ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​កាតា​ឡាន​ ធ្វើដំណើរ​ទៅ​ស្កុ​តឡែ​ន​ដើម្បី​រៀបចំ​កិច្ចពិភាក្សា​ជា​ប្រវត្តិសាស្ត្រ

រដ្ឋមន្ត្រី​ទីមួយ​គាំទ្រ​ឯករាជ្យ​របស់​ប្រទេស​ស្កុ​តឡែ​ន​លោក​ស្រី Nicola Sturgeon បាន​ជួប​ជាមួយ​ប្រធានាធិបតី​កាតា​ឡាន​លោក Quim Torra ជា​លើកដំបូង​នៅ​ថ្ងៃ​ពុធ។

​លោក Torra កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្កុ​តឡែ​ន​ហើយក៏​នឹង​ជួប​ជាមួយ​អតីតរដ្ឋមន្ត្រី​កាតា​ឡាន​លោកស្រី Clara Ponsati ផងដែរ​ដែល​កំពុង​ប្រយុទ្ធ​នឹង​សំណើ​ធ្វើ​បត្យាប័ន​ដោយ​ប្រទេស​អេ​ស្ប៉ា​ញ​ពីបទ “​ការបះបោរ​ហិង្សា​” សម្រាប់​តួនាទី​របស់លោក​ស្រី​ក្នុង​ប៉ុនប៉ង​ឯករាជ្យ​ដែល​បរាជ័យ​កាលពី​ឆ្នាំ​២០១៧​។​

លោកស្រី Ponsati អាយុ​៦១​ឆ្នាំ​ដែលជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ​នៅ​សាកលវិទ្យាល័យ St Andrews គឺ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ខណៈពេល​លោកស្រី​កំពុង​ប្រឈមមុខ​នឹង​ការធ្វើ​បត្យាប័ន​តាមរយៈ​តុលាការ​អេ​ស្ប៉ា​ញ​។​

លោក Michael Keating សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Aberdeen បាន​និយាយថា ជំនួប​រវាង​លោក Torra និង​លោកស្រី Sturgeon អាចធ្វើ​ទៅបាន​ដោយសារតែ “​ស្ថានភាព​ធម្មតា​ឡើងវិញ​”​នៅ​តំបន់​កាតា​ឡាន​បន្ទាប់ពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​។​

មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និ​ទ្ធិ​យូរអង្វែង​មកហើយ​រវាង​ស្កុ​តឡែ​ន​និង​អ្នក​បំបែក​ខ្លួន​កាតា​ឡាន​។​
​នៅពេល​ស្កុ​តឡែ​ន​បានរៀបចំ​ការធ្វើប្រជាមតិ​ឯករាជ្យ​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៤​ដែល​ក្នុងនោះ​មេដឹកនាំ​សហជីព​បានឈ្នះ​សំឡេង​៥៥​ភាគរយ​ទល់នឹង​៤៥​ភាគរយ​នោះ ពលរដ្ឋ​កាតា​ឡាន​រាប់ពាន់នាក់​បាន​ជួយ​ដល់​យុទ្ធនាការ​ឯករាជ្យ​។​

ក្នុងអំឡុងពេល​នៃ​ការប៉ុនប៉ង​ផ្ទាល់ខ្លួន​របស់​កាតា​ឡាន​កាលពី​ឆ្នាំមុន មានការ​គាំទ្រ​នៅតាម​ដងផ្លូវ​នៃ​ប្រទេស​ស្កុ​តឡែ​ន​ហើយ​សមាជិកសភា​ជាច្រើន​មកពី​គណបក្ស​ជាតិ​ស្កុ​តឡែ​ន​របស់​លោកស្រី Sturgeon បានធ្វើ​ដំណើរ​ទៅ​កាតា​ឡាន​ធ្វើជា​អ្នកសង្កេតការណ៍​នៃ​ការបោះឆ្នោត​។​
​នៅពេលនោះ លោកស្រី Sturgeon បាន​សម្តែង​កង្វល់​រប​ស់លោក​ស្រី​អំពី​ការបង្ក្រាប​នៅ​កាតា​ឡាន​ដោយ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​។​

គួរ​បញ្ជាក់ថា មុនពេល​កិច្ចពិភាក្សា លោកស្រី Sturgeon បាន​រង​ការរិះគន់​ពី​អ្នក​អភិរក្ស​ស្កុ​តឡែ​ន​ដែល​បានចង្អុលបង្ហាញ​នូវ​អ្វីដែល​ពួកគេ​និយាយថា​ជាការ​បញ្ចេញមតិ​ស្អប់ខ្ពើម​ជនបរទេស​ដែល​ធ្វើឡើង​ដោយ​លោក Torra អំពី​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​នៅ​តំបន់​កាតា​ឡាន​៕ AFP