ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកួត​បង្គ្រប់កិច្ច​មែន តែ​ក្រុម U19​កម្ពុជា យកឈ្នះ​ទី​ម័​រ​ខាងកើត ១​ទល់​០ ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ាន

ទោះបីជា​អស់សិទ្ធិ​ឡើង​ទៅ​ជុំ​បន្ទាប់​មែន តែ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​អាយុ​១៩​ឆ្នាំ (U19) បាន​យកឈ្នះ​លើ​ក្រុមទី​ម័​រ​ខាងកើត ក្នុង​ជំនួប​បង្គ្រប់កិច្ច​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់ 2018 AFF U-19 Youth Championship នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា សប្ដាហ៍​នេះ​មុន​ធ្វើដំណើរ​ត្រឡប់មក​មាតុភូមិ​។

ការប្រកួត​ដែល​ធ្វើ​ឡើងលើ​ទីលាន​កីឡដ្ឋាន​Gelora Joko Samudro Stadium ក្នុង​ទីក្រុង Gresik ប្រទេស​ឥណ្ឌូណេស៊ី កីឡាករ ណុប ដេវីដ និង​កីឡាករ ខេង ម៉េង​ហួរ បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​កម្ពុជា ខណៈ​កីឡាករ​Celso Rebelo Garcia រក​គ្រាប់​បាល់​១​គ្រាប់​ឲ្យ​ទី​ម័​រ​ខាងកើត​។ សរុប​ប្រកួត​របស់​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល មានដូចជា​យកឈ្នះ​ប្រ៊ុយណេ ៥​ទល់​០ ចាញ់​ម៉ាឡេស៊ី ២​ទល់​០ ចាញ់​មី​យ៉ាន់​ម៉ា ៤​ទល់​១ និង​ឈ្នះ​ទី​ម័​រ​ខាងកើត ២​ទល់​១​។

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រូវ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​ក្រុម​លេខ​១​ពូ​ល A ថៃ ត្រូវ​ប៉ះ​ក្រុម​លេខ​២​ពូ​ល B មី​យ៉ាន់​ម៉ា ហើយ​ក្រុម​លេខ​១​ពូ​ល B ម៉ាឡេស៊ី ប៉ះ​ក្រុម​លេខ​២​ពូ​ល A ឥណ្ឌូណេស៊ី​។ ក្រុម​ឈ្នះ​វគ្គ​នេះ​មានឈ្មោះ​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​១៤ ខែកក្កដា ខាងមុខ ហើយ​ក្រុម​ចាញ់​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ផងដែរ​។ គិត​ត្រឹម​ពេលនេះ កីឡាករ​Bounphachan Bounkong របស់​ឡាវ កំពុង​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ក្រោយ​រកបាន​៦​គ្រាប់​ម្នាក់ឯង​។

ពានរង្វាន់ 2018 AFF U-19 Youth Championship ក្រុម​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល B ជាមួយ​ក្រុម​មីយ៉ាន់​ម៉ា​, ទី​ម័​រ​ខាងកើត​, ម៉ាឡេស៊ី​និង​ប្រ៊ុយណេ ខណៈ​ពូ​ល A មាន​ថៃ​, វៀតណាម​, សិង្ហ​បុរី​, ហ្វីលីពីន និង​ឡាវ​។ ក្រុម​ដែល​ប្រកួត​សន្សំ​ពិន្ទុ​បាន​ច្រើន​ជាង​គេ​ប្រចាំ​ពូ​ល​នីមួយៗ​មានឈ្មោះ​ឡើង​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ជើងឯក​ប្រចាំ​តំបន់ ក្នុង​ឆ្នាំ២០១៨ នេះ​ផង​ដែរ​។ ពានរង្វាន់​នេះ​ចាប់ពី​ថ្ងៃទី​១ ដល់ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​ម្ចាស់ផ្ទះ​បានរៀបចំ​ទីក្រុង​ចំនួន​២​គឺ Gresik និង​Sidoarjo សម្រាប់​ដំណើរការ​ការប្រកួត​។

ចំពោះ​ក្រុម U19 កម្ពុជា ដឹកនាំ​ដោយ​លោក​Musashi MIZUSHIMA គ្រូបង្វឹក​របស់​ក្រុម​សាលា​បាល់ទាត់​ជាតិ នៅ​បាទី នឹង​ដឹកនាំ​កូនក្រុម​ត្រឡប់​មកកាន់​មាតុភូមិ​វិញ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ចុង​សប្ដាហ៍​នេះ​។ កីឡាករ​ទាំង​២៣​នាក់​ដែល​ចេញទៅ​ប្រកួត​លើក​នេះ​មាន​សៀង ច​ន្ធា​, សៀន សុភ​ត្រា​, ហេង ទីណា​,​ថា ច័ន្ទ​ឬ​ទ្ធី​, សឿត ណា​វ៉ា​, ឡុង ម៉េង​ហាវ​, ហ៊ុល គឹម​ហ៊ុយ​, លន ថេ​ន​, ឈឿង វិ​ស៊ី​នុ​, ផា​ច សុជា​វីឡា​, ទេស សម្បត្តិ​, ណា​រ៉ុង កក្កដា​, សាន គឹម​ហេង​, ជា វ៉ាន់​សាក់​, សាន បូរ៉ា​, ត្រាយ វិចិត្រ​, ឃាង ម៉េង​ហួរ​, ណុប ដេវីដ​, ពេជ្រ សុ​វណ្ណា​រ័ត្ន​, យ៉េត ចិ​ត្រា​, ចន្ថា ធនធាន​, ឪ ភា​រ៉ុណ ឃុន​ សេងថៃ៕