់​កូន​របស់​គាត់​ត្រូវបាន តុលាការ​ខេត្តកណ្តាល ដោះលែង​អោយ​មាន​សេរីភាព​ ខណៈ​រូប​គាត់​ និង​កូន​ដែល​គេ​សម្លាប់ ​ពុំ​ទាន់​ទទួល​បាន​ភាព​​យុត្តិធម៌​នៅឡើយ​។​

ជនសង្ស័យ​ត្រូវ​តុលាការ​ដោះលែង​នោះ ឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ។

​ស្ត្រី​ឈ្មោះ គីម ស្រ៊ី​ម ជា​ម្តាយ​របស់​ជនរងគ្រោះ​បាន​និយាយ​រៀបរាប់ថា កូន​របស់គាត់​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០ ឆ្នាំ ត្រូវបាន​ក្រុមក្មេងស្ទាវ​តាម​កាប់​ប្រហារ​បណ្តាល​ឲ្យ​ស្លាប់ រហូតមកដល់​ពេលនេះ តុលាការ​មិនទាន់​រក​យុត្តិធម៌​បាន​នៅឡើយ​ទេ ឥឡូវ​បែរជា​ដោះលែង​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦ ដែល​សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​កាលពី​ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០១៨ កន្លងទៅ។

ម្តាយ​ជនរងគ្រោះ​រៀបរាប់ថា​លោក ងួន វុទ្ធី អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង ឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កាប់​ជ្រូក​លក់ កាលពី​ថ្ងៃទី​០២ ​ខែ​កក្កដា ​ឆ្នាំ២០១៨ ដែល​ជាប់ចោទ​ពីបទ​”​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លងទៅ។​

ពាក់ព័ន្ធ​នឹង​​​រឿងរ៉ាវ​ខាងលើនេះ​អ្នក​សារព័ត៌មាន បាន​សួរ​ទៅ​លោក សូ សារិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល តែ​លោក​មិន​ឆ្លើយតប​សោះ​។​

​សូមបញ្ជាក់ថា​ ៖ ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​១៨ និង​០០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​SUZUKI NEX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-2039 តែម្នាក់ឯង​ចេញពីផ្ទះ​ទៅលេង​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​វត្ត​កោះទៀវ ស្ថិតនៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។ លុះ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈពេលដែល​ជនរងគ្រោះ ចេក ភាព ជិះ​ម៉ូតូ​ចេញពី​វត្ត​ត្រឡប់មក​ផ្ទះ​វិញ​ដល់​ចំណុច​ខាងត្បូង​ស្ពាន​ព្រែក​គង់ ចម្ងាយ​ប្រមាណ​៥៥​ម៉ែត្រ ស្ថិតនៅលើ​ចិញ្ចើម​ផ្លូវជាតិ​២១​ចំហៀង​ខាងកើត ស្រាប់​តែមាន​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ចំក​ខាងឆ្វេង បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​តែម្ដង។

ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន ដឹកនាំ​ដោយ​លោក​អធិការ សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស ​និង​វិទ្យាសាស្ត្រ​ខេត្ត ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន លោកគ្រូ​ពេទ្យ និង​ក្រុមគ្រួសារ​សព​ ដើម្បី​ធ្វើ​ការពិនិត្យ កន្លែង​​កើតហេតុ​ ​និង​ពិនិត្យ​សាកសព ឃើញ​​​ថា ជនរងគ្រោះ​មាន​ស្លាកស្នាម នៅ​​លើក​ខាងឆ្វេង​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​មុខ​មុត មាន​ទំហំ​0៦​ស​.​ម​x០៨​ស​.​ម ជម្រៅ ដល់​ឆ្អឹង និង​សន្និដ្ឋានថា​ជា​អំពើ​ឃាតកម្ម​ ក្រោយមក​បានកំណត់​មុខសញ្ញា​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​៦​នាក់​រួមមាន​ទី​១-​ឈ្មោះ គាត សំណាង ហៅ​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តុ​ការ ជា​ជនដៃដល់។ ទី​២-​ឈ្មោះ ហោ សោ​ភ័​ណ្ឌ​(​ហៅ​ឡុង​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ រត់​តុ​ការ ជា​អ្នកចូលរួម ទី​៣-​ឈ្មោះ ឌី ឌឿ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ ទី​៤-​ឈ្មោះ បេង តាំង​អេង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មុខរបរ កាប់​ជ្រូក​លក់ ទី​៥-​ឈ្មោះ វ៉ាន់ សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ទី​៦-​ឈ្មោះ យឹម ឌី​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ព្រែក​ស្តី ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តតាកែវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684